ដោយ:ដេប៉ូ/ភ្នំពេញ: អង្គការមូលនិធិកុមារកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្រុក eMoney បានប្រកាសអំពីភាពជាដៃគូក្នុងការប្រមូលមូលនិធិថ្មីដើម្បីជួយគាំទ្រដល់ការអប់រំតាមប្រព័ន្ធ STEM និងផ្នែកព័ត៌មានវិទ្យា (IT) នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) ។
ក្រោមកិច្ចសហការនេះអង្គការមូលនិធិកុមារកម្ពុជានិងក្រុមហ៊ុន eMoney បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាកាលនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០នេះក្នុងនាមជាដៃគូសហការ និងការអនុវត្តយុទ្ធនាការ ប្រមូលមូលនិធិដែលមានរយៈពេល៦ខែ តាមរយៈទម្រង់បច្ចេកវិទ្យាហរិញ្ញវត្ថុរបស់ក្រុមហ៊ុន eMoney នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថាអង្គការមូលនិធិកុមារកម្ពុជា (CCF) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់នៅស្ទឹងមានជ័យ បានផ្លាស់ប្តូរជីវិតរបស់កុមារកំព្រាក្រីក្របាត់បង់ឱកាស និងត្រូវបានមើលរំលងនៅក្នុងប្រទេសកម្ពុជា តាមរយៈការអប់រំដ៏មានគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីជួយគាំទ្រដោយផ្ទាល់។
តាមរយៈការបរិច្ចាគនៅលើកម្មវិធី eMoney អ្នកប្រើប្រាស់ eMoney នៅទូទាំងប្រទេសកម្ពុជា នឹងអាចធ្វើការបរិច្ចាគទៅកាន់អង្គការមូលនិធិកុមារកម្ពុជាប្រកបដោយភាពងាយស្រួល។ ការបរិច្ចាគនេះក៏អាចធ្វើឡើងនៅគ្រប់បណ្ដាញសាខា eMoney ចំនួន៨,000សាខា នៅទូទាំងប្រទេស។
ភាពជាដៃគូរនេះនឹងផ្ដល់ឲ្យកុមារកម្ពុជាក្រីក្របំផុតជាង ២,000 នាក់ ដែលកំពុងតែសិក្សានៅសាលារៀនរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) នៅស្ទឹងមានជ័យ ទីក្រុងភ្នំពេញទទួលបានការអប់រំតាមប្រព័ន្ធ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងធនធានផ្សេងៗរបស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT)។
ស្ថាបនិក និងនាយកប្រតិបត្តិការរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) លោក Scott Neeson បានបញ្ជាក់អំពីភាពជាដៃគូនេះថា “អង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្កើតកន្លែងអប់រំតាមប្រព័ន្ធ STEM យ៉ាងរឹងមាំនៅក្នុងតំបន់ស្ទឹងមានជ័យ សម្រាប់ធ្វើការបង្រៀនដល់កុមារក្រីក្របំផុតក្នុងតំបន់នោះ។ ភាពជាដៃគូជាមួយនិងក្រុមហ៊ុន eMoney នេះនឹងជួយបង្កើនការអប់រំដល់សិស្សានុសិស្សរបស់យើង។ ការសហការនេះ ក៏នឹងអាចឱ្យអ្នកគាំទ្រអង្គការមូលនិធិកុមារកម្ពុជានូវវិធីដែលមានប្រសិទ្ធភាពក្នុងការតាមដានការងារ និងបរិច្ចាគទៅកម្មវិធីរបស់ពួកយើងផងដែរ។ ក្រុមហ៊ុន eMoney បានគាំទ្រយើងយ៉ាងក្រៃលែងក្នុងការរៀបចំវេទិការនេះ ហើយយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ពួកគេមកលើអប់រំតាមប្រព័ន្ធ STEM ដែលយើងមាននៅទីនេះ”។
បញ្ជាក់អំពីភាពជាដៃគូនេះ លោក Pham Doan Cuong ដែលជាអគ្គនាយកក្រុមហ៊ុន eMoney បានឱ្យដឹងដែរថា “ភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាក្នុងការបរិច្ចាគទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (CCF) តាមរយៈកម្មវិធី eMoney និងតាមបណ្ដាញភ្នាក់ងារ eMoney ដែលមានទីតាំងជាង 0៨00កន្លែង នៅទូទាំងប្រទេស ដើម្បីក្លាយជាផ្នែកមួយនៃការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។
លោកថាតាមរយៈការគាំទ្រពីភាពជាដៃគូបែបនេះហើយ ដែលធ្វើឲ្យអង្គការមូលនិធិកុមារកម្ពុជា (CCF) អាចផ្តល់ការអប់រំប្រកបដោយគុណភាព និងកម្មវិធីគាំទ្រសហគមន៍នៅក្នុងតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ អង្គការមូលនិធិកុមារកម្ពុជាបានកំពុងបំបែកវដ្តនៃភាពក្រីក្រ ការរំលោភបំពាន និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា តាម រយៈការកសាងសមត្ថភាពរបស់សហគមន៍ដែលត្រូវបានរំលោភបំពាន និងងាយរងគ្រោះបំផុត៖ អ្នកដែលមានជីវភាពក្រីក្រខ្លាំងបំផុត បញ្ហាសុខភាព និងសង្គម និងអ្នកដែលទទួលបានធនធានមូលដ្ឋានតិចបំផុត៕