ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ ចិននឹងវាយពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃជាង ១០០ ភាគរយលើស្រាអូស្ត្រាលីចាប់ពីចុងសប្តាហ៍នេះដែលជាសញ្ញាចុងក្រោយនៃភាពតានតឹងកាន់តែយ៉ាប់យ៉ឺនផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី២៧វិច្ឆិកាថា ពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃនឹងចូលជាធរមានចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា (ថ្ងៃសៅរ៍) និង មានចាប់ពី ១០៧,១ ភាគរយរហូតដល់ ២១២,១ ភាគរយ។
ការយកពន្ធនេះបានកើតឡើងក្នុងពេលតែ៣ ខែប៉ុណ្ណោះបន្ទាប់ពីចិនបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃនិងការឧបត្ថម្ភធនទៅលើស្រាអូស្ត្រាលីនិងបន្ទាប់ពីមានវិធានជាច្រើនទៀតរារាំងការនាំចូលធ្យូងថ្មរហូតដល់ទង់ដែងនិងស្រូវសាលីមកពីអូស្ត្រាលីនៅឆ្នាំនេះ។
លោក ថូនី បាត់ថាគ្លីន នាយកប្រតិបត្តិនៃក្រុមឧស្សាហកម្មនិងស្រាទំពាំងបាយជូរអូស្ត្រាលី បាននិយាយថា “យើងមិនជឿថាមានករណីណាមួយត្រូវឆ្លើយនោះទេ ដូច្នេះបើមិនបានឃើញព័ត៌មានលម្អិតទេ នោះវាពិតជាគួរឱ្យខកចិត្តណាស់”។ លោកកត់សម្គាល់ថា លោកមិនទាន់បានឃើញសេចក្តីថ្លែងការណ៍របស់ចិននៅឡើយទេ។
ភាគហ៊ុនរបស់ក្រុមហ៊ុនស្រា Treasury Wine Estates បានធ្លាក់ចុះជាង ១១ ភាគរយបន្ទាប់ពីដំណឹងនេះបានលេចឡើង មុនពេលការជួញដូរត្រូវផ្អាកដើម្បីរង់ចាំការប្រកាសផ្លូវការ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ក្រុមហ៊ុន Subsidiary Treasury Wine Estates Vintners ជាប់ឈ្មោះត្រូវបង់ពន្ធ ១៦៩,៣ ភាគរយ។
រដ្ឋាភិបាលអូស្ត្រាលីនិយាយនៅថ្ងៃសុក្រនេះថា ខ្លួនមាន “ការខកចិត្តខ្លាំងបំផុត”។
រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលីលោក ដេវីដ លីតថលប្រោដ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការសម្រេចចិត្តថ្ងៃនេះគឺជាការវិវត្តន៍គួរឱ្យបារម្ភបំផុត និងជាការសម្រេចចិត្តមួយដែលអូស្ត្រាលីនឹងប្រយុទ្ធប្រឆាំងជាដាច់ខាត។ រដ្ឋាភិបាលអូស្ត្រាលីទាត់ចោលរាល់ការចោទប្រកាន់ថា អ្នកផលិតស្រារបស់យើងកំពុងបង្ខូចថ្លៃផលិតផលនាំទៅចិន ហើយយើងបន្តជឿថាវាគ្មានមូលដ្ឋានឬភស្តុតាងណាមួយសម្រាប់ការអះអាងទាំងនេះឡើយ”៕
ចិននឹងដំឡើងពន្ធជាង ១០០ ទៅ ២០០ភាគរយលើផលិតផលស្រាអូស្ត្រាលីចាប់ពីចុងសប្តាហ៍នេះតទៅ