Home ព័ត៌មានអន្តរជាតិ ប្រជាជន​អា​ហ្...

ប្រជាជន​អា​ហ្សង់​ទីនលា​លោកម៉ា​រ៉ាដូ​ណា​ជា​លើក​ចុងក្រោយ ចំ​ពេល​មាន​ការប៉ះទង្គិច​មួយ​ប្រាវ​រវាង​អ្នកគាំទ្រ​និង​ប៉ូលិស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉ារីស ៖ សព​កំពូល​តារាបាល់ទាត់ ឌី​ហ្គោ ម៉ា​រ៉ាដូ​ណា ត្រូវ​បាន​បញ្ចុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​វិច្ឆិកា​នៅក្នុង​ពិធី​ឯកជន​មួយ ដែល​ចូលរួម​ដោយ​មនុស្ស​តែ​ប៉ុន្មាន​សិប​នាក់​ប៉ុណ្ណោះ ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​ពេលព្រឹក​នៅ​ពេល​អ្នកគាំទ្រ​រាប់សែន​នាក់​ស្រែកយំ​ក្នុងពេល​ដង្ហែ​មឈូស​របស់គាត់​ជាច្រើន​ម៉ោង​នៅក្នុង​ពិធីបុណ្យ​ដូច​ប្រមុខរដ្ឋ​អម​ជាមួយ​ភាព​ចលាចល​នៅ​ពហុ​កីឡដ្ឋាន​ដ៏​ណែន​​មួយ​។​

​មានតែ​សមាជិកគ្រួសារ​និង​មិត្តភក្តិ​ជិតស្និទ្ធ​ប៉ុណ្ណោះ​ត្រូវបាន​អនុញ្ញាត​នៅ​ទី​បញ្ចុះសព​ចា​ឌី​ន​បែ​ល​ឡា​វី​ស្តា​សម្រាប់​ពិធី​សាសនា​ចុងក្រោយ​និង​ការ​បញ្ចុះសព​ម៉ា​រ៉ាដូ​ណា​នៅ​ជាប់​នឹង​ផ្នូរ​របស់​ឪពុក​ម្តាយ​​របស់​គាត់​ឈ្មោះ ដា​ម៉ា និង ឌី​ហ្គោ​។​

​ក្រុម​អ្នកគាំទ្រ​ដែល​គ្រវីទង់ជាតិ​ទង់ជាតិ​អា​ហ្សង់​ទីនបាន​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ដងផ្លូវ​នៅពេល​ដែល​រថយន្ត​ដឹក​សព​របស់​លោក​ម៉ា​រ៉ា​ដូណាបើក​កាត់​ពួកគេ ដែល​មាន​សន្តិសុខ​អម​ការពារ​យ៉ាង​ខ្លាំងក្លា​។ មនុស្ស​ជាច្រើន​បាន​ព្យាយាម​ស្ទាប​រថយន្ត នៅពេលណា​ដែល​រថយន្ត​ត្រូវបាន​បញ្ឈប់​ដោយសារ​ស្ទះ​ចរាច​រណ៍​។​

​ការ​ចូល​មើល​សព​ជា​លើក​ចុង​ក្រោយ​នៅ​វិមាន​ប្រធានាធិបតី​អា​ហ្សង់​ទីន​ត្រូវបាន​បញ្ឈប់​ភ្លាមៗ​មុន​ម៉ោង ៦ ល្ងាច ពោលគឺ ១២ ម៉ោង​បន្ទាប់ពី​គេ​ចាប់ផ្តើម​ឱ្យ​មនុស្ស​ចូល​គោរព​វិញ្ញាណក្ខន្ធ​តាម​ការ​សំ​​ណូម​ពរ​ពី​ក្រុមគ្រួសា​ររបស់​ម៉ា​រ៉ាដូ​ណា ហើយ​សាកសព​របស់​និមិត្តរូប​អា​ហ្សង់​ទីន​រូបនេះ​ត្រូវបាន​យក​ទៅ​បញ្ចុះ ជាហេតុ​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ខកចិត្ត​ព្រោះ​រង់ចាំ​យ៉ាង​ហូរ​ដើម្បី​គោរព​លា​ចុងក្រោយ និង​បង្ក​ឱ្យ​​មាន​ភាព​តានតឹង​ថ្មី​នៅ​មាត់ទ្វារ​ចូលទៅ​ទី​បញ្ចុះសព​។​

​អ្នកគាំទ្រ​បាន​ច្រៀង​ចម្រៀង​កីឡា​ជាតិ នៅ​ពេល​ពួកគេ​បង្កើត​ជា​ជួរ​ដ៏​វែង​លាតសន្ធឹង​ប្រហែល​អគារ​ជាង ២០ ប្លុក​ពី​ពហុ​កីឡដ្ឋាន Plaza de Mayo​កន្លែង​ដែល​ប្រជាជន​អា​ហ្សង់​ទីន​ប្រមូលផ្តុំ​ដើម្បី​​អបអរ​ជ័យជម្នះ​ដឹកនាំ​ដោយ​ម៉ា​រ៉ាដូ​ណា​នៅ​ក្នុង​ព្រឹត្តិការណ៍វើ​លខាប់​ឆ្នាំ ១៩៨៦ ។​

​ប៉ុន្តែ​ដោយសារ​ពេលវេលា​ចូល​គោរព​សព​នៅ​វិមាន​ប្រធានាធិបតី​ត្រូវ​បញ្ចប់ ប៉ូលិស​បាន​កាត់ផ្តាច់​ជួរ​ខាងក្រោយ​នៃ​ហ្វូងមនុស្ស ដោយ​បង្ក​ការ​ខឹងសម្បា​ដល់​អ្នកគាំទ្រ​មួយចំនួន ដែល​គប់​ដុំ​ថ្ម​និង​វត្ថុ​ផ្សេងៗ​ដាក់​មន្ត្រីប៉ូលិស ដែល​ឆ្លើយតប​វិញ​ដោយ​គ្រាប់កាំភ្លើង​ជ័រ​៕

​សព​លោក​ម៉ា​រ៉ាដូ​ណា​ត្រូវ​បាន​បញ្ចុះ​នៅក្បែរ​ផ្នូរ​ឪពុកម្តាយ​គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចំ​ពេល​មាន​ចលាចល​ខ្លះ​ក្នុងចំណោម​អ្នកគាំទ្រ​របស់គាត់ ដែល​ខកចិត្ត​មិនបាន​គោរព​លា​វិញ្ញាណក្ខន្ធ​ជា​លើកចុងក្រោយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular