ដោយ: ប.ខុន / ភ្នំពេញ: កិច្ចប្រជុំក្រុមប្រឹក្សា MRCលើកទី២៧និងកិច្ចប្រជុំ ពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ ដែលបានរៀបចំធ្វើតាម ប្រព័ន្ធ វីដេអូនៅសណ្ឋា គារសូហ្វីតែល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០ ដឹកនាំដោយលោក សូមេត ផូសេនា (Sommad Pholsena) រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាសមាជិកក្រុមប្រឹក្សា MRC តំណាងប្រទេសឡាវ ដែលទទួលវេនជា ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២០។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) ត្រូវបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ ជាមួយសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្ត្រីនៃប្រទេសជាសមាជិក MRC បីផ្សេងទៀតដូចជា ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់និងអន្តរជាតិពាក់ព័ន្ធព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋាន MRC សរុបចំនួន១៥៧រូប។
សេចក្តីប្រកាសពត៍មានរបស់កិច្ចប្រជុំនេះបានសរសេរថា កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិ ការ តំបន់,ការអនុវត្តនីតិ វិធី ស្តីពីការគ្រប់គ្រងការប្រើប្រាស់ទឹក, ស្ថានភាពជលសាស្ត្រ ក្នុងអាងទន្លេមេគង្គក្រោម, ការពិនិត្យតាមដានទន្លេ និងកិច្ចការពាក់ព័ន្ធសំខាន់ ផ្សេងទៀត។ កិច្ចប្រជុំ បានពិនិត្យ អនុម័តឯកសារសំខាន់ៗមួយចំនួនរបស់ MRC ដូចជា៖ យុទ្ធសាស្ត្រ អភិវឌ្ឍន៍អាង ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០២៥, យុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន, ផែនការមេផ្នែកនាវាចរណ៍, ផែនការការងារ MRC សម្រាប់ឆ្នាំ២០២០-២០២១ និងលក្ខន្តិកៈការងារសម្រាប់ប៉ុស្ត នាយកប្រតិបត្តិនៃ លេខាធិការដ្ឋានMRCដែលនឹងជ្រើសរើសចេញពីប្រទេសឡាវ សម្រាប់អណត្តិ៣ ឆ្នាំបន្តពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤។
នៅក្នុងសេចក្តីប្រកាសខាងលើបានសរសេរទៀតថា ឯកសារយុទ្ធសាស្ត្រ ក៏ដូចជាផែនការការងារដែលបានអនុម័តដោយក្រុមប្រឹក្សានាពេលនេះ គឺបានកំណត់នូវអាទិភាពនិងសកម្មភាពជាយុទ្ធសាស្ត្រ ដែល MRC ត្រូវអនុវត្តដើម្បីបន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមាំ និងប្រសើរថែមទៀត ដើម្បីគិតគូរដោះស្រាយបញ្ហាប្រឈមនានា ឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