ប្រែសម្រួលៈវាសនា/បាងកក៖ មុននេះក្នុងខែនេះ ប៉ូលិសថៃបានប្រកាសប្រាប់អ្នកយកព័ត៌មានថា ខ្លួនចាប់បានថ្នាំញៀនកេតាមីនច្រើនបំផុតមិនដែលធ្លាប់មាន ដែលមានតំលៃជិត១ពាន់លានដុល្លារ និងថាវាមានជាប់ពាក់ព័ន្ធនឹងបណ្តាញជួញដូរថ្នាំញៀនពហុជាតិទៀតផង តែនៅសប្តាហ៍នេះអាជ្ញាធរបែរនិយាយថាវាជាការយល់ខុសតាមពិតវាមិនមែនជាថ្នាំញៀនអីទេ។
ដោយបន្ទោសកំហុសបច្ចេកទេស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបាននិយាយកាលពីថ្ងៃអង្គារថា ម្សៅពណ៌សដែលប៉ូលិសអះអាងថាជាកេតាមីននោះ ទាមពិតជាម្សៅសដែលគេប្រើសំរាប់សម្អាតនិងបន្ថែមក្នុងអាហារ។
រំលឹកថា កាលពីថ្ងៃ១២វិច្ឆិកា ប៉ូលិសថៃចាប់បានម្សៅពណ៌សទម្ងន់១១,៥តោនពីឃ្លាំងមួយក្រោយទទួលព័ត៌មានសម្ងាត់មកពីកោះតៃវ៉ាន់ ហើយរូបភាពបង្ហាញប៉ូលិសថៃនិងអាជ្ញាធរពាក់ព័ន្ធពិនិត្យម្រៅសរាប់សិបបាវ។ដោយជឿថាជាថ្នាំញៀនកេតាមីន ការិយាល័យគ្រប់គ្រងថ្នាំញៀន បានប៉ាន់ស្មានថា វាមានតំលៃប្រមាណ៩៥០លានដុល្លារ និងបានចង្អុលទៅរកបណ្តាញជួញដូរថ្នាំញៀនពហុជាតិមួយ។
អគ្គលេខាការិយាល័យគ្រប់គ្រងថ្នាំញៀនលោក វីឆៃ ឆៃម៉ុងខូល បានប្រាប់អ្នកយកព័ត៌មាននៅពេលនោះថា «វាជាថ្នាំញៀនច្រើនបំផុតដែលថៃមិនដែនចាប់បានពីមុន និងមានតំលៃប្រមាណ២៨,៧ពាន់លានបាត»។
តែបន្ទាប់ពីការពិសោធន៍បន្ថែម រដ្ឋមន្ត្រីយុត្តិធម៌ថៃ បាននិយាយកាលពីថ្ងៃអង្គារថា ការអះអាងថាជាថ្នាំញៀនជាការយល់ខុស ក្រោយការពិសោធន៍មិនបង្ហាញថាវាជាថ្នាំញៀនអីសោះ។
គេថាម្សៅពណ៌សនេះជា សូដ្យូម ផូស្វាត ជាសារធាតុសអាចប្រើក្នុងអាហារនិងប្រើជាភ្នាក់ងារសម្អាត៕
ក្រោយការពិសោធន៍ រដ្ឋមន្ត្រីយុត្តិធម៌អះអាងថា ម្សៅសទាំងបាវនេះមិនមែនជាកេតាមីនទេ តែជាសូដ្យូម ផូស្វាត ជាសារធាតុសអាចប្រើក្នុងអាហារនិងជាភ្នាក់ងារសម្អាត