ប្រែសម្រួល : កញ្ញាដាលីស ៖ មរណភាពរបស់លោក ឌីហ្គោ ម៉ារ៉ាដូណា អាចបង្កឱ្យមានជម្លោះគ្រួសារជុំវិញទ្រព្យសម្បត្តិរបស់គាត់ខណៈដែលគាត់លាចាកលោកចោលកូន៥នាក់ដែលគាត់ទទួលស្គាល់ជាកូនរបស់គាត់ និងកូនក្រៅខោ ៦ នាក់ផ្សេងទៀត។
មុនពេលគាត់ស្លាប់ កូនស្រីម្នាក់របស់គាត់ឈ្មោះ ជីយ៉ាននីណា ម៉ារ៉ាដូណា ធ្លាប់បាននិយាយលេងថា គាត់អាចបង្កើតឈុតបាល់ទាត់មួយក្រុមបានជាមួយកូនៗ១១នាក់ របស់គាត់បន្ទាប់ពីនារីជនជាតិអាហ្សង់ទីនឈ្មោះ ម៉ាហ្គាលី ហ្គីល អាយុ ២៣ ឆ្នាំត្រូវបានប្រកាសឈ្មោះជាស្ត្រីចុងក្រោយគេបង្អស់ ដែលនឹងតស៊ូបញ្ជាក់ថានាងជាកូនស្រីរបស់ម៉ារ៉ាដូណាដែរ។
លោកម៉ារ៉ាដូណាបានទទួលស្គាល់កូនប្រុស២នាក់និងកូនស្រី៣នាក់ដែលបង្កើតដោយស្ត្រី៤នាក់ផ្សេងគ្នា រួមទាំងអតីតភរិយារបស់គាត់ឈ្មោះ ក្លោឌា វីលឡាហ្វេន និង អតីតដៃគូយូរឆ្នាំ ឈ្មោះ វើរ៉ូនីកា អូជេដា។
នាង ជីយ៉ាននីណា ម៉ារ៉ាដូណា ជាកូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំង ២ របស់អតីតកីឡាករបាល់ទាត់រូបនេះជាមួយលោកស្រីវីលឡាហ្វេន បាននិយាយលេងសើចកាលពីឆ្នាំមុន បន្ទាប់ពីឈ្មោះកូន ៣ នាក់ទៀត ដែលគេនិយាយថាជាកូនរបស់គាត់នៅក្នុងប្រទេសគុយបា ត្រូវបានផ្សព្វផ្សាយជាសាធារណៈ យ៉ាងដូច្នេះថា “ត្រូវការតែ ៣ ទៀតប៉ុណ្ណោះល្មមសម្រាប់ក្រុមបាល់ទាត់គ្នា ១១ នាក់។ ប៉ាធ្វើវាបាន!!!”។
បច្ចុប្បន្នកូនដែលម៉ារ៉ាដូណាទទួលស្គាល់គឺ ឌីហ្គោ ជូនៀ អាយុ ៣៤ ឆ្នាំ ចាណា អាយុ ២៣ ឆ្នាំ ដាល់ម៉ា អាយុ៣២ឆ្នាំ ជីយ៉ាននីណា អាយុ ៣០ ឆ្នាំ និង ឌីហ្គោ ហ្វើណាន់ដូ អាយុ ៧ ឆ្នាំហើយកូនក្រៅខោដែលមិនទាន់ទទួលស្គាល់គឺ កូននៅគុយបា៣នាក់ឈ្មោះ ចូណា, លូ និងចាវីលីតូ និងកូននៅអាហ្សង់ទីន ៣នាក់ទៀត ឈ្មោះ ម៉ាហ្គាលី ហ្គីល អាយុ ២៣ ឆ្នាំ សានទីហ្គោ ឡារ៉ា អាយុ ១៩ ឆ្នាំនិងម្នាក់ទៀតមិនបញ្ចេញឈ្មោះ៕
ម៉ាហ្គាលី ហ្គីល (ឆ្វេង) និង សានទីហ្គោ ឡារ៉ា អាយុ ១៩ ឆ្នាំ គឺជាកូនក្រៅខោរបស់លោកម៉ារ៉ាដូណា