ដោយ: ចាន់តូ / ភ្នំពេញ: ទីតាំងហ្គេមអនឡាញមួយកន្លែង បើកលេងប្រមូលផ្តុំដោយសិស្សសាលា យុវជន យុវនារី ចូលលេង បង្កអសន្តិសុខក្នុងមូលដ្ឋាន ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌពោធិសែនជ័យ ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សអ្នកញៀនល្បែងចំនួន២០នាក់ ស្រី៦នាក់ ដកហូតកុំព្យូទ័របាន២៤គ្រឿង កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្ទះល្វែងគ្មានយីហោ ផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
តាមអាជ្ញាធរបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទីតាំងខាងលើលួចបើកលេងហ្គេមអ៊ីនធឺណេត ប្រមូលផ្តុំដោយ សិស្សសាលា យុវជន យុវនារី គេចសាលាមិនចូលរៀនសូត្រ ទើបកម្លាំងអាជ្ញាធរខណ្ឌនិងកម្លាំងសង្កាត់ចោមចៅ៣ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ ចុះទៅបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនមនុស្ស២០នាក់ ប្រុស១៤នាក់ ស្រី៦នាក់ ដកហូតកុំព្យូទ័រចំនួន២៤គ្រឿង។
មនុស្សញៀនល្បែងអនឡាញទាំង២០នាក់ និងសម្ភារៈពាក់ព័ន្ធ ត្រូវបាននាំយកទៅសាលាខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការអប់រំ ធ្វើកិច្ចន្យា បញ្ឈប់គេចសាលា មុននឹងឲ្យវិលត្រឡប់ទៅផ្ទះវិញ៕