ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា / ភ្នំពេញ​: រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី ប្រារព្ធ ទិវា​សាធារណរដ្ឋ របស់​ពួកគេ​នៅ​ថ្ងៃទី ២៦ ខែ វិច្ឆិកា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​បង្កើត​របប​សាធារណរដ្ឋ និង អនុម័ត​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ពួកគេ កាលពី​ឆ្នាំ ១៩២៤ ។ ម៉ុង​ហ្គោ​លី ធ្លាប់ជា​រដ្ឋ​ចក្រភព ដ៏​ធំជាងគេ​បំផុត​ក្នុង​លោក​ដោយមាន​ផ្ទៃដី​ប្រមាណ​ជា ២២ ភាគរយ នៃ ផ្ទៃដី​ពិភពលោក​ទាំងមូល សូម្បីតែ​ប្រទេស ចិន ក៏​ធ្លាប់ជា​ទឹកដី​របស់ ម៉ុង​ហ្គោ​លី ដែរ ។ ប៉ុន្តែ​ក្រោយមក ម៉ុង​ហ្គោ​លី ក្លាយជា​រដ្ឋ​ចំណុះ​របស់ ចិន វិញ ទម្រាំ​រើបម្រះ​រួច​ត្រូវ​ប្រើពេល​យ៉ាងយូរ ។​

ស្តេច បុក ខាន់ នៃ ម៉ុង​ហ្គោ​លី ដែលជា​អ្នកដឹកនាំ​ប្រកាស​ឯករាជភាព ម៉ុង​ហ្គោ​លី

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស ម៉ុង​ហ្គោ​លី មាន​ផ្ទៃដី ១.៥៦៤.១១៦ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ទ្វីបអាស៊ី ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស ចិន រុ​ស្ស៊ិ និង កា​ហ្សា​ក់​ស្ថាន ។ ឆ្នាំ ២០២០ មាន​ប្រជាពលរដ្ឋ​ជាង ៣ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ទី​បេ​ត៍ និង សាសនា ហ្សា​ម៉ាន់ ដែល​គោរព​ផ្ទៃមេឃ​ពណ៌​ខៀវ​ជា​ព្រះ ។ ភាសាផ្លូវការ​គឺ​ភាសា ម៉ុង​ហ្គោល រដ្ឋធានី​គឺ​ទីក្រុង អ៊ូ​ឡង់​បា​ទ័​រ ។​

ប្រវត្តិសាស្ត្រ​
​ពួក​បុរាណ​វិទូ បាន​រកឃើញថា ទឹកដី​ដែលជា​ប្រទេស ម៉ុង​ហ្គោ​លី បច្ចុប្បន្ននេះ មាន​មនុស្ស​បុរាណ​រស់នៅ​តាំងពី​ជាង ៨៥.០០០ ឆ្នាំមុន​មកម្ល៉េះ ហើយ​មនុស្ស​សម័យ​ទំនើប​រស់នៅ​លើទឹក​ដី​នេះ តាំងពី​ជា ៤០.០០០ ឆ្នាំ​មកហើយ ។ ជនជាតិ ម៉ុង​ហ្គោ​លី ជា​ជនជាតិ​ពូកែ​ជិះសេះ​តាំងពី​ចន្លោះ​ឆ្នាំ ៣៥០០-២៥០០ ឆ្នាំមុន​គ្រិស្តសករាជ ។ ទោះយ៉ាងណា ការរស់នៅ​របស់​ជន​ជាតិ​ទាំងនោះ គឺមាន​លក្ខណៈ​ជា​កុម​ល​សម្ព័ន្ធ តូចធំ​តែប៉ុណ្ណោះ មិនទាន់​ក្លាយជា​រដ្ឋ ឬ នគរ​ពេញលេញ​ឡើយ ។ ម៉ុង​ហ្គោ​លី ក្លាយជា​រដ្ឋ​ពេញលេញ​នៅពេល​បង្កើត​រាជវង្ស សុង​នូ នៅ​ឆ្នាំ ២០៩ មុន​គ្រិស្តសករាជ ។​
​នៅ​ឆ្នាំ ២០០ មុន​គ្រិស្តសករាជ រាជវង្ស សុង​នូ ម៉ុង​ហ្គោ​លី បាន​គំរាមកំហែង​ដល់​រាជវង្ស ហាន ចិន យ៉ាងខ្លាំង រហូត ចិន ត្រូវបញ្ជូន​ព្រះ​នាង​របស់ខ្លួន​ទៅ​រៀប​អភិសេក​ជាមួយ​រាជវង្ស សុង​នូ ដើម្បី ចងមេត្រី និង យក​តង្វាយ​ថ្វាយ​ស្តេច សុង​នូ របស់ ម៉ុង​ហ្គោល ។ ប៉ុន្តែ​ចំណង​មេត្រីភាព​នោះ មិនបាន​ល្អូកល្អិន​ឡើយ គឺ​ទំនាស់​ចេះតែមាន​ជា​បន្តបន្ទាប់ ។​
​ចាប់ពី ឆ្នាំ ១១៣ មុន​គ្រិស្តសករាជ ស្តេច​រាជវង្ស ហាន ចិន បាន​ត្រៀម​រៀបចំ​កងទ័ព​តទល់​នឹង សុង​នូ វិញ នាំឱ្យ​សង្គ្រាម​រវាង ហាន និង សុង​នូ បាន​ផ្ទុះឡើង​ពេញ​រូបរាង ។ គិត​ត្រឹម​ឆ្នាំ ១០៩ មេទ័ព ហាន បាន​ជ័យជម្នះ​លើ សុង​នូ និង ត្រួតត្រា​លើ​តំបន់​យុទ្ធសាស្ត្រ​ជាច្រើន​របស់ សុង​នូ ហើយ​ឆ្នាំ ១០៥ មុន​គ្រិស្តសករាជ សុង​នូ ត្រូវបាន ចិន ដាក់បញ្ចូល​ក្នុង​សម្ព័ន្ធ​របស់ខ្លួន ( ចិន ) ។​
​សង្គ្រាម​ផ្ទៃក្នុង​របស់ សុង​នូ ក៏ដូចជា​សង្គ្រាម រវាង ចិន និង ម៉ុង​ហ្គោ​លី ក៏​ចេះតែមាន​ជា​ហូរហែ ធ្វើឱ្យ សុង​នូ ម៉ុង​ហ្គោ​លី បែកបាក់​ទៅជា​កុលសម្ព័ន្ធ​ជាច្រើន ។​

​មហា​ម៉ុង​ហ្គោ​លី ធំ​លេខ ១ ក្នុង​លោក​
​នៅ​អំឡុង​សតវត្សរ៍​ទី ១២ ខណៈដែល សុង​នូ កំពុង​បាក់បែក​ផ្ទៃក្នុង ហើយ ហាន ចិន ជ្រៀតជ្រែក​ផង​នោះ កូនប្រុស នៃ មេ​កុលសម្ព័ន្ធ​ម្នាក់​របស់ ម៉ុង​ហ្គោល ឈ្មោះ ធា​មុ​ជិន បាន​ឡើងកាន់​អំណាច ហើយ​បានធ្វើ​សង្គ្រាម បង្រួបបង្រួម​កុលសម្ព័ន្ធ​នានា​ពី​ចន្លោះ​តំបន់ ម៉ាន់​ជូ និង តំបន់ភ្នំ អាល់​ថា​យ ។ កុលសម្ព័ន្ធ​ទាំងនោះ​មាន កុលសម្ព័ន្ធ ណៃ​ម៉ាន់ , មេ​គីត , ថា​ថា , និង កុលសម្ព័ន្ធ​ខា​ម៉ាក ម៉ុង​ហ្គោល ដែល​ធ្លាប់តែ​អមិត្ត​នឹង​គ្នា មក​នៅក្រោម​ការគ្រប់គ្រង​របស់គាត់ ហើយ​ទទួលបាន​ងារ ជា ជែ​ន​ហ្គី​ស ខាន់ ( ឬ ហ្ស៊ី​សាខា​ន់​= អ​ធិ​រាជ្យ ) នៅ​ឆ្នាំ ១២០៦ នៃ គ្រិស្តសករាជ ។
​ព្រះ​អ​ធិ​រាជ្យ ធា​មុ​ជិន បន្តធ្វើ​សង្គ្រាម​ពង្រីក​ទឹកដី​ង្កើ​ត​ចក្រភព ម៉ុង​ហ្គោ​លី ដ៏​មហា​វិសាលភាព និង ជា​ចក្រភព ដ៏​មាន​ទឹកដី​ធំជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ។ ទឹកដី​របស់ ម៉ុង​ហ្គោ​លី ពេលនោះ ខាងលិច ចាប់ពី​ប្រទេស អ៊ុយ​ក្រែ​ន បច្ចុប្បន្ន ទៅ​កើត​ដល់​ប្រទេស កូរ៉េ ភាគ​ខាងជើង​ទល់​តំបន់ ស៊ី​បេ​រី ចំណែក​ភាគខាងត្បូង ចាប់ពី​សមុទ្ទ អូ​ម៉​ង់ និង វៀតណាម ដែលមាន​ផ្ទៃដី​ប្រមាណ​ជា ៣៣ លា​គីឡូ​ម៉ែត្រក្រឡា ស្មើនឹង ២២ ភាគរយ នៃ ផ្ទៃដី​ពិភពលោក​ទាំងមូល ហើយ​មាន​ប្រជាពលរដ្ឋ​ជាង ១០០ លាន​នាក់ គឺ​ប្រមាណ​ជា ១ ភាគ ៤ នៃ មនុស្ស​ទាំងអស់​ក្នុង​លោក នា​សម័យ​កាលនោះ ។
​ព្រះ​ចៅ​អ​ធិ​រាជ្យ ជែ​ន​ហ្គី​ស ខាន់ បាន​សោយ​ទិវង្គត នៅ​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ១២២៧ ។ បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​ទ្រង់ ចក្រភព ម៉ុង​ហ្គោ​លី បាន​បែកបាក់​ជា អាណាចក្រ​ចំនួន ៤ ហើយ​ក្នុង​អាណ​ចក្រ​ទាំង ៤ នោះ មាន​ស្តេច​មួយអង្គ​គ្រប់គ្រង ដោយមាន​អ​ធិ​រាជ្យ ម៉ុង​គេ ខាន់ ជា​ព្រះ​អ​ធិ​រាជ្យ ។​

ម៉ុង​ហ្គោល​បែកបាក់​
​ព្រះ​អ​ធិ​រាជ្យ ម៉ុង​គេ ខាន់ សោយ​យ​ទិវង្គត​នៅ​ឆ្នាំ ១២៥៩ ដោយ​មិនបាន​ប្រកាស​ផ្ទេរតំណែង​ជា ព្រះ​អ​ធិ​រាជ្យ ទៅឱ្យ​ស្តេច អង្គ​ណាមួយ​ជា​អ្នក​ស្នង​ឡើយ ។ ស្តេច នៃ អាណាចក្រ​ចំណុះ​ទាំង ៤ នោះ បាន​ឈ្លោះទាស់ទែង​ខ្វែងគំនិត​គ្នា​ដណ្តើម​ធ្វើជា​អ​ធិ​រាជ្យ នាំឱ្យមាន​សង្គ្រាម ស៊ីវិល ដែល​គេ​ឱ្យ​ឈ្មោះថា សង្គ្រាម ស៊ិ​វិល Toluid ពី​ឆ្នាំ ១២៦០-១២៦៤ ធ្វើឱ្យ​អាណាចក្រ​ទាំងនេះ ស្ទើរតែ​ក្លាយជា​នគរ​ឯករាជ្យ​រៀងៗ​ខ្លួន​ទៅហើយ ។​

