ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ស្ត្រី ២ នាក់ បានស្លាប់ និង ១១ នាក់ផ្សេងទៀត មានអាការៈធ្ងន់ និងស្រាល ហើយកំពុងត្រូវបាន សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនរងគ្រោះទាំងអស់ ច្រូត ស្រូវរួច បាននាំគ្នាផឹកទឹក នៅក្នុងស្រែ ក្រោយពេលហូបបាយថ្ងៃត្រង់ ធ្វើអោយមានការពុល ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ស្ត្រីដែលជាជនរងគ្រោះ ដល់បាត់បង់ជីវិត ករណីពុលទឹក ក្នុងស្រែនេះ មានៈ ១-ឈ្មោះ ណុល វ៉ារ៉ុម អាយុ ៤៥ ឆ្នាំ និង២-ឈ្មោះ ម៉ៅ ចិន្តា អាយុ ៤៧ ឆ្នាំ ។
លោក ភួង ជីម អាយុ ៥០ ឆ្នាំ ជាក្រុមគ្រួសារជនរងគ្រោះ បានប្រាប់រស្មីកម្ពុជាឲ្យដឹងថាៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅនេះ ប្រជាពលរដ្ឋ និងម្ចាស់ស្រែ មានចំនួន ១៣ នាក់ និងមានក្មេងស្រីម្នាក់ផងដែរ បាននាំគ្នាទៅច្រូតស្រូវ នៅខាងត្បូង ភូមិជីប្រ៉ង ។
លោក ជីម បានបញ្ជាក់ថាៈ នៅផ្នែកខាងលើ នៃស្រែនោះ មានចម្ការឪឡឹកមួយ ដែលម្ចាស់ចម្ការឪឡឹកនោះ បានយកទឹកអណ្តូង នៅក្នុងស្រែ មកលាយថ្នាំពុល ហើយយកមកបាញ់ សម្លាប់សត្វល្អិត ។
លោក ភួង ជីម បានប្រាប់បន្ថែមទៀតថាៈ នៅក្នុងស្រែនោះ មានកូនអណ្តូងតូចមួយ ដែលចេញទឹក ហើយម្ចាស់ស្រែ បានដងយកទឹក មកចែកគ្នាផឹក ក្រោយពីច្រូតស្រូវរួចហើយ នាំគ្នាហូបបាយថ្ងៃត្រង់ ។
ក្រោយពីហូបបាយ និងផឹកទឹករួច រហូតដល់ម៉ោងជាង ៤ រសៀល ថ្ងៃទី២៥ វិច្ឆិកា នេះ ជនរងគ្រោះទាំងអស់ ចាប់ផ្តើមមាន អាការៈពុល ក្អួតចង្អោរជាខ្លាំង និងអ្នកផ្សេងទៀត បានពុលជាបន្តបន្ទាប់ ហើយបានត្រូវដឹកបញ្ជូន មកមណ្ឌលសុខភាព ស្រុកទឹកផុស ប៉ុន្តែដោយសារតែអាការៈពុល ធ្ងន់ធ្ងរខ្លាំងពេក ត្រូវបានដឹកបញ្ជូនបន្ត មកកាន់មន្ទីរពេទ្យបង្អែកខេត្ត នៅម៉ោង ៩ យប់ នាថ្ងៃដដែល ។
លោកបានបញ្ជាក់ថាៈ ដោយសារតែអាការៈធ្ងន់ធ្ងរ រហូតដល់ម៉ោងជាង ១២ ពាក់កណ្តាលអធ្រាត្រ ស្ត្រីម្នាក់ ជាម្ចាស់ស្រែ បានស្លាប់ និងនៅម៉ោង ៥និង៤៥នាទី ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ក៏បណ្តាលឲ្យស្ត្រីម្នាក់ទៀត បានស្លាប់ នៅក្នុងមន្ទីរពេទ្យខេត្ត ។ រហូតមកដល់ថ្ងៃទី២៦ វិច្ឆិកា ម្សិលមិញនេះ អ្នកជំងឺទាំង ១១ នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នៅឡើយ ហើយគ្រូពេទ្យ កំពុងយកចិត្តទុកដាក់ តាមដានស្ថានភាពសុខភាព និងអាការៈរោគ របស់ជនរងគ្រោះទាំងនោះ។
ទាក់ទិននឹងករណីនេះ សមត្ថកិច្ចជំនាញ ជាពិសេសខាងមន្ទីរសុខាភិបាលខេត្ត កំពុងធ្វើការស្រាវជ្រាវ រកមូលហេតុពិត ឲ្យឃើញច្បាស់លាស់ថា បណ្តាលមកអ្វី ៕/V