ដោយៈ រ៉ាម៉ន / ភ្នំពេញៈ មន្ត្រីតំណាង រដ្ឋាករទឹកស្វ័យ រាជធានីភ្នំពេញ បានអះអាងថាៈ ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ ជាយរាជធានីភ្នំពេញ នឹងទទួលបានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ នៅឆ្នាំ២០២២ ឬ ២០២៣ ខាងមុខ ខណៈដែលរោងចក្រប្រព្រឹត្តកម្ម ផលិតទឹកស្អាតទី៤ ជំហានទី១ នៅសង្កាត់បាក់ខែង គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៣ ខាងមុខ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ។
លោក ហេង សុផាន់ណារ៉ាត តំណាងរដ្ឋាករទឹកស្វ័យ រាជធានីភ្នំពេញ បានអះអាងដូច្នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណិត្តទី២ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅខណ្ឌពោធិ៍សែនជ័យ។
នៅក្នុងឱកាសនោះ លោក ហេង សុផាន់ណារ៉ាត បានមានប្រសាសន៍ ឆ្លើយតបទៅនឹងសំណួរ របស់ប្រជាពលរដ្ឋថាៈ តំបន់ត្រពាំងធ្នង់ សង្កាត់សំរោង បំពង់ទឹករបស់រដ្ឋ បានទៅដល់ហើយ ដែលប្រជាពលរដ្ឋ អាចតភ្ជាប់បាន ខណៈដែលតំបន់ដាច់ស្រយាល មិនមានហេដ្ឋារចនាសម្ព័ន្ធ ច្បាស់លាស់ និងដីឡូត៍ ប្រជាពលរដ្ឋ អាចទៅទំនាក់ទំនង ផ្នែកផែនការរបស់ រដ្ឋាករទឹកស្វយ័ត រាជធានិភ្នំពេញ ដើម្បីឱ្យក្រុមការងារពិនិត្យផ្ទាល់ អាចនឹងដាក់ទឹក ឱ្យប្រើប្រាស់បាន ។
លោកបានបន្តថាៈ ចំពោះប្រជាពលរដ្ឋ នៅម្តុំភូមិចំការឪឡឹក២ គឺមានបំពង់ទឹកស្អាត ទៅដល់ នៅតែតំបន់ដីឡូត៍ និងតំបន់ មិនទាន់រៀបរយ ជាពិសេស តាមផ្លូវរថភ្លើងតែម្តង ។ ប្រសិនបើប្រជាពលរដ្ឋ មិនប៉ះនៅតំបន់នេះទេ រដ្ឋាករទឹក នឹងដាក់ជូន ប៉ុន្តែជាដំណោះស្រាយ ចំពោះមុខ រដ្ឋាករទឹក នឹងដាក់នាឡិកា រួមមួយ ដើម្បីបងប្អូន ប្រើប្រាស់ ជាបណ្តោះអាសន្ន រហូតទៅដល់រោងចក្រ បាក់ខែង សាងសង់រួចរាល់ ។ លោកបានបន្តថាៈ ចំពោះប្រជាពលរដ្ឋ ដែលរស់នៅ ម្តុំសង្កាត់ត្រពាំងក្រសាំងវិញ សម្ពាធទឹកទៅមិនដល់នោះទេ ដោយសារបញ្ហាផលិតកម្ម ផលិតមិនទាន់តំរូវការ ដោយរង់ចាំការសាងសង់ រោងចក្រផលិតទឹកស្អាត បាក់ខែងរួចរាល់។
លោក ហេង សុផាន់ណារ៉ាត បានបន្តថាៈ នៅពេលនេះ យើងបានកំពុងតែសាងសង់ រោងចក្របាក់ខែង ជំហានទី១ ជំហានទី២ ដែលទាំង ២ នេះ បរិមាណទឹកយើង កើននៅក្នុងឆ្នាំ២០២២ ប្រមាណជា ៤០ ភាគរយ ឆ្នាំ២០២៣ នឹងបញ្ចប់បរិមាណទឹកផលិត ៣៨០ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ពេលនោះយើង អាចផ្គត់ផ្គង់គ្រប់គ្រាន់ហើយ ។
សូមបញ្ជាក់ថាៈ តាមការព្យាករ របស់រដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ បានឱ្យដឹងថាៈ ការប្រើប្រាសទឹកស្អាត នៅរាជធានីភ្នំពេញ នឹងមានតម្រូវការ ហូតដល់ប្រមាណជាង ៩០ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងជាង ១០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០៣០ ៕/V