Home បទវិភាគ/ទស្សនៈ គួរតែ​បំពាក់​...

គួរតែ​បំពាក់​កាំ​ម៉ា​រ៉ា​សុវត្ថិភាព នៅ​កន្លែង​ម៉ាស្សា​!

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ទីតាំង​ម៉ាស្សា​យីហោ ដាយ​មិន (Diamond Massage) ដែល​បើក​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ដោយ​ចំហរ និង​បង្ហោះ​ពេញ​បណ្ដាញ​សង្គម Facebook ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌដូនពេញ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ ព្រមទាំង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​បិទ​ទីតាំង​ម៉ាស្សា​នេះ​ជា​បណ្តោះអាសន្ន និង​ឃាត់ខ្លួន​បុរស​ម្នាក់​ទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ផ្ទាល់​ដោយ​ខាង​ព្រះរាជអាជ្ញា​អម​តុលាការ លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​នៅ រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា នៅ​ចំណុច​ទីតាំង​ម៉ាស្សា​យីហោ ដាយ​មិន (Diamond Massage) នៅផ្ទះ​លេខ​៤៨C ផ្លូវ​លេខ​២២២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​
​អភិបាលខណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹងថា ចំពោះ​ទីតាំង​ម៉ាស្សា​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើយ​វិញ​ទេ និង​យោងតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ជំងឺឆ្លង COVID-19 គឺ​ត្រូវបាន​បិទ​ជា​យូរ​មកហើយ​។ តែ​ដោយឡែក ទីតាំង​ម៉ាស្សា ដាយ​មិន នេះ បាន​បើក​លួចលាក់ ល្មើ​សនឹង​បទបញ្ជា​របស់​អាជ្ញាធរ​។ ដូច្នេះ​ហាង​ម៉ាស្សា​នេះ ត្រូវ​បិទ​។​ក្រោយ​បញ្ចប់​ប្រតិបត្តិការ​កម្លាំង​នគរបាល​ជំនាញ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​តាំងខ្លួន​ជា​សន្តិសុខ ដើម្បី​នាំខ្លួន ទៅ​សួរនាំ​ប​ន្ដែ​ម​។​

​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប និង​បិទ​អាជីវកម្ម​ទីតាំង​ម៉ាស្សា​យីហោ «Diamond Massage» នៅ​ខណ្ឌដូនពេញ​នេះ បានកើត​ឡើង ក្រោយ​មានការ​ចែកចាយ​ឃ្លី​ប​វីដេអូ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បុរស​ម្នាក់ អះអាងថា ជា​អតិថិជន បាន​ទូរស័ព្ទ សាកសួរ​ពី Promotion ពិសេស​របស់​ហាង​ម៉ាស្សា ដាយ​មិន​។ ស្ត្រី​អ្នក​លើក​ទូរស័ព្ទ​នោះ បាន​ប្រាប់​លម្អិត​ពី​កញ្ចប់ Promotion បញ្ចុះតម្លៃ​ពិសេស​របស់​ហាង​ម៉ាស្សា​Promotion​ដាយ​មិន​ដែលមាន​បង្កប់​នូវ​សេវាកម្ម បម្រើ ផ្លូវភេទ ដោយ​ដៃ និង​ដោយ​មាត់​។​

​ក្នុងសង្គម​យើង សេវាកម្ម​បម្រើ​ផ្លូវភេទ បាន​បំ​លែងខ្លួន​ជា​បន្តបន្ទាប់​។ ដោយ​រាប់​ត្រួស ត្រឹមតែ​ក្រោយ​ការបោះឆ្នោត អ៊ុនតាក់ សម័យ​ឆ្នាំ​១៩៩៣ គឺ​សេវាកម្ម​បម្រើ​ផ្លូវភេទ ត្រូវបាន​បើកចំហរ ជា​ផ្ទះបន នៅ​ទំនប់ទួលគោក នៅ​ស្ទឹងមានជ័យ នៅ​ត្រឡោកបែក និង​នៅ​ក្បាលថ្នល់​ជាដើម​។ ក្រៅពីនោះ ក៏មាន​ស្ត្រី​រកស៊ី​ផ្លូវភេទ ឈរ​បក់ដៃ នៅតាម​សួនច្បារ​នានា នៅ​ភ្នំពេញ​។ នៅ​សួនច្បារ មុខ​វត្ត​បទុម ក៏​ជា​កន្លែង​លក់​ក្រូច​ច្របាច់ ដែល​បង្កប់​សេវាកម្ម​រកស៊ី​ផ្លូវភេទ កាលពី​សម័យមុន​ផងដែរ​។​

​ក្រោយមក សេវាកម្ម​បម្រើ​ផ្លូវភេទ ត្រូវបាន​ប្តូរ​រូបភាព​ពី​ផ្ទះបន មកជា​កន្លែង​ម៉ាស្សា និង​ខារ៉ាអូខេ​ព្រមទាំង​ផ្ទះសំណាក់ មួយចំនួន​។ រូបភាព​នេះ ចាប់ផ្តើម​នៅ​អំឡុង​ឆ្នាំ​២០០០ ហើយក៏​មាន​តាម​សេវា​កម្សាន្ត ដូចជា ហាង​បៀរហ្គាឌិន ភោជនីយដ្ឋាន ហាង​ម៉ាស្សា ខារ៉ាអូខេ ក៏មាន​ស្ត្រី​ខ្លះ បង្កប់​ការរកស៊ី​ផ្លូវភេទ​ផងដែរ​។ សេវាកម្ម​ក្រោយ​រូបភាព​នេះ ក៏បាន​បន្ត​ដល់​សព្វថ្ងៃ​។​

​សេវាកម្ម​ផ្លូវភេទ ក៏មានដែរ នៅតាម​ប្រព័ន្ធ​បណ​ណ្តា​ញ​សង្គម ពិសេស​តាម​ហ្វេ​ស​ប៊ុ​ក​។ ក្រុម​នេះ បាន​បង្ហោះ​ពី​សេវា​ផ្លូវភេទ​ជា​ចំហ​។ ក្នុងនោះ ស្ត្រី​រកស៊ី​ផ្លូវ ក៏​នៅតែ​បន្ត​ឈរ​រក​ភ្ញៀ​នៅពេល​យប់ តាមផ្លូវ និង​តាម​សួនច្បារ​។ តែ​មិន​ច្រើន​ដូច​មុន​ពេក​ទេ​។​

​ប៉ុន្តែ​បើ​និយាយ​ពី​តាម​ហាង​ម៉ាស្សា និង​ខារ៉ាអូខេ​វិញ គឺ​ភាគច្រើន ស្ត្រី​អ្នក​បម្រើការ ជា​អ្នក​អង្គុយ​កំដរ​ភ្ញៀវ​ប្រុសៗ គឺ​ស្ទើរតែ​ទាំងអស់ សុទ្ធ​តែមាន​សេវាកម្ម​ពិសេស ក្នុង​ការបម្រើ​ផ្លូវភេទ​។ នៅតាម​ហាង​ផឹកស៊ី ក៏​ដូចគ្នា​ដែរ​។​

​ដូច្នេះ​ដើម្បី​ឈានទៅ​លុបបំបាត់​តាម​ហាង​ម៉ាស្សា ខារ៉ាអូខេ ឬ​ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដែល​បង្កប់​សេវាកម្ម​ផ្លូវភេទ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច រឹតបន្តឹង តាមរយៈ​ការចាប់​បង្កប់​កា​ម៉ា​រ៉ា​សុវត្ថិភាព តាម​បន្ទប់​ម៉ាស្សា និង​ខារ៉ាអូខេ​។ នោះ​នឹង​ដឹង​ច្បាស់​ថា កន្លែង​នោះ បម្រើសេវា​ផ្លូវភេទ ឬក៏​ជា​ហាង​ម៉ាស្សា​ធម្មតា និង​ច្រៀង​ខារ៉ាអូខេ​មែនទែន​។​

​ប៉ុន្តែ​បើ​ដាក់​កា​ម៉ា​រ៉ា​សុវត្ថិភាព​មែន​នោះ គឺ​មិនមាន​ភ្ញៀវ​ប្រុសៗ​ខិលខូច ដែល​តែងតែ​ស៊ី​ក្រៅ​នោះ ចូល​ហាង​ម៉ាស្សា ខារ៉ាអូខេ​ទៀតឡើយ ព្រោះថា សឹងតែ​ទាំងអស់ អ្នក​ចូល​ហាង​ម៉ាស្សា និង​ខារ៉ាអូខេ គឺ​ដើម្បី​តែ​រក​នារី​ក្មេងៗ ដើម្បី​សប្បាយ និង​បម្រើ​អារម្មណ៍​ផ្លូវភេទ​របស់ខ្លួន​តែប៉ុណ្ណោះ​។ នេះ​ជា​រឿង​ពិត ក្នុងសង្គម​យើង ដែល​មនុស្ស​ប្រុស​ភាគច្រើន បានដឹង​យ៉ាងច្បាស់ ហើយ​សូម្បីតែ​ម្ចាស់​ហាង​ម៉ាស្សា និង​ខារ៉ាអូខេ រួមទាំង​ស្ត្រី​អ្នកបម្រើ​ការងារ​នៅ​ហាង​ទាំងនោះ ក៏បាន​ដឹង​គ្រប់ៗ​គ្នា​ដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular