ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោកបានសម្រេចរួចហើយ ក្នុងការជ្រើសរើសយករូបសំណាកព្រះភារុណ ធ្វើជានិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ ដើម្បីយកមកប្រើប្រាស់ជាផ្លូវការ សម្រាប់ការងាររដ្ឋបាលរបស់ខ្លួន ហើយនៅក្រោយនិមិត្តសញ្ញា នៃព្រះភារុណនេះ ក៏មានរូបភាពដែលបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ ជាមួយនឹងការអភិវឌ្ឍនៅក្នុងមូលដ្ឋានខណ្ឌទួលគោកផងដែរ។
ការជ្រើសរើសយករូបសំណាកព្រះភារុណធ្វើជានិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌទួលគោកនេះ បានលើកឡើងនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី ២៧ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមាន លោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកឯកឃុន ដឿន អភិបាលខណ្ឌទួលគោក។
លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា៖ រូបសំណាកព្រះភារុណ តំណាងឲ្យភាពត្រជាក់ត្រជុំ ចម្រុងចម្រើនដោយហេតុនេះហើយ ទើបយើងសម្រេចជ្រើសរើសយករូបសំណាកព្រះភារុណធ្វើជានិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌរបស់យើង។ ក្រៅពីព្រះភារុណនៅខាងក្រោយរះភារុណ ក៏បានរំលេចទៅដោយរូបសញ្ញាសត្វព្រាប១គូរ រូបចេនឡា អង់តែនទូរទស្សន្ត៍ទួលគោក ស្ពានអាកាសជាមួយនឹងអាគារខ្ពស់ជាច្រើនទៀតផងដែរ ដែលបានបង្ហាញឱ្យឃើញពីភាពរីកចម្រើនឥតឈប់ឈររបស់រដ្ឋបាលខណ្ឌទួលគោក។
លោកឯក ឃុនដឿន ក៏បានបញ្ជាក់ថា៖ បើមិនច្រឡំទេរូបសំណាកព្រះភារុណ បានសាងសង់ឡើងក្នុងអំឡុងឆ្នាំ២០០៧ ខណៈដែរ លោកកែប ជុតិមា ជាអភិបាលរាជធានីភ្នំពេញ នៅចំណុចគល់ស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ជំនួសរូបសំណាកតោ២។
លោកក៏បានបញ្ជាក់ផងដែរថា៖ អនុវត្តទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការផ្លាស់ប្ដូរនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌនេះ ក្រោយពីបានពិភាក្សា សម្រេចថា យកព្រះភារុណធ្វើជានិមិត្តសញ្ញាហើយ យើងនឹងផ្ញើទៅរដ្ឋបាលរាជធានីភ្នំពេញដើម្បីពិនិត្យនិងសម្រេចបន្តទៀត ជាមួយនឹងការពិពណ៌នាស្តីពីរូបសញ្ញាទាំងនេះឲ្យបានលំអិតផងដែរ ។
គួរបញ្ជាក់ផងដែរថា៖ រដ្ឋបាលខណ្ឌទួលគោក ក្រៅពីការផ្លាស់ប្ដូរនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌហើយ សង្កាត់ទាំង១០ក៏ត្រូវផ្លាស់ប្ដូរនិមិត្តសញ្ញារបស់រដ្ឋបាលសង្កាត់ដូចគ្នានេះផងដែរ។ បន្ថែមពីលើនេះទៀត សម្រាប់រដ្ឋបាលខណ្ឌ ទាំង១៤និងសង្កាត់ទាំង១០៥ ក៏ធ្វើការផ្លាស់ប្ដូរនិមិត្តសញ្ញាដូចគ្នានេះផងដែរ៕