ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឃាតកម្ម
(ឃាតៈ-កាំ)
នាមសព្ទ
(បា.) អំពើគឺការសម្លាប់, អំពើសម្លាប់, អំពើបៀតបៀន ។
ឃាតកៈ
(ឃា-តៈ-កៈ)
នាមសព្ទ
(បា. ឃាតក) អ្នកធ្វើឃាត, អ្នកសម្លាប់ ។
ទណ្ឌឃាដ
(ទ័នឌៈ-ឃាត)
នាមសព្ទ
(បា.) ការពិឃាតដោយអាជ្ញា, ដោយដំបង, កំណាត់ឈើ ជាគ្រឿងពិឃាត ។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះវណ្ណយុត្តម្យ៉ាងមានសណ្ឋានលំនាំកន្ទុយកំប្រុក (៍) សម្រាប់ដាក់ឃាត់អក្សរមិនឲ្យមានសំឡេង ដូចជា ប្រយោជន៍, យោជន៍, ខ្លឹមចន្ទន៍ ជាដើម; វណ្ណយុត្តនេះ បើហៅថា បដិសេធ ក៏បាន, ចំពោះភាសាសំស្រឹ្កតដែលសរសេរជាអក្សរទេវនាគរី, ទណ្ឌឃាតនេះហៅថា វិរាម មានរូបដូច្នេះ(^) សម្រាប់ប្រើដាក់ពីក្រោមតួអក្សរក្រោយបង្អស់ ដែលទុកគ្រាន់តែជាតួប្រកបប៉ុណ្ណោះ មិនឲ្យចេញសំឡេងដូចជាពាក្យថា កម៌ន, តបស, តេជស, អាត្មន, ជាដើម ។ ប៉ុន្តែចំពោះភាសាសំស្ក្រឹតដែលសរសេរជាអក្សរខ្មែរ, យើងសន្មតសញ្ញាទណ្ឌឃាតនេះដូច្នេះវិញ (—) សម្រាប់ដាក់ពីលើតួអក្សរក្រោយបង្អស់នោះៗ ដែលគ្រាន់តែជាតួប្រកបមិនឲ្យចេញសំឡេងដូចគ្នាដែរដូចជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈបុ័ស, តេជ័ស, អាត្ម័ន ) ។
ទណ្ឌឃាត
(ទ័នឌៈ-ឃាត)
នាមសព្ទ
( ម. ព. ទណ្ឌឃាដ ) ។
នរឃាតក
(នៈរៈឃាតៈកៈ ឬ —ដក់)
នាមសព្ទ
(បា. នរឃាតក) អ្នកពិឃាតមនុស្ស (ព. កា. ប្រើជា នរឃាតក៍ អ. ថ. នៈរៈឃាត ក៏បាន) ។ វេវ. មនុស្សឃាតក ។