ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ ករណីជូញដូរគ្រឿងញៀន ជាង ៣ គីឡូក្រាម បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នារសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជនសង្ស័យ ឈ្មោះ អ៊ុល ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ បានត្រូវសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន កាលពីម៉ោង ២និង៣៥នាទី រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ក្បែររោងចក្រកាត់ដេរ តាមផ្លូវលំ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថាៈ ជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន ដែលសមត្ថកិច្ច ចាប់ខ្លួនម្នាក់នេះ គឺជាឈ្មួញកណ្តាល ទទួលទិញពីមេខ្លោងធំៗ ដែលនាំចូលមកពី ប្រទេសឡាវ ដោយបានយកទៅលក់ និងចែកចាយឲ្យម៉ូយតូចៗ សម្រាប់ប្រើប្រាស់ ជាបន្តបន្ទាប់ទៀត ។
ជាក់ស្តែង ជនសង្ស័យម្នាក់នេះ ពេលទិញថ្នាំញៀន បានហើយ គេយកទៅលាក់ទុក នៅក្នុងបន្ទប់ជួល ដើម្បីលក់ និងចែកចាយបន្ត តែដោយមានការស្រាវជ្រាវ ពីកម្លាំងមានសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ជនសង្ស័យ ត្រូវបានបង្ក្រាប និងចាប់ខ្លួន ជាមួយសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធជាង ៣ គីឡូក្រាម ៕/V