ប្រែសម្រួល : កញ្ញាដាលីស/វីលនីញូស ៖ ទីភ្នាក់ងារសុខាភិបាលលីទុយអានីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ វិច្ឆិកា) ថា ខ្លួនបានរកឃើញវីរុសកូរ៉ូណាដំបូងគេក្នុងចំណោមសំពោចរបស់ខ្លួន ខណៈដែលសំពោចងាប់ ២២ ក្បាលនៅកសិដ្ឋានមួយនៅកណ្តាលប្រទេសលីទុយអានីបានតេស្តិ៍វិជ្ជមាន។
នាយកទីភ្នាក់ងារនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការធ្វើតេស្តិ៍នៅឯកសិដ្ឋានសំពោច៦០.០០០ ក្បាលបានចាប់ផ្តើមបន្ទាប់ពីសំពោចចាប់ផ្តើមងាប់ដោយមិននឹកស្មានដល់ហើយឥឡូវនេះកសិដ្ឋានសង្ស័យថា សំពោចឆ្លងវីរុសកូរ៉ូណាពីកម្មករដែលឆ្លងជំងឺម្នាក់។
អ្នកនាំពាក្យទីភ្នាក់ងារសុខាភិបាលបាននិយាយថា “នៅពេលនេះកសិដ្ឋានកំពុងដាក់នៅដាច់ដោយឡែកពីគេ ប៉ុន្តែយើងឱ្យសម្លាប់សំពោចតែ ៤០ក្បាលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសំពោចឆ្លងរោគ។ សំពោចនៅសល់កំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ហើយរាល់ការសម្រេចចិត្តណាមួយនឹងត្រូវធ្វើឡើងនៅពេលណាដែលស្ថានការណ៍វិវត្តន៍”។
លោកស្រីបានបន្ថែមថា លីទុយអានីមានសំពោចចំនួន ១,៦ លានក្បាលនៅកសិដ្ឋានចំនួន ៨៦ ។
ដាណឺម៉ាកនិយាយកាលពីសប្តាហ៍មុនថា ដានមេរោគកូរ៉ូណាប្រែរូបរាងថ្មី ដែលកើតចេញពីកសិដ្ឋានចិញ្ចឹមសត្វសំពោចនៅក្នុងប្រទេសនេះ គឺ ជិតផុតពូជហើយ។
សំពោចនៅកសិដ្ឋានទាំងអស់១,៧លានក្បាលនៅក្នុងប្រទេសដាណឺម៉ាកត្រូវបានសម្លាប់ចោលដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងចំណោមសត្វសំពោច និង ការរកឃើញវីរុសកូរ៉ូណាបំប្លែងខ្លួន ដែលអាជ្ញាធរនិយាយថាវាអាចកាត់បន្ថយភាពស៊ាំទៅនឹងអង្គបដិប្រាណនោះ បានបង្កឱ្យមានការភ័យខ្លាចថា វាអាចប៉ះពាល់ដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំង៕