ដោយៈ ដេប៉ូ / ភ្នំពេញៈ កម្ពុជាខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងសំណល់ទូទៅ ក៏ដូចជា សំណល់ក្នុងសមុទ្រ ដោយបានធ្វើកាត់បន្ថយ ការប្រើប្រាស់ សម្ភារមួយទឹក និងសំណល់ប្លាស្ទិក។ ជាមួយគ្នានេះ ក្រសួង បានផ្តល់ជារ៉ឺម៉ក រថយន្តតូច ដើម្បីប្រមូលសំរាម នៅតាមទីក្រុងនានា បានធ្វើផ្ទេរតួនាទី និងថវិកា ដល់ថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម។ នេះជាការថ្លែងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
គូសបញ្ជាក់ថា នៅក្នុងពិធីចុះអនុស្សរណៈ យោគយល់គ្នា លើឯកសារគម្រោង ស្តីពីការទប់ស្កាត់ សំណល់ប្លាស្ទិកសមុទ្រ រវាងស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអបអរ ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែង ដើម្បីសម្រេចបាន គម្រោងនេះឡើង ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការការពារបរិស្ថាន ហើយលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន និងអង្គការសហប្រជាជាតិ ដែលបានជួយកម្ពុជា លើវិស័យនានា ក្រោយពីកិច្ចព្រមព្រៀងប៉ារីស។
លោក រដ្ឋមន្ត្រី បានលើកឡើង ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងសំណល់ទូទៅ ក៏ដូចជា សំណល់ក្នុងសមុទ្រ ដោយបានធ្វើកាត់បន្ថយ ការប្រើប្រាស់សម្ភារមួយទឹក និងសំណល់ប្លាស្ទិក ផ្តល់ជារ៉ឺម៉ក រថយន្តតូច ដើម្បីប្រមូលសំរាម នៅតាមទីក្រុងនានា បានធ្វើផ្ទេរតួនាទី និងថវិកាដល់ ថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម ក៏ដូចជាជំរុញការបង្កើត និងលើកទឹកចិត្តដល់សាលាមេត្រីភាពបរិស្ថាន និងអារាមមេត្រីភាពបរិស្ថាន។ រាជរដ្ឋាភិបាល ក៏បានសហការ និងជំរុញដល់វិស័យសាធារណៈ និងឯកជននានា ដើម្បីធ្វើការកាត់បន្ថយ និងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។
រដ្ឋមន្ត្រីក្រសួងបរិស្ថានៈ កម្ពុជា ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងសំណល់ទូទៅ ក៏ដូចជាសំណល់ក្នុងសមុទ្រ
ជាមួយគ្នានេះ លោក សាយ សំអាល់ បានថ្លែងដែរថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែង បន្ថែមទៀត ក្នុងការថែរក្សាបរិស្ថាន នៅតាមតំបន់ឆ្នេរសមុទ្រ ឱ្យល្អស្អាត។ ការរៀបចំដាក់ប្រព័ន្ធចម្រោះទឹកស្អាត សម្រាប់បរិភោគ ដើម្បីកាត់បន្ថយ សំណល់ប្លាស្ទិក និងការដាក់អំពូលពន្លឺព្រះអាទិត្យ ដើម្បីសន្សំសំចៃ ចរន្តអគ្គិសនី នៅតាមសាលារៀន និងនៅតាមទីធ្លាសាធារណៈនានា សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ដូចជាបាននិងកំពុងធ្វើ នៅលើទឹកដី ខេត្តព្រះសីហនុ។ ការអប់រំផ្សព្វផ្សាយ នៅតែជាចំណុចសំខាន់ជាងគេ ពិសេសការបញ្ជ្រាបចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន ទៅក្នុងកម្មវិធីសិក្សា ដើម្បីកែប្រែឥរិយាបថ របស់ប្រជាជន ពិសេសកុមារ និងយុវជន ដើម្បីជៀសវាង ក្នុងការបង្កើតសំរាម បើមិនចាំបាច់។
ដោយឡែក Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជាបានឱ្យដឹងថាៈ «ការបំពុលប្លាស្ទិក នៅតាមសមុទ្រ បានក្លាយជាវិបត្តិបរិស្ថាន ដ៏ធំបំផុតមួយ នៅក្នុងពិភពលោក។ ក្នុងកិច្ចប្រជុំកំពូល ប្រទេស G20 ដែលធ្វើឡើង នៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន បានប្រកាសអនុវត្ត គំនិតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឱ្យមាន ការចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិក នៅតាមសមុទ្រ។»
រដ្ឋមន្ត្រីក្រសួងបរិស្ថានៈ កម្ពុជា ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងសំណល់ទូទៅ ក៏ដូចជាសំណល់ក្នុងសមុទ្រ
លោកបានមានប្រសាសន៍ថាៈ ការកើនឡើង នូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមធំៗ ជាងគេ ក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ។ សម្ភារប្រើប្រាស់ ដែលធ្វើពីប្លាស្ទិក ដូចជាថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ ប៉ុន្តែការប្រើប្រាស់ ឥតសំចៃបែបនេះ បានបង្កនូវផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរ។ បរិមាណប្លាស្ទិកសរុប ក្នុងសកលលោកទាំងមូល បានកើនឡើងដល់ ៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំ មានប្លាស្ទិក ១៣ លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាម មួយឡាន ដឹកសំរាមពេញ រៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិក ប្រមាណ ៩០ ភាគរយ ដែលហូរចូលទៅក្នុងសមុទ្រ មានប្រភពពីទន្លេធំៗ ចំនួន ១០ ដែលក្នុងនោះ មានទន្លេមេគង្គ មួយផងដែរ។
គួរបញ្ជាក់ថា គម្រោងខាងលើនេះ ត្រូវបានអនុវត្តដោយ ក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបាន ជាអតិបរមានូវ ការបំពុលដោយសំណល់ ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមាន ការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)៕/V
រដ្ឋមន្ត្រីក្រសួងបរិស្ថានៈ កម្ពុជា ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងសំណល់ទូទៅ ក៏ដូចជាសំណល់ក្នុងសមុទ្រ