ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ប្រធានាធិបតីជិតចេញពីតំណែង លោកដូណាល់ ត្រាំ តាំងពីដើមរៀងមកមិនដែលទទួលស្គាល់បរាជ័យចំពោះអ្វីដែលលោកហៅថា «ការបោះឆ្នោតមានការលួចបន្លំ» និងប្តេជ្ញាបន្តការតស៊ូផ្លូវច្បាប់ដើម្បីធានាថា គ្រប់សន្លឹកឆ្នោតដែលបោះក្នុងការបោះឆ្នោតនាថ្ងៃ០៣វិច្ឆិកា ត្រឹមត្រូវតាមច្បាប់។
ត្រាំ បាននិយាយកាលពីថ្ងៃព្រសហ្បតិ៍ថា លោកនឹងចាកចេញពីសេតវិមាន ប្រសិនបើការបោះឆ្នោតដោយតំណាងតាមរដ្ឋ (អង្គបោះឆ្នោត)គាំទ្រគូប្រជែង ចូ បៃដិន ជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
ប្រធានាធិបតីជិតចេញពីតំណែង លោកដូណាល់ ត្រាំ
ទោះជាយ៉ាងណា លោកបានបន្ថែមថា បើតំណាងតាមរដ្ឋបោះឆ្នោតអោយបៃដិន វានឹងជា«កំហុស»មួយ។
នៅពេលត្រូវបានសួរថាតើលោកនឹងនឹងចាកចេញពីនិវេសដ្ឋានប្រធានាធិបតីនៅថ្ងៃចូលកាន់តំណែងទី២០មករាឆ្នាំ២០២១ទេ បើសិនជាលោកបៃដិនត្រូវបានបញ្ជាក់ថាជាអ្នកឈ្នះ លោកត្រាំបានប្រាប់ទៅអ្នកយកព័ត៌មានថា «ពិតណាស់ ខ្ញុំនឹងចាកចេញ ហើយអ្នកនឹងដឹងតែវាពិបាកណាស់ក្នុងការទទួលស្គាល់បរាជ័យ»។
លោកប្រធានាធិបតី ក៏បានរិះគន់ប្រព័ន្ធបោះឆ្នោតអាម៉េរិក ថាវាដូចជាប្រព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ គឺថា«យើងហាក់ដូចជាប្រទេសតតីយលោកមួយ»។
ទោះជាត្រាំនៅមិនទាន់ទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត ក៏គូប្រជែង បៃដីន បានត្រៀមក្រុមរដ្ឋាភិបាលថ្មីមួយរួចហើយ
មកត្រឹមថ្ងៃសុក្រនេះ អង្គការសារព័ត៌មានធំៗ ប៉ាន់ស្មានថាលោកបៃដិនជាប្រធានាធិបតីជាប់ឆ្នោត តែលោកត្រាំជំទាស់នឹងការប៉ាន់ស្មាននេះ ដោយថាការបោះឆ្នោត«ត្រូវបានលួចបន្លំ»ដោយពួកប្រជាធិបតេយ្យដើម្បីបេក្ខជនរបស់គេ។ក្រុមយុទ្ធនាការរបស់លោកបានដាក់ពាក្យបណ្តឹងជាច្រើន នៅតាមរដ្ឋ កន្លែងដែលពួកគេគិតថាមានការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំនិងមានភាពមិនប្រក្រតីខ្លាំង។
ក្នុងការនិយាយទូរស័ព្ទទៅកាន់សវនាការសាធារណៈមួយនៅរដ្ឋផេនស៊ីលវែនៀ លោកត្រាំបាននិយាយថា« នេះជាការបោះឆ្នោតដែលយើងឈ្នះដោយស្រួល យើងបានឈ្នះជាច្រើន។យើងមានភស្តុតាងដើម្បីដណ្តើមជ័យជម្នះមកវិញ តែត្រូវការមានចៅក្រមអព្យាក្រិតមួយដើម្បីស្តាប់ទឡ្ហីករណ៍របស់យើង»។
ក្រៅពីផេនស៊ីលវែនៀ រដ្ឋមីឈីហ្គឹន ណេវ៉ាដា និងចចជៀ បានបញ្ជាក់ជ័យជម្នះលើបៃដិន ខណៈដែលរដ្ឋដទៃទៀតនៅមិនទាន់ប្រកាសនរណាឈ្នះចាញ់នៅឡើយ។
ទោះជាប្តេជ្ញាបន្តការតវ៉ាផ្លូវច្បាប់ចំពោះលទ្ធផលឆ្នោត ក៏រដ្ឋការត្រាំបានអនុញ្ញាតអោយចាប់ផ្តើមដំណើរការផ្ទេរអំណាចទៅកាន់លោកបៃដិនផងដែរ ហើយលោកបៃដិនក៏បានប្រកាសជ្រើសរើសមនុស្សមួយចំនួនសំរាប់មុខតំណែងសំខាន់ៗរួចហើយសំរាប់រដ្ឋាភិបាលអាម៉េរិកបន្ទាប់៕