ដោយៈ គន្ធា-ទេព មង្គល / ភ្នំពេញៈ នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសន្និសីទកាសែត ស្តីពីការអបអរសារទរ និស្សិតកម្ពុជា ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក ក្នុងការប្រឡងមុខវិជ្ជា មូលដ្ឋានគ្រឹះ នៃសវនកម្ម នៃការប្រឡងជាអន្តរជាតិ ដែលរៀបចំ ដោយស្ថាប័ន គណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។
ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក បណ្ឌិត ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ គណនេយ្យ ព្រមទាំងមានការចូលរួមពីសំណាក់ លោកនាយក គណៈគ្រប់គ្រង នៃវិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល និងលោក នូ រតនា ប្រធានស្ថាប័ន គណនេយ្យករ ជំនាញ ACCA ប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ ប៊ីហ្សនេសស្គូល បានមានប្រសាសន៍ថាៈ ចាប់តាំងពីឆ្នាំ ២០០៣ មក វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបណ្តុះបណ្តាល និស្សិតជាច្រើនជំនាន់ រួចមកហើយ។ ក្នុងរយៈពេល ២០ ឆ្នាំមកនេះ វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល បានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាព ដល់និស្សិត និងសាធារណជនទូទៅ ដែលសិក្សា នៅវិទ្យាស្ថាននេះ ដោយយកគុណភាព ជាចំបង ជាពិសេសចំពោះ គុណភាព គ្រូបង្រៀន និងកម្មវិធីសិក្សា ដើម្បីអោយស្របទៅនឹង មាត្រដ្ឋានជាតិ និងអន្តរជាតិ។
លោកនាយក បានបន្ថែមទៀតថាៈ វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល គឺជាវិទ្យាស្ថានតែមួយគត់ និងដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការទទួលស្គាល់ គុណភាពផ្នែកអប់រំ ពីស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ស្ថាប័នអ្នកវិភាគផ្នែកហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិក ស្ថាប័នបណ្តាញសកលវិទ្យាល័យ អាស៊ាន AUN-QA ប្រចាំនៅក្នុងប្រទេសថៃ និង ISO 9001:2015 នៅក្នុងប្រទេសសិង្ហបុរី ។ ក្នុងរយៈពេលជាង ២០ ឆ្នាំ ក្នុងការបណ្តុះបណ្តាល ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានខេមអេដ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍ ធនធានមនុស្ស ប្រកបដោយសមត្ថភាព និងការទទួលស្គាល់ ជាសកល ព្រោះថាសញ្ញាបត្រ មានការទទួលស្គាល់ ចំនួន ១៨៣ ប្រទេស នៅជុំវិញពិភពលោក។
លោក ខេស៊ី បាណេត បានមានប្រសាសន៍ថា ” ជារៀងរាល់ឆ្នាំ និស្សិត វិទ្យាស្ថានខេមអេដ តែងតែទទួលបាន នូវចំណាត់ថ្នាក់ល្អៗ នៅក្នុងការប្រឡង ជាលក្ខណៈអន្តរជាតិ ហើយនាថ្ងៃនេះផងដែរ យើងខ្ញុំមានមោទនភាព ដែល កញ្ញា ចាន់ ភីស្រីលិញ បានទទួលចំណាត់ថ្នាក់លេខ១ ពិភពលោក នៅក្នុងការប្រឡង ជាអន្តរជាតិ លើមុខវិជ្ជា មូលដ្ឋានគ្រឹះ នៃសវនកម្ម FAU ដែលជាមុខវិជ្ជាមួយ នៃកម្មវិធីសិក្សា អ្នកបច្ចេកទេស ផ្នែកគណនេយ្យ CAT តម្រូវអោយនិស្សិត ប្រឡងជាវិញ្ញាសាសរសេរ ដែលមានភាពពិបាក ព្រោះថា ជាការប្រឡងមួយ មានការចូលរួមប្រកួតប្រជែង សមត្ថភាពពីនិស្សិត ជាច្រើន នៅជុំវិញពិភពលោក ជាពិសេសរាល់សន្លឹក កិច្ចការ របស់និស្សិត តម្រូវអោយផ្ញើទៅកែ នៅក្នុងចក្រភពអង់គ្លេស ” ។
