ដោយ: ចាន់តូ / ភ្នំពេញ: អគ្គិភ័យបានឆាបឆេះសំបកបាវចាស់ៗរោងម៉ាស៊ីនកិនស្រូវមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្មករ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញជួយបាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍គ្រោះ អគ្គិភ័យនេះបានកើតឡើងកាលវេលាម៉ោង៩នឹង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។
ម្ចាស់ឃ្លាំងឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ: សម្ងួតស្រូវ។
បើប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្កាភ្លើងខ្ទាតចេញពីឡត៍ដុតកំទេចក្រណាត់ឆេះសំបកបាវចាស់ៗ បង្កឲ្យក្លាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ថៅកែនិងក្រុមកម្មករ ជួយនាំគ្នាយកទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ តែដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេក ទើបរាយការណ៍ទៅសមត្ថកិច្ចខណ្ឌដង្កោ សហកាជាមួយកម្លាំងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋានខេត្តកណ្តាល រួមនិងរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀកម្ពុជា ជាច្រើនគ្រឿងចេញមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១០និង០០នាទីថ្ងៃដដែល។ សម្ភារៈខូចខាត: រោងដាក់សំបកបាវទំហំ ៣ម៉ែត្រ x២០ ម៉ែត្រ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆេះខាងលើនេះ បណ្តាលមកពីខ្ទាតផ្កាភ្លើងចេញពីឡត៍ដុតកំដៅស្រូវប៉ះចំកំទេចក្រណាត់សំបកបាវបង្កជាអគ្គិភ័យ។ ក្នុងហេតុការណ៏នេះផងដែរ មិនបណ្តាលឲ្យមាននណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរោងម៉ាស៊ឺនកិនស្រូវមួយចំនួនប៉ុណ្ណោះ៕