ដោយ: ពៅនិមល / ភ្នំពេញ: លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ បានបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារ សម្រាប់ត្រៀមរៀបចំវេទិកា សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ដែលនឹងឈានមកដល់ពេលខាងមុខ។
នៅក្នុងអង្គប្រជុំដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ បានលើកឡើងថា វេទិកាសដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលក្រសួងពាណិជ្ជកម្មបានត្រៀមរៀបចំ គឺជាវេទិការបស់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ក្នុងគោលបំណងដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសក្នុងតំបន់ទាំងពីរ (អាស៊ី និងអឺរ៉ុប) ហើយកិច្ចប្រជុំវឌ្ឍនភាពស្ដីពីការត្រៀមរៀបចំវេទិកានេះដែរ មានការចូលរួមធ្វើបទបង្ហាញពីក្រុមការងារទាំង០៣ គឺ១.ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ២.ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង៣.ក្រុមការងារផ្នែកផ្គត់ផ្គង់និងហិរញ្ញវត្ថុ ដោយផ្ដោតជាសំខាន់ទៅលើ ការពិនិត្យកែសម្រួលខ្លឹមសារឯកសារពាក់ព័ន្ធនឹងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបដែលកម្ពុជាគ្រោងនឹងធ្វើនៅពេលខាងមុខ។
លោកលើកឡើងបន្តថា ចំពោះវឌ្ឍនភាពការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ ក្រុមការងារបានបែងចែកជា០៨គឺ ១.ក្រុមការងារសម្របសម្រួល ២.ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ៣.ក្រុមបង្ហាញផលិតផល និងតែងលម្អ៤.ក្រុមមន្ត្រីទំនាក់ទំនង ៥.ក្រុមសិល្បៈ ៦.ក្រុមសន្តិសុខ ៧.ក្រុមដឹកជញ្ជូន ទី៨.ក្រុមពិធីការ ដោយក្នុងនោះដែរក្រុមការងារផ្នែកផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានដាក់លិខិតជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរួចហើយនៅរង់ចាំតែការឆ្លើយតបពីក្រសួងតែប៉ុណ្ណោះ។
សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ ហើយបច្ចុប្បន្ន ASEM មានដៃគូរចំនួន៥៣ ក្នុងនោះ២១ប្រទេសមកពីអាស៊ី ៣០ប្រទេសមកពីអឺរ៉ុប និងអគ្គលេខាធិការដ្ឋានអាស៊ាន ព្រមទាំងសហភាពអឺរ៉ុប លើសពីនេះ ASEM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូរ និងកិច្ចសហប្រតិបត្ដិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្ដិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី។
សូមជម្រាបថា ប្រធានបទនៃការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប យើងបានសម្រេចកំណត់យកចំណងជើងថា “LEVERAGING GLOBAL VALUE CHAIN AND MULTILATERALISM FOR INCLUSIVE GROWTH IN THE 4IR AND NEW NORMAL TRANSITION” ហើយក៏នឹងត្រៀមអញ្ជើញវាគ្មិនជាតិ និងអន្ដរជាតិដែលជា CEO និង Moderator ដែលមានបទពិសោធន៍ មានកេរិ៍តឈ្មោះ និងទទួលជោគជ័យក្នុងអាជីវកម្មទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប៕