​អាណាចក្រ ដ៏​ធំជាងគេ​ឈ្មោះថា មហា​អាណាចក្រ ដែល​គ្របដណ្តប់​ទៅដោយ ទឹកដី​ដើម នៃ ប្រទេស ម៉ុង​ហ្គោល និង ប្រទេស ចិន បាន​បង្កើត​រាជវង្ស មួយ ឈ្មោះថា រាជវង្ស យាន ( គឺជា​រាជវង្ស យាន ដែល​ត្រួតត្រា​ប្រទេស ចិន ឬ និយាយ​ម្យ៉ាង​ទៀតថា រាជវង្ស យាន​របស់ ចិន ត្រូវបាន​បង្កើត​ដោយ ជនជាតិ ម៉ុង​ហ្គោល ) ដោយមាន​ស្តេច គូ​ប្លៃ ខាន់ ( ចៅ​របស់ ជែ​ន​ហ្គី​ស ខាន់ ) សោយរាជ្យ ។ ព្រះអង្គ គូ​ប្លៃ ខាន់ បាន​កសាង​រាជធានី​របស់​ព្រះអង្គ​នៅ​ទីក្រុង ប៉េកាំង ប្រទេស ចិន បច្ចុប្បន្ននេះ ។​

​បន្ទាប់ពី​បាន​គ្រប់គ្រង​ទឹកដី ចិន និង ម៉ុង​ហ្គោល អស់​ជាង​មួយ​សតវត្សរ៍​មក រាជវង្ស យាន ត្រូវបាន​ផ្តួលរំលំ​ជំនួស​ដោយ​រាជវង្ស ម៉េង នៅ​ឆ្នាំ ១៣៦៨ ចំណែក​មេដឹកនាំ ម៉ុង​ហ្គោល បាន​ភៀសខ្លួន​ទៅ​ភាគ​ខាងជើង នៃ ប្រទេស គឺ​ទឹកដី ម៉ុង​ហ្គោល ដែលជា​ទឹកដី​កំណើត​របស់​ពួកគេ ។ កង ទ័ព ម៉េង បាន​ដេញតាម​សម្លាប់​អ្នក​ទាំងនោះ​រហូតដល់​ទឹកដី ម៉ុង​ហ្គោ​លី និង បាន​កាន់កាប់ ទីក្រុង​មួយចំនួន​របស់ ម៉ុង​ហ្គោល ។ ប៉ុន្តែ​ទីបំផុត ត្រូវ​កងទ័ព ម៉ុង​ហ្គោល វាយ​បណ្តេញ​កងទ័ព ចិន ទាំងនោះ​ចេញពី​ទឹកដី​ម៉ុង​ហ្គោល មក​ទឹកដី ចិន វិញ​។​
​រាជវង្ស យាន របស់ ម៉ុង​ហ្គោល បាន​បន្ត​ត្រួតត្រា​ទឹកដី ដើម​របស់ ម៉ុង​ហ្គោ​លី ដែល​គេ​ហៅថា រាជវង្ស យាន ខាងជើង ។
​ប៉ុន្មាន​សតវត្សរ៍​តពីនោះមក សង្គ្រាម​ផ្ទៃក្នុង ម៉ុង​ហ្គោល និង សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស ចិន ក៏ដូចជា​ការ​លួច​វាយឆ្មក់​ទៅលើ ប្រទេស ចិន បានកើត​ឡើងជា​ហូរហែ នាំឱ្យ ម៉ុង​ហ្គោល ដ៏​ធ្លាប់តែ​ជា​ប្រទេស​ធំ​បំផុត​លើ​លោក មក​នៅត្រឹមតែ​ជា​ប្រទេស តូច​មួយ មានការ​បែកខ្ញែក​គ្នា​ជា​ផ្នែក​តូចៗ​។ លុះដល់​ដើម​សតវត្សរ៍​ទី ១៦ ទើប ម៉ុង​ហ្គោល ត្រូវបាន​វាយ​បង្រួប​ប​បង្រួម​គ្នា​ឡើងវិញ​ក្រោម​ការដឹកនាំ​របស់ ស្តេច ដា​យ៉ាន់ ខាន់ ។ ចៅ​របស់ ដា​យ៉ាន់ ខាន់ ឈ្មោះ អាល​តាន់ ខាន់ ជួប​សម្តេច ដា​ឡៃ​ឡា​ម៉ា នៅ​ឆ្នាំ ១៥៧៨ ហើយ​បាន​នាំ​ព្រះពុទ្ធសាសនា ទី​បេ​ត៍ ចូល​ប្រទេស ម៉ុង​ហ្គោល ។ ចាប់ពីពេលនោះ​មក ទាំង​អ្នកដឹកនាំ និង ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី បាននាំគ្នា​កាន់​ព្រះពុទ្ធសាសនា ។

