ដោយៈបូព៌ព្រឹក្ស,មុនីរ័ត្ន/ភ្នំពេញៈលោក ជិន ម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅរសៀល ថ្ងៃទី២៦ខែវិច្ឆិកានេះបានធ្វើការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកស្រីរ៉ូណាស្មីត ( Rhona Smith )អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី២៥ខែវិច្ឆិកា។
រូបថតៈលោក ជិន ម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌(រូបឯកសារ)
លោកបានធ្វើការឆ្លើយតបចំនួនបីចំណុចនិងបានបង្ហាញក្នុងបណ្តាញទំនាក់ទំនងសង្គម។លោកបញ្ជាក់ថាទី១.មូលដ្ឋាននៃការអនុវត្តច្បាប់ៈវាជាការចោទប្រកាន់ជ្រាំដែលនិងដដែលៗដោយគ្មានមូលដ្ឋានមកលើវិធានការរបស់សមត្ថកិច្ចថាគ្មានមូលដ្ឋានច្បាប់ដែលតាមពិតសម្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំនិងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្មនិងភស្តុតាងនានាជាច្រើនដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។តែផ្ទុយទៅវិញមានតែក្រុមជនជាប់ចោទទាំងអស់នោះវិញទេដែលមិនមានភស្តុតាងនិងសក្ខីកម្មរឹងមាំក្នុងការដោះបន្ទុកតាមផ្លូវច្បាប់ក្រៅតែពីការចោទប្រកាន់សមត្ថកិច្ចនិងតុលាការជួបជុំគ្នាតវ៉ារត់គេចខ្លួននិងបដិសេធមិនចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនាពេលកន្លងមក ដែលទាំងនេះមិនមែនជាមធ្យោបាយក្នុងការការពារខ្លូនតាមផ្លូវច្បាប់នោះទេ
ទី២. បទល្មើសដែលមានអ្នកពាក់ព័ន្ធច្រើនៈ វាជារឿងធម្មតានិងជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌសំណុំរឿងមួយចំនួនអាច មានអ្នកជាប់ពាក់ព័ន្ធច្រើនកាលណាវាជាសំណុំរឿងដែលមានអង្គការចាត់តាំងរៀបចំចាត់ចែងច្បាស់លាស់និងជាប្រព័ន្ធ ភាសាអង់គ្លេសហៅថា Organized crime ដែលតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ក្នុងសំណុំរឿងបែបនេះអ្នកដែលជាប់ ពាក់ព័ន្ធទាំងប៉ុន្មានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា។ ម្យ៉ាងវិញទៀតការចេញដីកាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្ថយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿដំណើរការនីតិវិធីរបស់តុលាការមិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះទេ។
ចំណុចទី៣. សទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់ៈ សិទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់ ត្រូវបានធានាយ៉ាងពេញលេញដល់ជនជាប់ចោទតាមរយៈការផ្តល់មេធាវីការពារក្តីនៅសវនាការតាមការចាត់តាំងឬការជ្រើសរើសរបស់សមីខ្លួនទោះបីពួកគេខ្លះមិនមានវត្តមានក្នុងស្រុកយ៉ាងណាក៏ដោយ។ដូច្នេះពួកគេគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការដើម្បីការពារខ្លួនតាមផ្លូវច្បាប់ជាជាងបដិសេធនិងគេចខ្លួនហើយធ្វើការជួបជុំតវ៉ាចោទប្រកាន់សមត្ថកិច្ចនិងតុលាការដោយគ្មានមូលដ្ឋាន ដែលទាំងនេះមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារខ្លួនឱ្យរួចពីបទចោទនោះទេ៕
លោកស្រីរ៉ូណាស្មីត ( Rhona Smith )