ដោយៈយោធិន/កណ្តាលៈ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានអញ្ជើញចុះទៅពិនិត្យមើលរូបសំណាកចម្លាក់ស្ពាន់ស្តីពីសកម្មភាពកម្លាំងយោធាមួកខៀវកម្ពុជាក្នុងបេសកកម្មអង្គការ សហប្រជាជាតិដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ត្រង់ ចំណុចបង្គោលគីឡូម៉ែត្រលេខ១០ ស្រុកពញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ដើម្បីដាក់តាំងបង្ហាញនៅសួនសមិទ្ធផលវិស័យរក្សាសន្តិភាព នៅវិមានឈ្នះ ឈ្នះ ដែលគ្រោងនឹងសម្ពោធជាផ្លូវការនៅចុងខែធ្នូ ឆ្នាំ២០២០ ខាងមុខ។
សួនកងកម្លាំងរក្សាសន្តិភាពនិងបោស សំអាតមីន បានកសាងដោយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដ្ថិតក្នុងបរិវេណវិមានឈ្នះ ឈ្នះ ដោយសាងសង់ស្តូបមួយមានបីថ្នាក់ ធ្វើឡើងតាមទំរង់ ៣- ៥ និង ៧ នៃនយោបាយឈ្នះ ឈ្នះ ។
នៅផ្នែកខាងលើស្តូប មានជ្រុង ៣ ដោយមាន រូបចម្លាក់មនុស្សពីរនាក់ ឈរកាន់ទង់ តំណាងឲ្យកងកម្លាំងអង្គការសហប្រជាជាតិ និងកាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យកងកម្លាំងកម្ពុជាចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាព ក្នុងទិសដៅបំពេញបេសកម្មសកម្មភាពមនុស្សធម៌ស្វែងរក សុខសន្តិភាពជូនពិភពលោក។
ឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងឱកាសចូលរួមដំណើរពិនិត្យមើលការងារស្ថាបនារូបសំណាកស្ពាន់ខាងលើនេះបានបញ្ជាក់ថា ក្រុមជាងជំនាញត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យកែលម្អនូវរូបសំណាកទាំងឡាយដោយផ្តោតជាពិសេសលើឯកសណ្ឋានកងយោធាមួកខៀវកម្ពុជា និង សកម្មភាពក្នុងការបំពេញបេសកកម្មឲ្យមានភាពរស់រវើក។
ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានបញ្ជាក់ផងដែរថានឹងដឹកនាំប្រតិភូជំនាញពាក់ព័ន្ធមកត្រួតពិនិត្យរូបសំណាកខាងលើនេះខណៈដែលក្រុមជាងជំនាញសម្រិតសម្រាំងកែលម្អតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិមុនពេលសម្រេចចាក់ពុម្ភនូវគ្រប់រូបសំណាកសម្រាប់សួនវិមានវិស័យរក្សាសន្តិភាព៕