ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងជំនាញនគរបាលព្រហ្មទ័ណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ជាជនជាតិចិន ចំនួនបួននាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ដោយជាប់សង្ស័យ ជាក្រុមចាប់ជម្រិតមនុស្ស និងពាក់ស្លាកលេខ រថយន្តក្លែងបន្លំ។
លោកឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ថាៈ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅចន្លោះបង្គោលគីឡូម៉ែត្រ លេខ ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតដល់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានត្រួតពិនិត្យរថយន្ត ១គ្រឿង ម៉ាកស្តារិច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2BC-6802 ដោយមានជនជាតិចិន បួននាក់ នៅក្នុងរថយន្តនោះ។ ក្នុងការត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ច បានរកឃើញសម្ភារមួយចំនួន ដែលជាឧបករណ៍ប្រើប្រាស់ ក្នុងការចាប់ជម្រិតមនុស្ស ទើបធ្វើការឃាត់ខ្លួន បុរសជនជាតិចិន ទាំងបួននាក់ ដែលនៅក្នុងរថយន្តតែម្តង។
ជនសង្ស័យជាជនជាតិចិន ទាំង បួននាក់ រួមមានៈ ១-ឈ្មោះ ZHANG GE XIN អាយុ ៥០ឆ្នាំ ស្នាក់នៅ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ , ២-ឈ្មោះ LU LU អាយុ ៣៥ឆ្នាំ ស្នាក់នៅ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ , ៣-ឈ្មោះ SONG JIA MING ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅកាស៊ីណូ WM ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និង៤-ឈ្មោះ JIANG BAO អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ។ បុរសជនជាតិចិន ទាំងបួននាក់នេះ មានមុខរបរ មិនពិតប្រាកដ ហើយនៅពេលសមត្ថកិច្ច ឃាត់ខ្លួន មិនមានលិខិតឆ្លងដែន យកតាមខ្លួននោះទេ។
ចំណែកវត្ថុតាង ដែលសមត្ថកិច្ច ចាប់យកបានមាន -ដំបងឆក់ ១ដើម -ខ្នោះដៃ ១គូ -ស្រោមខ្នោះ ១ -ខ្សែលួស ១ដុំ -ម៉ាស់ ១៨ សន្លឹក -មួកកាតិបពណ៌ខ្មៅ ៤ -អាវធំ ១ ពណ៌ខៀវ -ស្បោងក្រណាត់ខ្មៅ សម្រាប់គ្របមុខ ១ -ស្រោមដៃ ៥គូ -ទូរស័ព្ទដៃ ២គ្រឿង (ម៉ាក Iphone7 និងម៉ាក Samsung) -រថយន្ត ១គ្រឿង ម៉ាក ស្តារិច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2BC-6802 (ស្លាកលេខក្លែងបន្លំ) ៕/V