ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ កាលពីថ្ងៃពុធទី២៥វិច្ឆិកា ប្រធានាធិបតីចិនលោកស៊ី ជីនភីងបានអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោកចូ បៃដិនចំពោះជ័យជម្នះរបស់លោក។
លោកស៊ីបានសម្តែងក្តីសង្ឃឹមសម្រាប់ “កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ” ចំពេលមានជម្លោះលើពាណិជ្ជកម្ម បច្ចេកវិជ្ជានិងសន្តិសុខដែលបានធ្វើឱ្យទំនាក់ទំនងរវាងចិន-អាម៉េរិកឈានដល់កម្រិតទាបបំផុតក្នុងប៉ុន្មានទសវត្សរ៍មកនេះ។
លោកបៃដិនត្រូវគេរំពឹងថានឹងព្យាយាមបន្តកិច្ចសហប្រតិបត្តិការជាមួយចិនលើបញ្ហាប្រទេសកូរ៉េខាងជើង ការផ្លាស់ប្តូរអាកាសធាតុ និងជំងឺរាតត្បាត បន្ទាប់ពីការប្រើវិធីសាស្ត្រប្រឈមមុខរបស់លោកត្រាំ ដែលបានចាប់ផ្តើមធ្វើសង្គ្រាមពន្ធគយនិងដាក់ទណ្ឌកម្មលើបណ្តាក្រុមហ៊ុនចិន។
ប៉ុន្តែក្រុមអ្នកវិភាគរំពឹងមានការផ្លាស់ប្តូរតិចតួចណាស់ចំពោះគោលនយោបាយសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាម៉េរិកដោយសារតែការមិនសប្បាយចិត្តខ្លាំងឡើងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងជុំវិញពាណិជ្ជកម្ម សិទ្ធិមនុស្ស និងចោរកម្មបច្ចេកវិជ្ជា។
ចិនបានក្លាយជារដ្ឋាភិបាលដ៏សំខាន់ចុងក្រោយមួយក្នុងការអបអរសាទរលោកបៃដិន ដែលឈ្នះឆ្នោតកាលពីពីរសប្តាហ៍មុន។ មិនមានការពន្យល់ណាមួយសម្រាប់ការពន្យារពេលអបអរនោះទេប៉ុន្តែអ្នកអត្ថាធិប្បាយមួយចំនួនបានលើកឡើងថាទីក្រុងប៉េកាំងចង់ចៀសវាងការធ្វើឱ្យរកាំរកូសទំនាក់ទំនងជាមួយលោកត្រាំ ដែលមិនទាន់បានទទួលស្គាល់បរាជ័យជាផ្លូវការនិងកំពុងនៅក្នុងតំណែងរយៈពេល ២ ខែទៀតរហូតដល់ថ្ងៃទី ២០ ខែមករា។
នៅក្នុងសារមួយទៅកាន់លោកបៃដិន លោកស៊ីនិយាយថា ទំនាក់ទំនង “ដែលមានសុខភាពល្អនិងស្ថិរភាព” គឺជាការរំពឹងទុកជាទូទៅរបស់សហគមន៍អន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់លោកស៊ីនិយាយថា “យើងសង្ឃឹមថាភាគីទាំងពីរនឹងប្រកាន់ខ្ជាប់ស្មារតីនៃការមិនមានទំនាស់និងការមិនប្រឈមមុខដាក់គ្នា ការគោរពគ្នានិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងការខ្វែងគំនិតគ្នានិងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាម៉េរិក ដែលមានសុខភាពល្អនិងស្ថិរភាព”។
សេចក្តីថ្លែងការណ៍នេះក៏និយាយដែរថាអនុប្រធានាធិបតីចិនវ៉ាង ឈីសានបានផ្ញើសារទៅកាន់លោកស្រី កាម៉ាឡា ហារីស ដើម្បីអបអរសាទរលោកស្រី ដែលជាប់ឆ្នោតជាអនុប្រធានាធិបតី៕
រូបឯកសារពេលលោកស៊ីជួបអនុប្រធានាធិបតី បៃដិន ក្នុងអំឡុងសម័យលោកអូបាម៉ា