ដោយៈ ពៅនិមល / ភ្នំពេញៈ អគ្គនាយក ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយ និងការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នៅកម្ពុជា ដើម្បីលើកកម្ពស់ ការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងកំណត់សកម្មភាពអាទិភាព មួយចំនួន ដោយផ្អែកលើកង្វល់ របស់អ្នកប្រើប្រាស់។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានរបស់លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលមានការគាំទ្រ ដោយទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) និងមានការចូលរួមពី សំណាក់មន្ត្រីរដ្ឋាភិបាល ពីបណ្តាតំបន់ផ្សេងៗ ព្រមទាំងតំណាងអង្គការជាតិ និងអន្តរជាតិ។
នៅក្នុងអង្គពិធីខាងលើនេះ លោក ម៉ៅ ថូរ៉ា បានលើកឡើងថាៈ ដោយសារកិច្ចការពារអ្នកប្រើប្រាស់ នៅកម្ពុជា មានភាពក្មេងខ្ចីនៅឡើយ ដូច្នេះតម្រូវឱ្យមានការងារ ចំពោះមុខជាច្រើន ត្រូវធ្វើ បូករួមទាំងការបំពេញ នូវសេចក្តីត្រូវការផ្សេងៗទៀត។ ដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) ដែលដឹកនាំដោយ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដើម្បីផ្តល់ការតម្រង់ទិសដៅ យុទ្ធសាស្ត្រ និងអនុវត្តសកម្មភាព សំខាន់ៗទាំងឡាយ ដើម្បីរួមចំណែកធានា នូវសុខុមាលភាព និងការពារអ្នកប្រើប្រាស់ នៅកម្ពុជា។ លោកបន្តទៀតថា វត្តមានរបស់ គ.ជ.ក.ប គឺជាយន្តការអន្តរក្រសួង ដែលផ្សារភ្ជាប់ ជាមួយនឹងមុខងារសម្របសម្រួល កិច្ចការពារអ្នកប្រើប្រាស់ នៅកម្រិតគោលនយោបាយ។
លោក Frank Jattke ប្រធានក្រុមអាស៊ាន GIZ ប្រចាំនៅកម្ពុជា បានលើកឡើងថាៈ ការរៀបចំផែនការយុទ្ធសាស្ត្រ និងការកំណត់ទិសដៅ អាទិភាព គឺជាការចាំបាច់ ដើម្បីញុំាងឱ្យការផ្តោត លើកិច្ចខិតខំប្រឹងប្រែង និងការប្រើប្រាស់ ធនធានបានកាន់តែល្អ។ ដើម្បីសម្រេចគោលដៅនេះ សិក្ខាសាលា បានរៀបចំឱ្យមាន នូវកិច្ចពិភាក្សាជាក្រុម ក្នុងបំណងកំណត់ នូវបញ្ហាទាំងឡាយ ក៏ដូចជា ភាគីពាក់ព័ន្ធ ដោយផ្តោតលើវិស័យសំខាន់ៗ ជុំវិញបរិបទ នៃកិច្ចការពារអ្នកប្រើប្រាស់ មានដូចជា ការសម្របសម្រួល និងបង្កើតគោលនយោបាយ, ការអនុវត្ត និងពិនិត្យតាមដានទីផ្សារ, ការអប់រំអតិថិជន និងអាជីវកម្ម, ការដោះស្រាយវិវាទនិងសំណង។
សម្រាប់វត្តមានរបស់ គ.ជ.ក.ប ត្រូវបានគេរំពឹងទុកថា នឹងដាក់ចេញ ឬផ្ទេរកិច្ចប្រតិបត្ដិការ ជាប្រចាំ ពីមួយថ្ងៃ ទៅមួយថ្ងៃ ជូនទៅ ក.ប.ប ដែលជាលេខាធិការដ្ឋានរបស់ខ្លួន។ បុរេលក្ខខណ្ឌ និងនីតិវិធីមួយចំនួន រួមមានដូចជា ការដោះស្រាយលើបណ្តឹង និងការចុះធ្វើអធិការកិច្ច គឺកំពុងត្រូវបានបន្តអនុវត្ត៕/V