ប្រែសម្រួល : កញ្ញាដាលីស/ប៉ារីស ៖ ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បានកោតសរសើរលោក ឌីហ្គោ ម៉ារ៉ាដូណា ដែលបានយកឈ្នះលើក្រុមអង់គ្លេសរបស់លោកស្រីនាយករដ្ឋមន្ត្រី ម៉ាហ្គារ៉េត ថាច់ឆឺ ជាមួយនឹងគ្រាប់បាល់ “បាតដៃព្រះ” របស់គាត់នៅក្នុងសារសម្តែងការគោរពជាផ្លូវការដល់និមិត្តរូបបាល់ទាត់អាហ្សង់ទីនរូបនេះ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធទី២៥វិច្ឆិកា។
វិមានអេលីសេរបស់ប្រធានាធិបតីបារាំងបានសាទរចំពោះការរួមចំណែករបស់ម៉ារ៉ាដូណាក្នុង “ការប្រកួតដែលមានលក្ខណៈភូមិសាស្ត្រនយោបាយបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់” គឺអាហ្សង់ទីនឈ្នះអង់គ្លេស ២-១ នៅវើលខាប់ឆ្នាំ ១៩៨៦ ក្នុងទីក្រុងម៉ិកស៊ីកូស៊ីធី ពោលគឺ ៤ ឆ្នាំបន្ទាប់ពីជ័យជម្នះរបស់លោកស្រីថាច់ឆឺក្នុងសង្គ្រាមនៅកោះហ្វកលែន។
ម៉ារ៉ាដូណាបានរកគ្រាប់បាល់ទី ១ ដោយខុសច្បាប់ដោយប្រើកណ្តាប់ដៃរបស់គាត់ រហស្សនាម “បាតដៃព្រះ” មុនពេលគាត់ញាក់ដាច់មួយតារាងស៊ុតចូលគ្រាប់ទី ២ នៅប៉ុន្មាននាទីក្រោយដែលគ្រាប់បាល់នោះជាប់ជាគ្រាប់បាល់អស្ចារ្យបំផុតប្រចាំសតវត្សរ៍។
លោកម៉ាក្រុងក៏បានសារភាពផងដែរថា នៅពេលគាត់មានអាយុ ៨ ឆ្នាំគាត់ពិតជាចង់បានរូបថតរបស់ម៉ារ៉ាដូណាតាំងលើជញ្ជាំងខ្លាំងណាស់ ចង់ដាក់ឈ្មោះកូនប្រុសថាឌីហ្គោ និងកោតសរសើរម៉ារ៉ាដូណាជាកីឡាករអស្ចារ្យបំផុតគ្រប់ជំនាន់ គឺល្អជាងវីរបុរសបាល់ទាត់បារាំង ហ្ស៊ីនីឌីន ហ្ស៊ីដាន់ទៅទៀត៕
លោកម៉ាក្រុងសរសើរម៉ារ៉ាដូណាចំពោះការប្រើបាតដៃព្រះទម្លាក់ក្រុមអង់គ្លេសរបស់លោកស្រីម៉ាហ្គារ៉េត ថាច់ឆឺ