Home ព័ត៌មានជាតិ នយោបាយ សុន្ទរកថា​សម្...

សុន្ទរកថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៧ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​កសាង​ខ្សែក្រវាត់ និង​ផ្លូវ និង​ពង្រឹង កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​” ​ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០, តាមរយៈ​ប្រព័ន្ធ​វីដេអូ

 

ឯកឧត្តម ស៊ី ជីន​ពីង (XI Jinping) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​,
ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និង​រដ្ឋាភិបាល
ឯកឧត្តម​, លោកជំទាវ​, លោក​, លោកស្រី​!

​ថ្ងៃនេះ ខ្ញុំ​ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​ដ៏ទៃទៀត ក្នុង​ពិធី​បើកសម្ពោធ ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៧ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​ជាការ​ពិតណាស់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់មាន​ពីមុន មកលើ​សេដ្ឋកិច្ច និង​សង្គម ។ យ៉ាងណាមិញ វិបត្តិ​នេះ​ក៏បាន​បង្ហាញ​កាន់តែច្បាស់ នូវ​ភាពចាំបាច់​កាន់តែខ្លាំង ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម និង​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​, ដោយ​ម្ខាង ដើម្បី​អាចឱ្យ​ជីវិត​សង្គម​យើង មានលទ្ធភាព​សម្រប​ទៅនឹង ប្រ​ក្រ​តិក​ម្ម​ថ្មី (New Normal) និង​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ និង​ម្ខាង​ទៀត ដើម្បី​លើកកម្ពស់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ភាព​ធន់ និង​ចីរភាព​។

​ទន្ទឹមនឹង​នេះដែរ វិបត្តិ​ក៏បាន​រំលេច​ឱ្យឃើញ​កាន់តែច្បាស់​នូវ​ភាពចាំបាច់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឌីជីថល ។

​បច្ចេកវិទ្យា​ឌីជីថល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រប​ខ្លួន​របស់​យើង ទៅ​បរិការណ៍​ថ្មី​នៃ​ការរស់នៅ និង​អនុវត្ត​ការងារ ដោយបាន​ជួយ​សម្រួល ដល់​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​តំបន់ និង​សកល​, ការតភ្ជាប់​សកម្មភាព​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​វិនិយោគ ។​ល​។ ប្រាកដ​ណាស់​ថា ការ​ព​ន្លឿ​ន​ការអភិវឌ្ឍ​ការតភ្ជាប់​ឌីជីថល​តំបន់ និង​ការ​ប្រែក្លាយ​សង្គម​-​សេដ្ឋកិច្ច​ឱ្យទៅជា​សង្គម​-​សេដ្ឋកិច្ច​ឌីជីថល នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ នាពេល​អនាគត ។ ប្រទេស​ចិន ជា​ប្រទេសមួយ​ដែល​ដឹកមុខ ក្នុងការ​អភិវឌ្ឍ​, វិនិយោគ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​សកលលោក ។ ក្នុងន័យនេះ ការជំរុញ​កិច្ច​សហ​ប្រតិ​- ប​ត្តិ​ការ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ក្រោម​ក្របខណ្ឌ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ នឹង​ក្លាយជា​ប្រធានបទ​មួយ​ដ៏​សំខាន់​នាពេល​អនាគត​។

​ឯកឧត្តម​, លោកជំទាវ​, លោក​, លោកស្រី !

​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​លើកកម្ពស់​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម ទាំង​ក្នុង​វិស័យ​ផលិតកម្ម​, ឧស្សាហកម្ម​, សេវាកម្ម និង​រដ្ឋាភិបាល​ឌីជីថល (Digital Government) ។ កម្ពុជា​នឹងដាក់​ចេញ​នូវ ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល នាពេល​ឆាប់ៗ​ខាងមុខនេះ ។ ដោយឡែក រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​បន្តបន្ទាប់ ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​, រួមមាន​៖ (១).​ការដាក់ឱ្យ​អនុវត្ត​នូវ​ថ្នាល​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ចំណាយពេល​តែ ០៨ ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការបើក​ក្រុមហ៊ុន​អាជីវកម្ម​, (២).​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​នឹង​ចូល​ជា​ធរមាន​ចាប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១, និង (៣).​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ជាដើម ។

​ជាងនេះទៅទៀត កម្ពុជា​នឹងដាក់​ចេញ ច្បាប់​វិនិយោគ​ថ្មី ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​ភាព​ទាក់ទាញ តាមរយៈ​ការផ្ដល់​ការលើកទឹកចិត្ត​ជា​កញ្ចប់​ដល់​ការវិនិយោគ លើ​ឧស្សាហកម្ម​ប្រភេទ​អេឡិចត្រូនិក​, បង្គុំ​, ក​សិ​-​ឧស្សាហកម្ម​, គ្រឿងបន្លាស់​, បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ។​ល​។

​ជាទី​បញ្ចប់ ខ្ញុំ​សូម​ជូនពរ​ឱ្យ ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី ១៧ ឆ្នាំ ២០២០ ទទួលបាន ជោគជ័យ​ដ៏​ត្រចះត្រចង់ ដូច​ការរំពឹងទុក ។

សូម​អរគុណ​!​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular