ដោយៈ ពៅនិមល / ភ្នំពេញៈ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) បានរៀបចំកិច្ចប្រជុំលើកទី១ ក្នុងគោលបំណង ដើម្បីពិនិត្យរបាយការណ៍ការងារ និងកំណត់ផែនការសកម្មភាព ដែលនឹងត្រូវអនុវត្ត ក្នុងបុព្វហេតុការពារសិទ្ធិ និងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ នៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័តមាន នៅក្រោយចប់កិច្ចប្រជុំថាៈ ដោយសារប្រព័ន្ធ និងគោលនយោបាយ ក្នុងកិច្ចការពារអ្នកប្រើប្រាស់របស់កម្ពុជា មានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់ ហើយកិច្ចការពារអ្នកប្រើប្រាស់នេះ ក៏ជាប្រធានបទថ្មីសន្លាង សម្រាប់ប្រជាជនកម្ពុជាដែរ តែក្រោយការធ្វើកំណែទម្រង់តួនាទី និងភារកិច្ចរួចមក អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវ គោលការណ៍ ក្នុងកិច្ចការពារអ្នកប្រើប្រាស់ ជាសកម្មភាពអាទិភាពចម្បង របស់អគ្គនាយដ្ឋាន និងរាជរដ្ឋាភិបាល។
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប បានអំពាវនាវឱ្យសាធារណៈជនទាំងអស់ ដែលមានបណ្តឹង ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិ អ្នកប្រើប្រាស់ អាចដាក់ពាក្យបណ្តឹង មកអគ្គនាយកដ្ឋាន តាមរយៈផេកហ្វេសប៊ុក ឬតាមរយៈអង្គភាពផ្ទាល់ក៏បាន។
លោកបានបន្តថាៈ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឲ្យប្រើប្រាស់ ដាក់ឱ្យអនុវត្តន នាខែវិចិ្ឆកា ឆ្នាំ២០១៩ កន្លងទៅ ក្នុងនោះ មាត្រា៥ បានចែងអំពី ការបង្កើតនូវគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់នេះឡើង។ តាមរយៈអាណត្តិ ដែលត្រូវបានផ្តល់ឱ្យ ដោយច្បាប់ អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ ក៏ត្រូវទទួលបានការឯកភាព ពីប្រមុខរាជរដ្ឋាភិបាល ផងដែរ ហើយសមាសភាពនៃ គណៈកម្មាធិការជាតិ តំណាងមកពីក្រសួង ស្ថាប័នចំនួន ១២ រូប៕/V