ដោយៈ ភ្នំស្វាយ / កំពង់ធំៈ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ អាណត្តិទី ៣ ប្រចាំឆ្នាំ២០២០ នៅសាលាស្រុកស្ទោង ដោយគេសង្កេតឃើញថា ពលរដ្ឋ និងមន្ត្រីភូមិ ឃុំ បានបន្តលើកសំណូមពរ ដូចរាល់ដង ប៉ុន្តែបានថយចុះ បើធៀបនឹងលើកមុនៗ។
លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ធំ បានលើកឡើងថាៈ វេទិការនេះ គឺជាការផ្ដល់ឱកាស ជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក ជាមួយនឹងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់ប្រឹក្សា អំពីអាទិភាពនៃការអភិវឌ្ឍមូលដ្ឋាននានា នៃខេត្តកំពង់ធំ ប្រកបដោយចីរភាព និងប្រសិទ្ធភាព ។
លោកបានបញ្ជាក់ថាៈ រាល់បញ្ហា និងសំណូមពរ អនុសាសន៍នានា សម្រាប់កែលម្អដល់ ការអភិវឌ្ឍមូលដ្ឋាន នៃខេត្តនេះ ព្រោះយើងទាំងអស់គ្នា ចង់បាននូវការផ្ដល់សេវាសាធារណៈ អំពីរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យកាន់តែល្អប្រសើរ។
នៅឱកាសនោះ លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ បាននិយាយថាៈ ទាំងមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ជាតិ ខេត្ត ស្រុក ក្រុង និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ អំពីគុណភាព នៃការទទួលបានព័ត៌មាន អំពីទុក្ខកង្វល់របស់ ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបទល្មើសគ្រប់រូបភាព ត្រូវតែខិតខំដោះស្រាយ នូវសំណូមពរ ដែលប្រជាពលរដ្ឋ បានលើកឡើង ឱ្យបានរួសរាន់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យវេទិកាសាធារណៈ ទទួលបាននូវគុណប្រយោជន៍ ក្នុងការឆ្លើយតបពិត និងអោយស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
លោកបានស្នើអោយគ្រប់គ្នា ចូលរួមចំណែកជាមួយគ្នា ដើម្បីដោះបញ្ហា ដែលនៅសេសសល់ និងការងារចំពោះមុខ នៅនឹងមូលដ្ឋាន ការងារបង្កបង្កើនផល ស្តារឡើងវិញ និងការជួសជុល នូវហេដ្ឋារចនាសម្ព័ន្ធ រូបវន្តទាំងឡាយ ដែលមានការខូចខាត ដោយសារទឹកជំនន់ទឹកភ្លៀង កន្លងមកនេះ។
សូមបញ្ជាក់ថា ក្នុងអង្គវេទិកានេះ មានមេឃុំ និងសមាជិក មេភូមិ អនុភូមិ នៃឃុំសំព្រោជ ឃុំកំពង់ចិនជើង ព្រមទាំងប្រជាពលរដ្ឋ បានលើកឡើង នូវសំណួរ និងសំណូមពរ ចំនួន ២៨ ដើម្បីឱ្យក្រុមការងារ ឆ្លើយតប និងដោះស្រាយបញ្ហា ជូនពួកគាត់ មានដូចជា៖- ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព -ការងារអភិវឌ្ឍមូលដ្ឋាន ,ការផ្តល់សេវាសាធារណ: -ការធ្វើអត្តសញ្ញាណប័ណ្ណ , ការចុះសំបុត្រអត្រានុកូលដ្ឋាន , ការងារដីធ្លី និងការងារសាងសង់សំណង់, អគ្គិសនី, ប្រព័ន្ធប្រឡាយទឹក -បញ្ហាកន្លែងដាក់សំរាម និងសំរាម នៅក្នុងផ្សារជាដើម។
សំណូមពរ មតិយោបល់ ដែលជាកង្វល់នានាខាងលើ ត្រូវបានក្រុមការងារ ថ្នាក់ ខេត្ត ពិសេស មន្ត្រី ជំនាញ បានធ្វើការ ឆ្លើយតប បំភ្លឺ និងដោះស្រាយ ជូន ភ្លាមៗខ្លះ ទុកពេលក្រោយខ្លះ៕/V