ដោយៈសរិទ្ធ/កណ្តាលៈបុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម បានត្រូវសមត្ថកិច្ចនគរបាលខេត្តកណ្តាលបញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។
អំពើឃាតកម្មនេះ គឺ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់លេខ១០១ផ្ទះសំណាក់ មង្គលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឃាតកររូបនេះ ឈ្មោះ ភីន ភីន អាយុ៣០ឆ្នាំ ។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ ទ័រ ទ័រ អាយុជាង១ឆ្នាំ ។
សមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំបានរត់ចោលប្តី ជាជនជាតិចិននិងកូនស្រីតូច របស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហារ មកជួលបន្ទប់លេខ១០១ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេលជាង១ខែមកហើយ ។
លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យបានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញម្តាយនៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នា រហូតមកដល់ថ្ងៃកើតហេតុ លុះស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែក ជាមួយម្តាយជនរងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះ ក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ ។
ពេលនោះ ស្រាប់តែជនសង្ស័យ បានយកកន្ត្រៃចាក់កូនខ្លួនឯងជាច្រើនកន្ត្រៃបណ្តាល អោយដេកស្លាប់លើពូកហើយចាក់ខ្លួនឯង បណ្តាលឲ្យមានរបួសស្នាម ៕