លោកបណ្ឌិត ងី តាយី បានមានប្រសាសន៏ថាៈ សន្និសីទកាសែត នាថ្ងៃនេះ គឺដើម្បីចូលរួមអបអរសារទរ សិស្សនិស្សិតកម្ពុជា ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថាៈ ធនធានមនុស្ស ផ្នែកគណនេយ្យ និងសវនកម្ម គឺជាធនធានដែលមាន សារៈសំខាន់ សម្រាប់គាំទ្រ ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា។ លោកបណ្ឌិតបានសំណូមពរ ដល់ប្អូនៗ និស្សិតទាំងអស់ មេត្តាបន្តយកចិត្តទុកដាក់ បន្ថែមទៀត ក្នុងការសិក្សារៀនសូត្រ ដើម្បីពង្រឹង និងអភិវឌ្ឍន៍ សមត្ថភាពរបស់ ខ្លួនឲ្យស្រប តាមតម្រូវការ នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ ,វិស័យគណនេយ្យ និងសវនកម្ម នៅកម្ពុជា និងដើម្បីប្រកួតប្រជែង ជាមួយប្រទេសជិតខាង ព្រមទាំងប្រទេសធំៗដទៃទៀត ទូទាំងសកលលោក។
គួរបញ្ជាក់ថា បច្ចុប្បន្ន កញ្ញា ចាន់ ភីស្រីលិញ គឺជានិស្សិតឆ្នាំទី៣ នៃកម្មវិធីសិក្សា បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិ អ្នកបច្ចេកទេស ផ្នែកគណនេយ្យ CAT នៅវិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល ហើយកញ្ញា ក៏ជាបុគ្គលិកហាត់ការ ផ្នែកវិភាគការវិនិយោគ អចលនទ្រព្យ នៅក្រុមហ៊ុន Belt Road Capital Investment ផងដែរ។ នាពេលថ្មីៗនេះ កញ្ញាបានទទួលលទ្ធផលខ្ពស់ លើវិញ្ញាសារប្រឡង មុខវិជ្ជាមូលដ្ឋានគ្រឹះ នៃសវនកម្ម (Foundations in Audit) ដោយកញ្ញាទទួលបាន ៨១ពិន្ទុ នៃពិន្ទុពេញ ១០០ ពិន្ទុ ក្នុងចំណោម និស្សិតជាច្រើននាក់ នៅទូទាំងពិភពលោក ។
កញ្ញាបានបញ្ជាក់ថាៈ ” តាមរយៈការខិតខំ រៀនសូត្រ ក្រោមការជួយជ្រោមជ្រែង យ៉ាងយកចិត្តទុកដាក់ ពីសំណាក់លោក សាស្ត្រាចារ្យ រយៈពេល ៣ ឆ្នាំមកនេះ ខ្ញុំតែងតែទទួលបានលទ្ធផល ជាទីគាប់ប្រសើរ លើគ្រប់មុខវិជ្ជា។ ហើយអ្វីដែលរឹតតែភ្ញាក់ផ្អើលនោះ គឺអំឡុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល និងរូបខ្ញុំផ្ទាល់ បានទទួលអ៊ីមែល ពីគណៈកម្មការ ប្រឡងកម្មវិធី CAT នៅចក្រភពអង់គ្លេស បញ្ជាក់ថា ពិន្ទុរបស់នាងខ្ញុំ បានឈរលើលំដាប់ខ្ពស់ជាងគេ លើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃសវនកម្ម ក្នុងចំណោមបេក្ខជន ជាច្រើន ដែលបានចូលរួមប្រឡង កម្មវិធីសិក្សា CAT ឆ្នាំ២០២០ នៅទូទាំងពិភពលោក “។
កញ្ញា ចាន់ ភីស្រីលិញ បានបញ្ជាក់ថាៈ ” ដំណឹងនេះ ធ្វើឲ្យនាងខ្ញុំ និងក្រុមគ្រួសារ ពិតជាមានក្តីរំភើប រីករាយក្រៃលែង។ ពួកយើងពិតជា មានមោទនភាព យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា របស់ វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល កន្លងមក។ កត្តាទាំងនេះហើយ ជាហេតុធ្វើអោយ និស្សិតវិទ្យាស្ថានខេមអេដ តែងត្រូវបានគេឲ្យតម្លៃខ្ពស់ មិនថា ក្នុងស្រុក និងអន្តរជាតិ ៕/V