ដោយៈតារារិទ្ធ/ភ្នំពេញ៖លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផលបានថ្លែងឲ្យដឹងថាការងារវារីវប្បកម្មសម្រាប់ឆ្នាំ២០២០ នេះមានការ កើនប្រមាណជា ៣០ ភាគរយ ដែលអាចផ្គត់ផ្គង់តម្រូវការហូប ចុកក្នុងស្រុកបានគ្រប់គ្រាន់ ។ ក៏ប៉ុន្តែកម្ពុជានៅតែមានតម្រូវការក្នុងការនាំចូលផលនេសាទសមុទ្រពី ក្រៅប្រ ទេសប្រមាណជា ១៥,០០០តោនក្នុង១ឆ្នាំៗដោយសារថាផលនេសាទទាំងនេះកម្ពុជាមិនមាននោះទេដូចជាមឹកយក្ស បង្កងយក្ស ក្តាមយក្ស ត្រីសាមុននិងត្រី ធូណា ជាដើម ដើម្បីបំពេញតម្រូវការជនបរទេស។
លោក អេង ជាសាន បានឲ្យដឹងបែបនេះនៅក្នុងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «កិច្ចអន្ដរាគមន៍ឆ្លើយតបនឹងការស្ដារឡើងវិញបន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ក្នុងផលិតកម្មកសិកម្ម» ដែលរៀបចំឡើងដោយអង្គ ភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី ២៦ខែវិច្ឆិកានេះ។
លោក អេង ជាសានបានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានយកចិត្តទុកដាក់ខ្លាំងទៅលើការងារវារីវប្បកម្មដែលក្នុងរយៈ ពេល ៥ ឆ្នាំចុងក្រោយនេះការងារវារីវប្បកម្មនៅកម្ពុជាមានកំណើនជាមធ្យមប្រមាណ ២០ ភាគរយក្នុងមួយឆ្នាំ។ ដោយឡែកឆ្នាំ ២០២០ នេះដោយមានការយកចិត្ត ទុកដាក់ជំរុញខ្លាំងពីប្រមុខរាជរដ្ឋាភិបាលផងនោះការងារវារីវប្បកម្មមានកំណើនរហូតដល់៣០ភាគរយ ស្មើនិងទិន្នផល ៤០០ ពាន់តោន ។
លោក អេង ជាសាន បានបន្តថាកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ថវិកាចំនួនកន្លះលានដុល្លារស្មើនិងប្រមាណ២០០០ លានរៀលដល់រដ្ឋបាលជលផលដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន ១0 សម្រាប់ការចិញ្ចឹមត្រីអណ្តែងក្នុងតង់ និង ការចិញ្ចឹមអន្ទង់ ។ លោក អេង ជាសាន
បានឲ្យដឹងថាមកដល់ពេលនេះរដ្ឋបាលជលផលបានផ្ដល់ឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីអណ្ដែងនៅក្នុងតង់និងចិញ្ចឹមកង្កែបបានប្រមាណជាង ១ ពាន់គ្រួសារ ហើយនិង ពង្រីកបន្ថែមទៅកាន់ខេត្តចំនួន៥ ទៀតនៅជុំវិញបឹងទន្លេសាប ។
លោក អេង ជាសាន បានឲ្យដឹងទៀតថាជាមួយនេះរដ្ឋបាលជលផលនៅមានថវិកាដែលត្រៀមរៀបចំដោយជំនួយរបស់សហគមន៍អឺរ៉ុបក្នុងកម្មវិធីជួយដល់វិស័យវារី វប្បកម្មដែលនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ,ហើយគោលដៅនៃការជួយនេះពាក់ព័ន្ធទៅដល់ការងារចិញ្ចឹមត្រីអណ្ដែងនៅក្នុងតង់និងការចិញ្ចឹមកង្កែបនៅគ្រប់ ខេត្តក្រុងដែលមានប្រមាណ ២២០០ គ្រួសារបន្ថែមទៀត ៕