អ្នកនាំពាក្យ​ធម្មកា​រៈ ពុទ្ធសករាជ​ចូល​២៥៦២ ចាប់ផ្តើម​ពីថ្ងៃ ១ រោច ខែ ពិសាខ​

3660
ចែករម្លែក
  • 3
    Shares

​ដោយៈ មេសា​/​ភ្នំពេញៈ ដើម្បី បញ្ចប់​នូវ​ការខ្វែងគំនិត​គ្នា​អំពី​ថ្មី​នេះ​អំពី​ពុទ្ធសករាជ ឆ្នាំ ច គឺ​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ​ថ្មី​នេះ អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មុនី ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​មួយ បានបញ្ជាក់​ឡើង​ថា ” ការផ្លាស់ប្ដូរ​ពុទ្ធសករាជ​ពី ២៥៦១ ទៅ ២៥៦២ គឺ​ចាប់ផ្ដើម​នៅ​ថ្ងៃ​១​រោច ខែ​ពិសាខ ដែល​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​ខាងមុខនេះ ” ។

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង សាសនា


​​សូមជម្រាបថា ថ្មីៗ​នេះ មានការ​ខ្វែងគំនិត​គ្នា ជាពិសេស​មានការ​រិះ​គាន់​គ្នា ដោយសារ​ស្ថា​ប័​ផ្សព្វផ្សាយ​ព័ត៌មាន​ដូចជា​ទូរទស្សន៍​ជាដើម សរសេរ​ដូចជា​ថា ” សួស្តី​ឆ្នាំ​ថ្មី ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក ពុទ្ធ​សកា​រាជ ២៥៦២ ” ដូច្នេះ​ជាដើម ហើយក៏​បាន​រង​ការ​រិះគន់ថា ការសរសេរ​ទាំងនោះ​គឺជា​កំហុស ដោយ​ពួក​អ្នក​រិះគន់​ទាំងនោះ បាន​អះអាងថា ពុទ្ធសករាជ នឹង​ចូលដល់ ២៥៦២ នៅ​ថ្ងៃ ១ រោច ខែ ពិសាខ ឯណោះ​ទេ ។​

​​ការរិះគន់​បែបនេះ ក៏មាន​ការឆ្លើយតប​ទៅវិញ ថា ” តើ​ការឡើង​នេះ ដោយសារ​មិន​យល់ ឬ ចង់​កាច់​កុង បន្តុះបង្អាប់ ? បើ​មិន​យល់ អាច​ពន្យល់បាន តែបើ​ចង់​កាច់​កុង គួរតែ​ទៅ​ពេទ្យ​ទៅ ” ដូច្នេះ​ជាដើម ។​

​​ជា​ការពិតហើយ​ថា បើ​យោងតាម​ឯកសារ​នានា ដូចជា​ប្រិត​ទិន និង សៀវភៅ​មហាសង្ក្រាន្ត​ជាដើម គឺ​ប្រាកដ​ហើយ​ថា ការដូរ​ពុទ្ធសករាជ ការត្រឹមត្រូវ គឺ​ត្រូវ​ប្ដូរ​នៅ​ថ្ងៃ​១​រោច ខែ ពិសាខ ជា​ថ្ងៃ​ដែល ថ្នាក់ដឹកនាំ​កំពូល​ព្រះពុទ្ធសាសនា កំណត់​យក​ដោយ​គិត​បន្ទាប់​ពីថ្ងៃ​ព្រះ​ពុទ្ធអង្គ ទ្រង់​យាង​ចូលកាន់​ព្រះ​និព្វាន នៅ​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ។ សម្រាប់​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ ទី​៣០ ខែមេសា ឆ្នាំ​២០១៨ មិនមែន​ប្ដូរ​ពីថ្ងៃ​ចូលឆ្នាំ ឬ​ថ្ងៃ​ឡើងស័ក​នេះ​ទេ ។

​ឬ ក៏​គេ​អាច​និយាយ​ម្យ៉ាង​ទៀតថា ការ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង ពុទ្ធសករាជ គឺជា​រឿង ២ ផ្សេងគ្នា ពោលគឺ​ការចូល​ថ្មី​ប្រពៃណី​ខ្មែរ ដើម្បី ឆ្លង​ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយទៀត តាមបែប​ប្រពៃណី​ខ្មែរ ( និង បណ្តា​ប្រទេស កាន់​ព្រះពុទ្ធសាសនា​ថេរវាទ ដូចជា ប្រទេស មី​យ៉ាន់​ម៉ា និង ឡាវ ជាដើម ) ប៉ុន្តែ​មិនមែនជា​ការឆ្លង​ពុទ្ធសករាជ​ទេ ហើយ​ពិធី​ចូលឆ្នាំ​ខ្មែរ ធ្វើ​នៅ​ខែ ចេត្រ ចំណែក​ការឆ្លង ឬ វូ​ល​ពុទ្ធសករាជ ធ្វើ​នៅ​ខែ ពិសាខ ឯណោះ​ទេ ។ ដូច្នេះ ចូលឆ្នាំ​ខ្មែរ​រួចហើយ ក៏​ពុទ្ធសករាជ នៅ​ដដែល រហូត​បន្ទាប់​ពីថ្ងៃ ១ រោច ខែ ពិសាខ ទៅ ទើប​ពុទ្ធ​សក​រា​ត្រូវបាន​ឆ្លង ឬ ឈានចូល ពុទ្ធសករាជ ថ្មី ។​

​សូម​មើល​ក្នុង​គំនូស អំពី​ការផ្លាស់ប្តូរ​ពុទ្ធសករាជ

​ដូច្នេះ​តាម​ត្រឹមត្រូវ ការប្រើ​លិខិតបទដ្ឋាន​ផ្លូវការ គឺ​គេ​ត្រូវ​ប្រើ ២៥៦១ លុះត្រា​ដល់ ថ្ងៃ​១​រោច ខែ​ពិសាខ ទើប​ប្រើ​ជា​ពុទ្ធសករាជ ២៥៦២​បាន ។ ទោះ​ករណីនេះ​មិន​សម្រេច​ទៅលើ​ក្បួនខ្នាត​ទាំងស្រុង​ទេ អាស្រ័យ​រាជរដ្ឋាភិបាល ជា​អ្នកសម្រេច ព្រោះ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា​ព្រះពុទ្ធសាសនា ជា​សាសនា របស់​រដ្ឋ​។ ប្រទេស​ខ្លះ​រដ្ឋ​ជា​អ្នកកំណត់ ដូចជា​ប្រទេស​ថៃ រដ្ឋាភិបាល គេ​សម្រេច​ប្ដូរ​ពុទ្ធសករាជ​នៅ​ថ្ងៃទី​១ ខែមករា ដើម​ឆ្នាំនេះ​តែម្ដង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម