ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ប្រជាពលរដ្ឋ នៅខណ្ឌពោធិ៍សែនជ័យ បានសំណូមពរ និងស្នើឲ្យអាជ្ញាធរ ជួយដោះស្រាយ បញ្ហាលូ ធ្វើផ្លូវ បញ្ហាកកស្ទះសំរាម ជួយតបណ្ដាញទឹកស្អាត និងការការពារសន្ដិសុខ សណ្ដាប់ធា្នប់សាធារណៈ ជូនពួកគាត់ ព្រោះក្មេងទំនើង ដើរគាស់ផ្ទះ និងបង្ករភាពអនាធិបតេយ្យ ធ្វើឲ្យពួកគាត់ មានការភ័យខ្លាច ។
ប្រជាពលរដ្ឋ ខណ្ឌពោធិ៍សែនជ័យ ស្នើដូច្នេះ នៅក្នុងវេទិកាសាធារណៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅក្នុងវត្តតាំងក្រសាំងខាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជាការឆ្លើយតប លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអរគុណប្រជាពលរដ្ឋ ដែលបានលើកសំណូមពរ ពីសន្ដិសុខ សណ្ដាប់ធា្នប់ សាធារណៈ ជូនពួកគាត់ ព្រោះក្មេងទំនើង ដើរគាស់ផ្ទះនោះ កន្លងមក គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដាក់កម្លាំងពួនស្ទាក់ តាមបណ្ដាគោលដៅនានា និងឆែកអាវុធជាតិផ្ទុះ តាមផ្លូវសំខាន់ ដើម្បីការពារសន្តិសុខ ជូនបងប្អូនហើយ ដូច្នេះនឹងកាត់បន្ថយបទល្មើសផ្សេងៗ ជាក់ជាមិនខាន សូមបងប្អូនស្ងប់ចិត្តចុះ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នោខណ្ឌពោធិ៍សែនជ័យ
រីឯលោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ បានបកស្រាយ ចំពោះការលើកឡើងនូវសំណូមពរ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈ ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត ការធ្វើលូ ធ្វើផ្លូវនេះ អាជ្ញាធរ និងមន្ត្រីជំនាញ នឹងដោះស្រាយ ជូនជាបន្តបន្ទាប់ ដើម្បីបំពេញតាម សេចក្តីត្រូវការ របស់រស់នៅ របស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធបញ្ហាសំរាម លោក ហួត ហៃ បានលើកឡើងថាៈ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ មានក្រុមហ៊ុនចំនួន៣ ចូលខ្លួន ប្រមូលសំរាម នៅរាជធាភ្នំពេញ ដោយចែកជា ៣ តំបន់ ។ ដូច្នេះ ការកកស្ទះសំរាម នៅរាជធានីភ្នំពេញ លែងកើតជាបញ្ហាទៀតហើយ ។
ជាមួយគ្នានោះ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថាៈ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងខិតខំប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការដោះស្រាយ បញ្ហាការស្ដារលូចាស់ៗ ដាក់លូថ្មីៗបន្ថែម ស្ដារប្រឡាយ, បញ្ហាសំរាម, បញ្ហាតបណ្ដាញទឹកស្អាត ជូនប្រជាពលរដ្ឋ ដែលរស់នៅ តាមតំបន់ជាយក្រុង ដែលការងារនេះ ត្រូវអនុវត្តន៍ជាជំហានៗ ស្របពេលដែល រដ្ឋបាលរាជធានី កំពុងជំរុញការបង្កើត ស្ថានីយទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញតំរូវការ របស់ប្រជាពលរដ្ឋ។
