ដោយៈ ទេព មង្គល / ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យរដ្ឋសមាជិក នៅក្នុងអនុតំបន់ទន្លេមេគង្គ បង្កើនកិច្ចសហប្រតិបត្ដិការ គាំទ្រគ្នាទៅវិញទៅមក លើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ឱ្យកាន់តែសកម្មថែមទៀត ដើម្បីភាពសុខដុមរមនា របស់ប្រជាជន។ សាធារណរដ្ឋសង្គមនិយមវៀតណាម ជាប្រធានប្ដូរវេន បានបង្ហាញការគាំទ្រ ចំពោះមតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នូវបទល្មើសគ្រឿងញៀន ឆ្លងដែននេះ។
តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាៈ បញ្ហាគ្រឿងញៀននេះ ជារឿងសកលលោក ដែលទាមទារឱ្យមាន ការចូលរួមទប់ស្កាត់ ទាំងអស់គ្នា ជាពិសេសរដ្ឋសមាជិកអាស៊ាន ត្រូវរួមគ្នាដោះស្រាយ ឱ្យមានប្រសិទ្ធភាព។
សម្តេចក្រឡាហោម បានបន្តថាៈ បច្ចុប្បន្ននេះ ថ្វីដ្បិតការរាតត្បាត ជំងឺកូវីដ-១៩ បង្កការរាំងស្ទះ និងការរឹតបន្តឹងនានា ដល់ការធ្វើដំណើរឆ្លងដែន ក្នុងប្រទេស ក្នុងតំបន់ និងសកលលោកក្ដី ក៍កម្ពុជា កត់សម្គាល់ឃើញថា ការជួញដូរគ្រឿងញៀន ខុសច្បាប់ នៅតែជាបញ្ហាដ៏ក្ដៅគគុក ដែលកំពុងបង្កផលប៉ះពាល់ ប្រទាក់ក្រឡាគ្នា យ៉ាងស្មុគស្មាញ ដល់សន្តិសុខ សុវត្ថិភាព សុខមាលភាពសង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីក្រុង និងជនបទ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថាៈ កម្ពុជា សម្រេចបានក្នុងបរិបទ នៃឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះរួមមាន បញ្ហាគ្រឿងញៀន ។ សម្តេច បានបញ្ជាក់ថាៈ កម្ពុជា បានដាក់ចេញ នូវយន្តការជាក់លាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ រៀងរាល់ ៦ ខែម្តង ។ ចាប់តាំងពីបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៧ យុទ្ធនាការនេះ ត្រូវបានចាត់តាំងអនុវត្ត ចំនួន ៥លើក ដោយបានរឹបអូសគ្រឿងញៀន គ្រប់ប្រភេទ ជាច្រើនតោន និងបានបញ្ជូនជនល្មើស ទៅផ្តន្ទាទោសជាច្រើនរយនាក់។
ជាការឆ្លើយតប រដ្ឋមន្ត្រីបណ្តាប្រទេស ក្នុងតំបន់អាស៊ាន ដែលបានចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ តាមប្រព័ន្ធវីដេអូ ដោយមានសាធារណរដ្ឋសង្គមនិយមវៀតណាម ជាប្រធានប្ដូរវេន បានបង្ហាញការគាំទ្រ ចំពោះមតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នូវបទល្មើសគ្រឿងញៀន ឆ្លងដែននេះ។ កិច្ចប្រជុំនេះ ក៏បានបង្ហាញ ការប្តេជ្ញារួមគ្នា ទប់ស្កាត់ និងកាត់បន្ថយ ការចរាចរគ្រឿងញៀននេះ ឱ្យមានប្រសិទ្ធភាព៕/V