ដោយៈ សរិទ្ធ / កណ្តាលៈ បុរសជនជាតិចិន ដែលបានចាក់សម្លាប់ កូនស្រីខ្លួនឯង អាយុជាង ១ឆ្នាំ ឱ្យស្លាប់នោះ បានត្រូវលោក ហេង ផល្លា ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ ពីបទឃាតកម្ម។
សមត្ថកិច្ច បានបញ្ជាក់ថាៈ បុរសជនជាតិចិនរូបនេះ ឈ្មោះ ភីន ភីន អាយុ៣០ឆ្នាំ ។ ចំណែកកូនស្រីរងគ្រោះ ឈ្មោះ ទ័រ ទ័រ អាយុជាង ១ ឆ្នាំ ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថាៈ មុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះ ឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំ បានរត់ចោលប្តី ជាជនជាតិចិន និងកូនស្រីតូចរបស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហារ មកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេលជាង ១ ខែមកហើយ ។
សមត្ថកិច្ច បានបន្តថាៈ លុះប្រហែលជា ១០ ថ្ងៃមុននេះ គេឃើញជនសង្ស័យ បានបីកូនស្រីតូច របស់ខ្លួន តាមរកប្រពន្ធ ហើយក៏រកឃើញ នៅផ្ទះសំណាក់ ខាងលើ ទើបបានរស់នៅជាមួយគ្នា រហូតមកដល់ថ្ងៃកើតហេតុ។ មុនពេលមានឃាតកម្ម កើតឡើង គឺជនសង្ស័យ បានឈ្លោះប្រកែក ជាមួយប្រពន្ធយ៉ាងខ្លាំង ធ្វើឱ្យប្រពន្ធខឹង ក៏បានចេញពីបន្ទប់ផ្ទះសំណាក់ បាត់ទៅ ។ ពេលនោះ ស្រាប់តែជនសង្ស័យ យកកន្ត្រៃ ចាក់កូនខ្លួនឯង ជាច្រើនកន្ត្រៃ បណ្តាលឱ្យស្លាប់លើពូក រួចហើយជនសង្ស័យ ក៏ចាក់ខ្លួនឯង បណ្តាលមានរបួសស្នាម៕/V