ដោយៈ ភ្នំខៀវ / ប៉ៃលិនៈ សត្វជ្រូកចិញ្ចឹមជាច្រើនក្បាល របស់កសិករ ក្នុងខេត្តប៉ៃលិន បានឈឺងាប់ ជាបន្តបន្ទាប់ ក្រោយជំងឺរាតត្បាតសត្វគោ បានស្រាកស្រាន្ត។
កសិករក្នុងខេត្តប៉ៃលិនម្នាក់ ឈ្មោះ ជុំ ទិត្យ បានលើកឡើងថាៈ ចាប់តាំងពីពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២០ មក សត្វជ្រូកចិញ្ចឹមរបស់លោក បានកើតនូវជំងឺម្យ៉ាង មានអាការៈរមាស់ ពេញដងខ្លួន បែកពពុះមាត់ និងអត់ស៊ីបាយ បណ្តាលឱ្យស្គម ហើយងាប់ជាបណ្តើរៗ អស់ចំនួនជាង ១០ ក្បាល មិនដឹងមូលហេតុ។
ចំណែកកសិករម្នាក់ទៀត ឈ្មោះ ជុំ គា រស់នៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងដែរថាៈ បច្ចុប្បន្ន លោកចិញ្ចឹមជ្រូក ជាលក្ខណៈគ្រួសារ សរុបប្រមាណជាង ៣០ ក្បាល ។ កន្លងមកនេះ មានបញ្ហាកើតនូវ ជំងឺរ៉ាំរ៉ៃ រហូតដល់ងាប់ អស់ ៣ ក្បាល លោកមានការព្រួយបារម្ភជាខ្លាំង ខ្លាចក្រែងជំងឺខាងលើនេះ បានរាតត្បាត ទៅដល់ជ្រូកចិញ្ចឹម ផ្សេងៗទៀត។
អ្នកស្រី កែវ ស្រី ប្រកបរបរចិញ្ចឹមជ្រូក ដូចគ្នា បានប្រាប់ឱ្យដឹងដែរថាៈ ជាមួយការកើតឡើង នូវជំងឺជ្រូកនេះ លោកស្រី បានហៅពេទ្យសត្វឯកជន មកចាក់ថ្នាំព្យាបាលដែរ ដោយចំណាយ អស់ប្រាក់ជាច្រើន ប៉ុន្តែមិនបានជាសះស្បើយឡើយ ប្រការនេះ លោកស្រី សំណូមពរដល់មន្ត្រីជំនាញ ជួយចុះមកពិនិត្យ និងជួយសង្គ្រោះ ការប៉ះពាល់នេះផង។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២០នេះថាៈ ពាក់ព័ន្ធករណីជ្រូកឈឺនេះ គ្រាន់តែជាការកើតជំងឺធម្មតា តាមផ្ទះរបស់ប្រជាកសិករប៉ុណ្ណោះ តែវាមិនមែនជាការផ្ទុះឡើងនោះទេ ចំពោះមុខ មន្ត្រីរបស់លោក បាននឹងកំពុងតែចុះពិនិត្យ តាមដាន ដើម្បីអន្តរាគមន៍ហើយ ប៉ុន្តែវាមិនមែនជា ករណីធ្ងន់ធ្ងរនោះឡើយ៕/V
សត្វជ្រូកកសិករ មានអាការៈឈឺ ក្នុងទ្រុងចិញ្ចឹម (រូប:ភ្នំខៀវ)
សត្វជ្រូកកសិករ មានអាការៈឈឺ ក្នុងទ្រុងចិញ្ចឹម (រូប:ភ្នំខៀវ)