​ធ្លាក់​ជា​ចំណុះ ចិន​
​ខាន់ ចុងក្រោយ​របស់ ម៉ុង​ហ្គោ​លី គឺ លី​គ​ដេ​ន ខាន់ នៅ​អំឡុង​ដើម​សតវត្សរ៍​ទី ១៧ ។ ស្តេច ឬ ខាន់ អង្គ​នេះ មាន​ជម្លោះ​ជាមួយ​ជនជាតិ ម៉ាន់​ជូ ចិន ជុំវិញ ការ​លួច​ប្លន់​នៃ​ទីក្រុង​នានា​របស់ ចិន និង ធ្វើឱ្យ​កុលសម្ព័ន្ធ ម៉ុង​ហ្គោល ភាគច្រើនបំផុត​ប្រេះឆា​គ្នា ។ ស្តេច​អង្គ​នេះ បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ ១៦៣៤ ។ គិត​ត្រឹម​ឆ្នាំ ១៦៣៦ កុលសម្ព័ន្ធ​ច្រើន​បំផុត នៅ​ភាគ​ខាងក្នុង នៃ ប្រទេស​ម៉ុង​ហ្គោល បាន​ចុះចូល​ជាមួយ​ពួក​ជនជាតិ ម៉ាន់​ជូ ។
​រាជវង្ស ឆេង ( ង​ក្រោយ​បំផុត​របស់ ចិន ) បាន​ផ្តួលរំលំ​រាជវង្ស​ម៉េង ហើយ​ឡើង​គ្រប់គ្រង​ប្រទេស ចិន នៅ​ឆ្នាំ​១៦៤៤ ( ដល់​ឆ្នាំ ១៩១១ ) ។ ប្រទេស ម៉ុង​ហ្គោល ទាំងមូល​បាន​ចុះចូល​ជា​ចំណុះ​ជនជាតិ ម៉ាន់​ជូ ហើយ​បាន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ រាជវង្ស ឆេង ទាំងស្រុង​នៅត្រឹម​ឆ្នាំ ១៦៩១ ។ ចំណែក​របប​គ្រប់គ្រង​ភាគ​ខាងលិច នៃ ប្រទេស ម៉ុង​ហ្គោល បាន​រលាយ​សាបសូន្យ​ដោយសារ​ការឈ្លានពានរ​បស់ រាជការ ឆេង ពី​ឆ្នាំ ១៧៥៧-១៧៥៨ ។ រាជការ ឆេង បាន​គ្រប់គ្រង ម៉ុង​ហ្គោល តាមរយៈ​ចំណងមិត្តភាព ចំណងអាពាហ៍ពិពាហ៍​ទៅវិញទៅមក វិធានការ​សេដ្ឋកិច្ច និង វិធានការ​យោធា រហូតដល់​ឆ្នាំ ១៩១១ ជា​ពេល​ទី​អវសាន នៃ រាជការ ឆេង ។​

