ដោយៈ គង់ហេង / ត្បូងឃ្មុំៈ ឈ្មួញឈើម្នាក់ ប្រចាំឃុំជំនីក ស្រុកក្រូចឆ្មារ បានលួចដឹកជញ្ជួនឈើ ពីខេត្តក្រចេះ ចំនួន បី ទូក ដែលមួយទូកៗ មានចំណុះ ចាប់ពី ១៥ ទៅ ២០ ម៉ែត្រត្រីគុណ មកលាក់ក្នុងទន្លេមេគង្គ ម្តុំផ្សារជំនីក ស្រុកក្រូចឆ្មារ ដើម្បីយកមកចែកចាយ លក់បន្ត។ ប៉ុន្តែនៅពេលសមត្ថកិច្ច ចុះទៅបង្ក្រាបជាក់ស្តែង រកឃើញឈើតែជាង បីម៉ែត្រត្រីគុណប៉ុណ្ណោះ ហើយបានប្រគល់ឈើ ជាវត្ថុតាងល្មើសច្បាប់នោះ ទៅខាងម្ចាស់ឈើ វិញទៀត។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ ផ្សារជំនីក បាននិយាយថា នៅម៉ោងប្រហែល ៧ ទៅ ៨ ព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សាច់ញាតិឈ្មួញឈើ ឈ្មោះ សា រំលី បានដឹកជញ្ជួនឈើ ប្រភេទលេខ១ និងលេខ២ ចំនួន បីទូក គឺទូកនីមួយៗ បានចងឱបបាច់ឈើ សងខាង បណ្តែតទឹក ពីតំបន់កោះខ្ញែរ ខេត្តក្រចេះ មករក្សាទុក នៅកំពង់ទឹក ខាងមុខផ្សារជំនីក។
ប្រភពព័ត៌មាននោះ បានឱ្យដឹងទៀតថាៈ ប៉ុន្តែនៅពេលចូលដល់ ចំណុចកំពង់ទឹក ឈ្មួញម្នាក់នេះ បានប្រើល្បិច កាត់ទម្លាក់ក្រសោបឈើ ចំនួនពីរ ទូក ហើយឱ្យទូក ពីរគ្រឿងនោះ បើកឡើងសំដៅទៅទិសខេត្តក្រចេះ ដឹកឈើបន្ថែមទៀត ដោយទុកទូកឈើ មួយគ្រឿង ដើម្បីលើកឡើងគោក លក់ចែកចាយបន្ត។
ប្រភពដដែល បានបន្តថាៈ ទូកឈើមួយគ្រឿងនោះ បានទុកនៅកំពង់ទឹក ដដែលនោះ រហូតដល់រសៀល ថ្ងៃទី ២៥ វិច្ឆិកា ក៏ត្រូវអ្នកសារព័ត៌មាន ថតបានរូបភាព ប្តឹងឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។
ក្រោយពីមានបណ្តឹង ខាងមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ បានសុំការសហការ បង្ក្រាបបទល្មើសព្រៃឈើ គឺប្រមាណ ពីរ ម៉ោងក្រោយបណ្តឹង ទើបឃើញវត្តមាន មន្ត្រីនគរបាលប៉ុស្ត៍ឃុំជំនីក ទៅដល់ខណៈស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលនេះ នៅចម្ងាយពីកន្លែងកើតហេតុ ប្រហែល ៥០០ ម៉ែត្រនោះ។
ប្រភពបានបន្ថែមថាៈ ប៉ុន្តែអ្វីដែលជាកំហុស ធ្ងន់ធ្ងរបន្ថែមទៀត គឺលោក ស្លេះ ម៉ាត់ ជាមេឃុំជំនីក បានយកសំណើ របស់ម្ចាស់ឈើ ឈ្មោះ សា រំលី ជាសាច់ញាតិតាលី តាមរយៈមេភូមិបន្ទាយ លោក ស្មាន សុខព្រី និងលោក សា កូប មេឃុំជំនីកស្តីទី សុំទៅនាយផ្នែករដ្ឋបាល ព្រៃឈើឆ្លូង ខេត្តក្រចេះ មកបង្ហាញប្រាប់ សមត្ថកិច្ច គឺក្នុងសំណើនោះ ឈើមានចំនួន ៣០ ម៉ែត្រត្រីគុណ ដើម្បីធ្វើផ្ទះ គឺលោក ស្លេះ ម៉ាត់ ជាមេឃុំថា អ្នកសរសេរសំណើច្រឡំ តាមពិតសំណើឈើ តែចំនួន បី ម៉ែត្រត្រីគុណប៉ុណ្ណោះ។ ចំណែកឈើមួយទូក ដែលចកនៅកំពង់នោះ ត្រូវបានសមត្ថកិច្ច អនុញ្ញាតឱ្យម្ចាស់ទូកជម្លៀសចេញ យកលេសថា យកទៅចាក់ប្រេង។
លោក សា រំលី ជាម្ចាស់ឈើ រងការចោទប្រកាន់ បានឆ្លើយបកស្រាយ នៅថ្ងៃទី ២៦ វិច្ឆិកាថា ឈើចំនួន បី ម៉ែត្រគូបជាង ដែលសមត្ថកិច្ចមេព្រៃ កំពុងវាស់វែងនេះ គឺលោកបានទៅទូទាត់ អ្នកជំពាក់ប្រាក់ឳពុកក្មេក របស់លោក នៅឯភ្នំសុព័រកាឡី ខេត្តក្រចេះ។ ចំណែកឈើ ចំនួន ៣០ ម៉ែត្រគូប ក្នុងសំណើទៅខាងមេព្រៃឆ្លូង ខេត្តក្រចេះ គឺលោកនៅមិនទាន់បាន ប្រមូលទិញបានទេ។
ម្ចាស់ឈើ បានបកស្រាយទៀតថាៈ ចំណែកការចោទប្រកាន់ថា បានជម្លៀសឈើ ចេញពីកំពង់ទូក មុនសមត្ថកិច្ចមកដល់ និងចោទថា ខាងលោក បានកាត់ក្រសោបឈើ ទម្លាក់លាក់ទុក ក្នុងទន្លេចំនួន ពីរទូក គឺជាការចោទប្រកាន់ ខុសស្រឡះ ដោយសុំស្បថ ស្លាប់ចោលប្រពន្ធ និងកូន។
លោក ស្លេះ ម៉ាត់ មេឃុំជំនីក បានឆ្លើយថាៈ ទូកឈើរបស់ឈ្មោះ សា រំលី ដែលយើងបានឃើញជាក់ស្តែង តែមួយទូកនេះទេ។ ដោយឡែក ក្រៅពីនោះ លោកអត់ដឹងទេ គឺមួយនេះ បានសុំខាងលោក យកមកសាងសង់ផ្ទះ មិនមែនធ្វើអាជីវកម្មទេ។ ចំណែកសំណើសុំដាក់ធ្វើផ្ទះ ចំនួន ៣០ម៉ែត្រគូបនោះ គឺក៏លើសបរិមាណ នៃការសាសង់ផ្ទះដែរ។
លោក សាន់ សុខវ៉ាន់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើ ក្រូចឆ្មារ បានប្រាប់ថាៈ នៅព្រឹកថ្ងៃទី២៦ វិច្ឆិកានេះ ក្រុមការងារ បានចុះមកវាស់វែង ឈើមួយទូក និងរុករាវរក តាមព័ត៌មានថា មានលាក់ក្រសោបឈើ ចំនួនពីរទូក បន្ថែមទៀត ក្នុងទន្លេនោះ។ ជាលទ្ធផល យើងបានរកឃើញឈើ ជាក់ស្តែង ក្នុងទូកមួយគ្រឿងនោះ ចំនួន ៣,៤១០ ម៉ែត្រគូប ជាប្រភេទឈើលេខ២ ឈើទាល ហើយចំនួនឈើ ពីរទូកថាលាក់ទុក ក្នុងទន្លេ យើងរុករាវរកមិនឃើញទេ។
លោកនាយរង បានបន្តថាៈ បញ្ហាសំណើ ខាងម្ចាស់ឈើ បានស្នើតាមរយៈអាជ្ញាធរភូមិ ឃុំនោះ ជាសំណើខុសច្បាប់ គឺមេឃុំ មិោនមានសិទ្ធិអនុញ្ញាត លើសំណើឯកភាព លើការដឹកជញ្ជួន អនុផលព្រៃឈើបានទេ។ ប៉ុន្តែឈើចំនួនជាង បីម៉ែត្រ ខាងលើ ថ្នាក់លើ បានសម្រេចប្រគល់ឱ្យ ម្ចាស់ឈើ សា រំលី ដោយសារមានសំណើសុំពីខាងអាជ្ញាធរស្រុក និងឃុំ ឱ្យសាងសង់ផ្ទះ តាមសំណើ៕/V