ដោយៈ សរិទ្ធ / ភ្នំពេញៈ សមត្ថកិច្ចនគរបាល ខណ្ឌដង្កោ បានបញ្ជូនបុរសម្នាក់ ដែលចាប់រំលោភ សេពសន្ថវៈកូនឈ្នួលខ្លួនឯង មកតុលាការ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការ តាមច្បាប់។
បុរសរូបនេះ ឈ្មោះ ឆោម ចាន់វិចិត្រ អាយុ ៣៣ ឆ្នាំ បានត្រូវសមត្ថកិច្ ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ផ្ទះលេខ ១០E0 ផ្លូវលេខ ២C បុរីពិភពថ្មី ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក ជនរងគ្រោះ ឈ្មោះ ម ស.ស ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅ ផ្ទះកើតហេតុ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កាលពីវេលា ម៉ោង ០០ និង ៥០ នាទី ឈានចូល ថ្ងៃទី២៤ ខែវិច្ឆិកា ជនរងគ្រោះ កំពុងតែដេក នៅជាន់ផ្ទាល់ដី ម្នាក់ឯង ស្រាប់តែជនសង្ស័យ ជាម្ចាស់ផ្ទះ បានមកពីខាងក្រៅ លូកដៃដោះសោ ដែលទំពក់ជាប់នឹងទ្វារ ខាងមុខ រួចដើរចូលមកក្នុងផ្ទះ។ ពេលនោះ ជនសង្ស័យ ក៏បាន ចាប់ដៃស្តាំរបស់ ជនរងគ្រោះ ទាញឱប ធ្វើសកម្មភាព រំលោភសេពសន្ថវៈ លើជនរងគ្រោះ បានសម្រេច។ ពេលជនសង្ស័យ រំលោភបានសម្រេចហើយ ក៏បាន ដើរឡើងទៅចូលដេក ក្នុងបន្ទប់ដេក ជាមួយប្រពន្ធ ដូចធម្មតា។
បន្ទាប់មក ជនរងគ្រោះ ក៏បានបើកទ្វារ រត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទ ប្រាប់បងប្រុសបង្កើត ហើយបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា ពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ លើជនរងគ្រោះ ប្រាកដមែន។ ដោយឡែក កាលពីថ្ងៃទី៧ ខែវិច្ឆិកា វេលាម៉ោង ២២ និង ៣០ នាទី រូបគេ ក៏ធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈ លើជនរងគ្រោះម្តងដែរ តែមិនបានសម្រេចនោះ ទេ៕/V