ទីក្រុង អ៊ូ​ឡង់​បារ​ទ័​រ នៃ ប្រទេស ម៉ុង​ហ្គោ​លី

​ចលនា​ឯករាជភាព ម៉ុង​ហ្គោ​លី​
​បន្ទាប់ពី​ដួលរលំ​រាជការ ឆេង ទៅ របប សាធារណរដ្ឋ ចិន ត្រូវបាន​ប្រកាស​បង្កើត​ឡើង ដោយមាន​ឧ​ត្ត​ម​សេនីយ យាន ស៊ី​ខាយ ជា​ប្រធានាធិបតី ។
​មើលឃើញ​ឱកាសល្អ ខណៈដែល​អំណាចកណ្តាល គឺ រាជការ ឆេង ដួលរលំ ដូច្នោះ ស្តេច បុក ខាន់ ( អតីត​ជា​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ) បា​ដឹកនាំ​ប្រទេស ម៉ុង​ហ្គោ​លី ប្រកាស​ឯករាជភាពរ​បស់​ខ្លួន​ពី ចិន ។ ប៉ុន្តែ​សាធារណរដ្ឋ ចិន ថ្មោងថ្មី នៅតែ​ចាត់ទុកថា ម៉ុង​ហ្គោល គឺជា​ផ្នែក​មួយ នៃ ប្រទេស ចិន ។ ប្រធានាធិបតី ចិន យាន ស៊ី​ខាយ បាន​លើក​ហេតុផល​ថា សាធារណរដ្ឋ ចិន គឺជា​អ្នក​ស្នង​បន្ត​ពី រាជការ ឆេង ដូច្នេះ មាន​សិទ្ធិ​គ្រប់គ្រង ម៉ុង​ហ្គោល បន្ត​ពី រាជការ ឆេង ដែរ ។​
​ប៉ុន្តែ​ស្តេច បុក ខាន់ បាន​លើក​ហេតុផល​ថា ម៉ុង​ហ្គោល និង ចិន ត្រូវបាន​ត្រួតត្រា​ដោយ​ជនជាតិ ម៉ាន់​ជូ អំឡុង​រជ្ជកាល ឆេង ។ លុះ​បន្ទាប់ពី​រាជការ ឆេង ដួលរលំ​ទៅ កិច្ចសន្យា​ដាក់ ម៉ុង​ហ្គោល ជា​ចំណុះ ម៉ាន់​ជូ នោះ​ក្លាយទៅជា​អស់​សុពលភាព ។
​ក្នុង​បដិវត្តន៍​ប្រកាស​ឯករាជភាព​របស់ ម៉ុង​ហ្គោ​លី នេះ កងទ័ព រុស្ស៊ី បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ ពួក​អ្នក​ជាតិនិយម​ម៉ុង​ហ្គោ​លី ។ តាមពិត ការជួយ​របស់ រុស្ស៊ី ដល់​ម៉ុង​ហ្គោ​លី នោះ មិនមែន​មានបំណង​ស្វែងរក​សេរីភាព​ជូន​ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី ទេ ប៉ុន្តែ ក៏​ព្រោះតែ​ចង់ឱ្យ ម៉ុង​ហ្គោ​លី ក្លាយជា​រដ្ឋ​ឯករាជ្យ នោះ រដ្ឋ​មួយ​នេះ​នឹង​បាន​ក្លាយជា​ទ្រនាប់​របស់ រុស្ស៊ី ពី ចិន តែប៉ុណ្ណោះ ។ អ្វី​ដែលជា​បំណង​បង្កប់​ក្នុង​ចិត្ត​មួយទៀត​ដែល រុស្ស៊ី​មិន​និយាយ​ចេញ ប៉ុន្តែ​គេ​អាច​មើលឃើញ​នោះ គឺថា បើ ម៉ុង​ហ្គោល របូត​ចេញពី​ដៃ ចិន នោះ ម៉ុង​ហ្គោល នឹង​ក្លាយជា​រដ្ឋ​ដ៏​ទន់ខ្សោយ​មួយ ។ បើ​បែប​នោះ រុស្ស៊ី ងាយ​នឹង​លេប​ត្របាក់ ម៉ុង​ហ្គោល ជំនួស ចិន វិញ​ម្តង ។​

​ជា​អកុសល នៅ​ខែ តុលា ឆ្នាំ ១៩១៩ មាន​បដិវត្តន៍​ផ្ទុះឡើង ធ្វើឱ្យ​រុស្ស៊ី រវល់​វក់វីរ​នឹង​រឿង​ផ្ទះ​ក្នុង​របស់ខ្លួន ក៏​មិនអាច​ធ្វើជា​បង្អែក​ដល់ ម៉ុង​ហ្គោល ទៀតឡើយ ។ ដោយហេតុនេះ នៅ​ឆ្នាំ ១៩៩១ នោះ កងទ័ព ចិន បាន​ចូលលុកលុយ កាន់កាប់ ម៉ុង​ហ្គោល ម្តង​ទ​ទៀត ។​

​ដោយ​មិនអាច​ឈរ​អោបដៃ​មើល ចិន លេប​ត្របាក់ ម៉ុង​ហ្គោល ព្រោះ​បារម្ភ​ថា ចិន ចូលមក​ដល់​របង​ផ្ទះ​ខ្លួន​តាមរយៈ ម៉ុង​ហ្គោល នេះ ទើប​នៅ​ឆ្នាំ ១៩២០ កងទ័ព​រុស្ស៊ី ចូលធ្វើ​សង្គ្រាម​បណ្តេញ​កងទ័ព ចិន ចេញ ពី​ម៉ុង​ហ្គោល បាន​ដោយ​ជោគជ័យ​នៅ​ដើមខែ កុម្ភៈ ឆ្នាំ ១៩២១ ដោយមាន​ការជួយ​រួមចំណែក​ពី​ជនជាតិ ម៉ុង​ហ្គោ​លី ។​
​ដើម្បី​លប់បំបាត់​ការគំរាមកំហែង​ពី ចិន ទៅ​ថ្ងៃមុខ ទើប បក្ស បុល​សេ​វិក សូ​វៀត សម្រេចចិត្ត ជួយ​បង្កើត​ចលនា​កុ​ម្មុយ​និ​ស្ត និង កងទ័ព ម៉ុង​ហ្គោ​លី ។ នៅ​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៩២១ នោះ គណបក្ស ប្រជាជន ម៉ុង​ហ្គោ​លី បង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​រក្សា ស្តេច បុក ខាន់ ជា​ប្រមុខរដ្ឋ ប្រកាស​ឯករាជភាពរ​បស់​ខ្លួន​ម្តងទៀត ។ ចាប់ពីពេលនោះ​មក ម៉ុង​ហ្គោ​លី និង សហភាព សូ​វៀត បាន​ក្លាយជា​សម្ព័ន្ធ​នឹង​គ្នា​របស់​រយៈពេល ៧ ទសវត្សរ៍ ។

​ឥទ្ធិពល​របស់ សូ​វៀត ទៅលើ ម៉ុង​ហ្គោល ក៏​ចេះតែ​ខ្លាំង​ទៅៗ ។ ការតស៊ូ​របស់​អ្នក​ជាតិនិយម ម៉ុង​ហ្គោ​លី និង សូ​វៀត ក៏មាន​យ៉ាង​ជូរចត់​ណាស់ដែរ ។ ឆ្នាំ ១៩២៤ ស្តេច បុក ខាន់ ត្រូវបាន​គេ​ធ្វើគ​ត ដែល​គេ​សង្ស័យថា ជា​ស្នាដៃ​របស់​ចារកិច្ច សូ​វៀត ។

​បន្ទាប់ពី​ស្តេច បុក ខាន់ ត្រូវបាន​ធ្វើឃាត គណបក្ស បដិវត្តន៍ ប្រជាជន ម៉ុង​ហ្គ​លី បានប្រកាស​បង្កើត រដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមានិត ម៉ុង​ហ្គោ​លី នៅ​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ១៩២៤ ហើយ​រដ្ឋធម្មនុញ្ញ​ដំបូង​របស់ ម៉ុង​ហ្គោ​លី ក៏ត្រូវ​បានអនុម័ត​នៅពេល​នេះដែរ ។ ប្រទេស​ម៉ុង​ហ្គោ​លី ក៏​ក្លាយជា​រដ្ឋ​គ្រប់គ្រង​ដោយ​របប​កុ​ម្មុយ​និ​ស្ត​ជា​ផ្លូវការ​ចាប់ពីពេលនោះ ។​
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ុង​ហ្គោ​លី ប្រារព្ធ​ទិវា​សា​ធាណ​រដ្ឋ របស់​ពួកគេ ដើម្បី រំលឹក​ដល់​ព្រឹត្តិការណ៍​នោះឯង ៕