លោក ប៉ា សុជាតិវង្ស បានឱ្យដឹងថាៈ ការរបង្កើតស្ថានីយ ផលិតទឹកស្អាតនីមួយៗ ទាមទារឱ្យមានផែនការត្រឹមត្រូវ មានជំហានអនុវត្ត ការចំណាយពេលវេលា និងថវិកាច្រើន ក្នុងការសាងសង់ ។ លោកបានបន្តថាៈ រាជរដ្ឋាភិបាល កំពុងកសាងស្ថានីយ ផលិតទឹកស្អាត នៅបាក់ខែង ដែលនឹងរួចរាល់ នៅឆ្នាំ២០២៣ ដូច្នេះវាអាចឆ្លើយតប ជាមួយនឹងតំរូវការ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ កំបូល និងខណ្ឌព្រែកព្នៅ ជាដើម។
ការបង្ហាញផែនការ ផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជាយក្រុងនេះ គឺឆ្លើយ តបទៅនឹងសំណើរបស់ ប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលបានលើកឡើង ពីបញ្ហាខ្វះខាតទឹកស្អាត ប្រើប្រាស់ នៅក្នុងសង្កាត់មួយចំនួន ហើយត្រូវទិញទឹក ពីភ្នាក់ងារឯកជន ក្នុងតម្លៃថ្លៃ រហូតដល់ ៣.០០០ រៀល ក្នុងមួយម៉ែត្រគូប។
លោក កៅ សាលៀប រស់នៅភូមិចំការឪឡឹក ក្នុងសង្កាត់កាកាបទី២ បានឱ្យដឹងថាៈ ប្រជាពលរដ្ឋ នៅទីនេះ រងផលប៉ះពាល់ ដោយសារសំរាម បញ្ហាលូ ប្រឡាយ ពិសេសរដូវប្រាំងនេះ អាចប្រឈមនឹងការខ្វះខាត ទឹកប្រើប្រាស់ច្រើន ដោយសារតែពុំទាន់មាន បំពង់ភ្ជាប់ចូលទៅក្នុងលំនៅដ្ឋាន ហើយការទិញទឹក ពីឯកជនមានតម្លៃថ្លៃ ដោយក្នុងមួយឡាន តម្លៃ ៤ ម៉ឺនរៀល ដែលធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
លោក ហេង សុផាន់ណារ៉ាត តំណាងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានមានប្រសាសន៍ ឆ្លើយតបទៅនឹងសំណួររបស់ ប្រជាពលរដ្ឋថាៈ តំបន់ត្រពាំងធ្នង់ សង្កាត់សំរោង បំពង់ទឹករបស់រដ្ឋ បានទៅដល់ហើយៗ ប្រជាពលរដ្ឋ អាចតភ្ជាប់បាន ខណៈដែលតំបន់ដាច់ស្រយោល មិនមានហេដ្ឋារចនាសម្ព័ន្ធ ច្បាស់លាស់ និងដីឡូត៍ ប្រជាពលរដ្ឋ អាចទៅទំនាក់ទំនង ទៅផ្នែកផែនការ របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដើម្បីឱ្យក្រុមការងារ ពិនិត្យផ្ទាល់ អាចនឹងដាក់ទឹក ឱ្យប្រើប្រាស់បាន។
លោកបានបន្តថាៈ ចំពោះប្រជាពលរដ្ឋ នៅម្តុំភូមិចំការឪឡឹក ២ គឺមានបំពង់ទឹកស្អាត ទៅដល់ដែរ នៅតែតំបន់ដីឡូត៍ និងតំបន់ មិនទាន់រៀបរយ ជាពិសេស តាមផ្លូវរថភ្លើងតែងម្តង ប្រសិនជាប្រជាពលរដ្ឋ មិនប៉ះនៅតំបន់នេះទេ រដ្ឋាករទឹក នឹងដាក់ជូន ប៉ុន្តែជាដំណោះស្រាយ ចំពោះមុខរដ្ឋាករទឹក នឹងដាក់នាឡិកា រួមមួយ ដើម្បីបងប្អូនប្រើប្រាស់ ជាបណ្តោះអាសន្ន រហូតទៅដល់រោងចក្រ បាក់ខែង សាងសង់រួចរាល់ ។ លោកបានបន្តថាៈ ចំពោះប្រជាពលរដ្ឋ ដែលរស់នៅម្តុំសង្កាត់ ត្រពាំងក្រសាំងវិញ សម្ពាធទឹក ទៅមិនដល់នោះទេ ដោយសារបញ្ហាផលិតកម្ម ផលិតមិនទាន់តំរូវការ ដោយរង់ចាំការសាងសង់ រោងចក្រផលិតទឹកស្អាត បាក់ខែងរួចរាល់ ។
សូមបញ្ជាក់ថាៈ តាមការព្យាករ របស់រដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ បានឱ្យដឹងថា ការប្រើប្រាសទឹកស្អាត នៅរាជធានីភ្នំពេញ នឹងមានតម្រូវការហូតដល់ ប្រមាណជាង ៩០ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងជាង ១០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ ៕/V