ប្រែសម្រួល : កញ្ញាដាលីស ៖អង្គការសុខភាពពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ទី២៦វិច្ឆិកាបានជំរុញឱ្យបណ្តាប្រទេសអាហ្វ្រិកបង្កើនសមត្ថភាពរបស់ពួកគេក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនប្រឆាំងនឹងជំងឺកូវីដ១៩ ដោយព្រមានថាទ្វីបនេះនៅមិនទាន់ត្រៀមរួចរាល់សម្រាប់ការចាក់ថ្នាំបង្ការទេ។
ជាមួយនឹងវ៉ាក់សាំងការពារមេរោគកូរ៉ូណាចំនួន ៣ឥឡូវនេះបង្ហាញពីអត្រាប្រសិទ្ធភាព ៧០ ភាគរយឬលើសនេះ អង្គការបានអំពាវនាវឱ្យទ្វីបអាហ្វ្រិក”បង្កើនការត្រៀមលក្ខណៈសម្រាប់ប្រព័ន្ធចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមិនធ្លាប់មានរបស់ទ្វីបនេះ”។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់អាហ្វ្រិកបច្ចុប្បន្នត្រៀមលក្ខណៈបានត្រឹមតែ ៣៣ ភាគរយប៉ុណ្ណោះក្នុងការចាក់វ៉ាក់សាំងកូវីដ១៩។
តួលេខ ដែលផ្អែកលើទិន្នន័យផ្តល់ដោយប្រទេសចំនួន៤០ លើ “លក្ខណៈវិនិច្ឆ័យអំពីការត្រៀមខ្លួន” គឺស្ថិតនៅក្រោមកម្រិតគោលចង់បាន ៨០ ភាគរយ។
នាយក WHO ប្រចាំទ្វីបអាហ្វ្រិក លោក ម៉ាត់ស៊ីហ៊ីឌីសូ ម៉ូទី និយាយថា “ការរៀបចំផែនការនិងការត្រៀមលក្ខណៈនឹងធ្វើឱ្យជោគជ័យឬបរាជ័យនូវកិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មាននេះ”។
ក្តីបារម្ភចម្បងគឺកង្វះផែនការថវិកាគ្រប់គ្រាន់ ឧបករណ៍តាមដាន និងការចុះដល់សហគមន៍។
លោកម៉ូទីនិយាយថា “មានចន្លោះប្រហោងខាងភស្តុភារនិងហិរញ្ញវត្ថុសំខាន់ៗ ដូច្នេះត្រូវតែមានការរួបរួមគ្នាជាអន្តរជាតិជាចាំបាច់”។
WHO ប៉ាន់ប្រមាណថា ការចេញវ៉ាក់សាំងកូវីដ១៩ទៅកាន់តែមនុស្សអាទិភាពនៅទ្វីបអាហ្វ្រិក នឹងត្រូវចំណាយប្រហែល ៥,៧ ពាន់លានដុល្លារ។
បណ្តាប្រទេសអាហ្វ្រិកនឹងត្រូវបានឧបត្ថម្ភធនមួយផ្នែកដោយគម្រោងការចែកចាយវ៉ាក់សាំងកូវីដ១៩ជាសកល ហៅថា COVAX។
ធនាគារពិភពលោកក៏បានលៃទុកថវិកាចំនួន ១២ ពាន់លានដុល្លារដើម្បីជួយប្រទេសកំពុងអភិវឌ្ឍចំណាយលើកម្មវិធីចាក់ថ្នាំបង្ការរបស់ពួកគេផងដែរ៕
លោកម៉ូទីនិយាយថា គោលបំណងគឺចាក់វ៉ាក់សាំងឱ្យបាន ៣ ភាគរយនៃចំនួនប្រជាជនអាហ្វ្រិកនៅខែមីនាឆ្នាំ ២០២១ និង ២០ ភាគរយនៅចុងឆ្នាំ២០២១