Home ព័ត៌មានអន្តរជាតិ បារាំង​បន្ត​យ...

បារាំង​បន្ត​យក​ពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​និង​ស្វែងរក​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉ារីស ៖ បារាំង​កំពុង​បន្ត​ប្រមូល​ពន្ធ​ពិសេស​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​ដូចជា Amazon និង Facebook​ទោះបីជា​មាន​ការគំរាមកំហែង​ពី​ពន្ធ​សងសឹក​របស់​អាម៉េរិក​​លើ​ស្រា​សំប៉ាញ ឈីស កាបូបដៃ និង​ទំនិញ​ផ្សេង​ទៀត​របស់​បារាំង​ក៏ដោយ​។​

​ពន្ធ​នេះ​បាន​នាំមក​នូវ​ថវិកា​ចំនួន ៤០០ លាន​អឺរ៉ូ​ដល់​ថវិកា​បារាំង​កាលពី​ឆ្នាំមុន ប៉ុន្តែ​រដ្ឋាភិបាល​បាន​យល់ព្រម​ផ្អាក​វា​នៅ​ឆ្នាំ ២០២០​ជា​ថ្នូរ​នឹង​ការសន្យា​របស់​អាម៉េរិក​ក្នុង​ការទម្លាក់​ចោល​​ការគំរាមកំហែង​ពន្ធ​សងសឹក ដោយ​រង់ចាំ​កិច្ចពិភាក្សា​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​ការយកពន្ធ​លើ​ក្រុមហ៊ុន​តាម​អ៊ី​ន​ធឺ​ណេត​។​

​បារាំង​សង្ឃឹមថា​កិច្ចព្រមព្រៀង​អាច​នឹង​សម្រេចបាន​នៅ​ដំណាច់​ឆ្នាំ​នេះ ដើម្បី​ទុក​ផ្លូវ​ចរចា​លើ​ពន្ធ​របស់​បារាំង​។ ប៉ុន្តែ​រដ្ឋបាល​ត្រាំ​បាន​ដកខ្លួន​ចេញ​ពី​ការចរចា​ដែល​ដឹកនាំ​ដោយ​អង្គការ​សហ​ប្រតិ​​បត្តិ​ការនិង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ហើយ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​បែប​នេះ​ត្រៀម​ចរចា​នោះឡើយ​។​

​ដូច្នេះ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង​លោក ព្រូ​ណូ ឡឺ​មែរ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​វិច្ឆិកា​ថា បារាំង​នឹង​យកពន្ធ​ម្តងទៀត​។

​ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីតាលី លោក​បាន​និយាយថា “​យើង​សង្ឃឹមថា ភាព​ជា​ប្រធាន​របស់​អ៊ីតាលី​នៃ​ក្រុម​ប្រទេស G20​នឹង​ផ្តល់​កម្លាំង​ជំរុញ​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​​មួយ​នៅក្នុង​អង្គការ OECD ដែល​អាច​ត្រូវបាន​គាំទ្រ​ដោយ​បណ្តា​ប្រទេស​អឺរ៉ុប​ទាំងអស់ ទាក់ទង​នឹង​ពន្ធ​យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​ក្រុមហ៊ុន​យក្ស​បច្ចេក​ជ្ជា​”​។​

​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​មួយ​រូប​បាន​និយាយថា រតនាគារ​បារាំង​បាន​ផ្ញើ​វិក្កយបត្រ​ពន្ធ ២០២០ ទៅ​ក្រុមហ៊ុន Amazon, Google​និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិធានការ​កាលពី​សប្តាហ៍​​មុន ហើយ​ពួកគេ​ត្រូវ​បង់​នៅ​ដំណាច់​ឆ្នាំ​នេះ​។ ក្រសួង​រំពឹងថា ប្រាក់​ចំណូល​ពន្ធ​នឹង​មាន​ចំនួន​សរុប​ច្រើនជាង​ឆ្នាំមុន ពីព្រោះ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​ត្រូវប៉ាន់​ខ្លាំង​នៅ​រដូវ​ជំងឺ​រាតត្បាត​។​

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បារាំង​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press កាលពីដើម​ខែ​នេះ​ថា លោក​សង្ឃឹម រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ដិន​ចូលរួម​ក្នុង​ការពិភាក្សា​​នៅឯ​អង្គការ OECD សម្រាប់​កិច្ច​ព្រមព្រៀង​ជា​សកល​មួយ​។​

​បណ្តា​ប្រទេស​អ៊ឺរ៉ុប​ផ្សេងទៀត​បាន​ដាក់ចេញ​នូវ​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ​ក្នុង​គោលបំណង​បង្ខំ​ឱ្យ​ក្រុមហ៊ុន​យក្ស​តាម​អ៊ី​ន​ធឺ​ណេត​បង់ពន្ធ​ពេញលេញ​នៅក្នុង​បណ្តា​ប្រទេស​ដែល​ពួកគេ​ធ្វើ​ជំនួញ​។ ​មន្ត្រី​អាម៉េរិក​បាន​អះអាងថា ការ​យក​ពន្ធ​គឺ​ផ្តោត​គោលដៅ​យ៉ាង​អយុត្តិធម៌​មក​លើ​ក្រុមហ៊ុន​ជោគជ័យ​របស់​អាម៉េរិក ទោះបីជា​បារាំង​និយាយ​ថា​ពន្ធ​របស់​ខ្លួន​គឺ​សំដៅ​ទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​ទាំងអស់ ដែល​រក​លុយ​តាម​អ៊ី​ន​ធឺ​ណេត​ក៏ដោយ​៕

​បារាំង​កំពុង​បន្ត​ប្រមូល​ពន្ធ​ពិសេស​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​ដូចជា Amazon និង Facebook​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular