ដោយ: សរិទ្ធ / ភ្នំពេញ: សវនាការជំនុំជម្រះ សំណុំរឿង រួមគំនិតក្បត់ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ តាមផែនការ ៩ វិច្ឆិកា បានត្រូវលើកពេល សវនាការជំនុំជម្រះ បន្តទៅថ្ងៃទី១៤ ខែមករា និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីបើកសវនាការ អស់រយៈពេលមួយព្រឹក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
លោក គុជ គឹមឡុង អ្នកនាំពាក្យ ស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ សំណុំរឿង ដែលលើកយកមកសវនាការនេះ មានចំនួន ៤ សំណុំរឿង ហើយជនជាប់ចោទ ដែលត្រូវកោះហៅ មានចំនួនសរុប ១៣៩ រូប។
លោកបានអះអាងថាៈ នាព្រឹកនេះ មានជនជាប់ចោទ ចូលក្នុងសវនាការតែ ៣៤ រូបប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទ សរុប ១៣៩ នាក់នោះ ហើយសំណុំរឿងទាំងនេះ ត្រូវបញ្ចូលមកជា ២ សំណុំរឿងវិញ។
អ្នកនាំពាក្យ បានបញ្ជាក់ថាៈ សំណុំរឿងទី១ នឹងបន្តសវនាការ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងសំណុំរឿងទី២ នឹងបន្តសវនាការ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ សវនាការជមនុំជម្រះនេះ មានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ , លោក កើត សាំង និងលោក អ៊ឹម វណ្ណៈ ជាចៅក្រមប្រឹក្សា ព្រមទាំងមានលោក សេង ហៀង ជាតំណាងអយ្យការ។
ជនជាប់ចោទ ចំនួន ១៣៩ នាក់នេះ ត្រូវបានតុលាការ កោះហៅឲ្យចូលខ្លួន មកជំនុំជម្រះទោស លើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»។
តាមសេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ បានបញ្ជាក់ថាៈ ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួន កាលពីឆ្នាំមុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់ សន្តិសុខនៃរដ្ឋ៕/V