Home ព័ត៌មានជាតិ នយោបាយ ស្ថានបេសកកម្ម...

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា : អ្នករាយការណ៍ពិសេសត្រូវគោរពការងារនិងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការជាតិ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជា ណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងស្រុកនិងការជំនុំជម្រះនៅកម្ពុជា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានបន្តថា ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំង យកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការកំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។

ការធ្វើសេចក្តីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយ ធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ។ បទល្មើស “ឧបឃាត និងការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ” មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។

ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញទឡ្ហីករណ៍និងដាក់ភស្តុតាង ដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។ ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ ចោទ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ដោយផ្អែកទៅលើបទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។

បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិតសេរីភាពនោះ គឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋនិងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា។

ជាមួយគ្នានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារនិងឯករាជ្យភាពនៃប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើលទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ ។

ការយកចិត្តទុកដាក់ប្រកបដោយការប្រុងប្រយ័ត្ននិងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពច្បាប់ជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យ រដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយអ្នករាយការណ៍ពិសេស៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular