ដោយៈតារារិទ្ធ/ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគចំនួន៣ចំណុច។
ថ្លែងទៅកាន់ពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី១៧ ឆ្នាំ ២០២០ ក្រោមប្រធានបទ “កសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល” នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០, តាមរយៈប្រព័ន្ធវីដេអូ ,សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្មទាំងក្នុងវិស័យផលិតកម្ម, ឧស្សាហកម្ម, សេវាកម្ម និងរដ្ឋាភិបាលឌីជីថល (Digital Government) ។
សម្តេចតេជោ ហ៊ុន សែន បន្តថាកម្ពុជានឹងដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលឆាប់ៗខាងមុខនេះ ។
សម្តេចមានប្រសាសន៏ថា៖ ដោយ ឡែករាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជា បន្តបន្ទាប់ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ, រួមមាន៖
១.ការដាក់ឱ្យអនុវត្តនូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយចំណាយពេលតែ ០៨ ថ្ងៃប៉ុណ្ណោះក្នុងការបើកក្រុមហ៊ុនអាជីវកម្ម។
២.បានចុះកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-ចិនដែលនឹងចូល ជាធរមានចាប់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១។
៣.ការរៀបចំផែនការមេដើម្បីអភិ វឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាដើម ។
សម្តេចបន្តថាៈជាងនេះទៅទៀតកម្ពុជានឹងដាក់ចេញច្បាប់វិនិយោគថ្មីដែលមានលក្ខណៈគ្រប់ជ្រុងនជ្រោយនិងមានភាពទាក់ទាញ តាមរយៈការផ្ដល់ការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគលើឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គុំ,កសិ-ឧស្សាហកម្ម,គ្រឿងបន្លាស់,បច្ចេកវិទ្យានិងហេដ្ឋារចនា សម្ព័ន្ធឌីជីថល ។ល។ ៕