Home ព័ត៌មានជាតិ អប់រំ ប្រកួត​និយាយ​...

ប្រកួត​និយាយ​រឿងនិទាន​ជា​ភាសា​ចិន​លើកដំបូង​ត្រូវបាន​រៀបចំឡើង​នៅ​វិទ្យាល័យ​អង្គរ​

ដោយ​: ដេប៉ូ / សៀមរាប​: ការប្រកួត​និយាយ​រឿងនិទាន​ជា​ភាសា​ចិន​លើកដំបូង ត្រូវបាន​រៀបចំឡើង​នៅ​វិទ្យាល័យ​អង្គរ ដែល​កម្មវិធី​នេះ​បាន​ផ្តល់ឱកាស និង​លើកទឹកចិត្ត​ដល់​អ្នកសិក្សា​ភាសា​ចិន ឱ្យ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ភាសា​ចិន​របស់ខ្លួន ដើម្បី​ចូលរួម​ជា​ស្ពាន​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​កម្មវិធី​នេះដែរ​បានរៀបចំ​ឡើង​ដោយ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ និង​មជ្ឈមណ្ឌល​វប្បធម៌​ចិន​ប្រចាំ​កម្ពុជា និង​ក្រោម​កិច្ច​គាំទ្រ​ពី​ស្ថាន​អគ្គ​កុងស៊ុល​ចិន​ប្រចាំខេត្ត​សៀមរាប មន្ទីរអប់រំ យុវជន​និង​កីឡា ខេត្តសៀមរាប និង​សភាពាណិជ្ជកម្ម​ចិន​ប្រចាំ​ខេត្តសៀមរាប​។​

​លោក ចាង យ៉ាវ​អ៊ូ ប្រធានការិយាល័យ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ បានឱ្យដឹងថា នេះ​ជា​លើក​ទី​១ ដែល​ខេត្តសៀមរាប​បានរៀបចំ​នូវ​កម្មវិធី​ប្រកួត​និយាយ​រឿងនិទាន​ជា​ភាសា​ចិន សម្រាប់​សិស្សានុសិស្ស​កម្ពុជា ដែល​កំពុង​សិក្សា​ភាសា​ចិន​។ កម្មវិធី​នេះ​បានរៀបចំ​អស់​រយៈពេល​១​ខែ ដោយ​ចាប់ផ្តើម​ពី​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២០ ដោយមាន​សិស្សានុសិស្ស​ជាច្រើន​បាន​ចូលរួម​ក្នុងការ​ប្រកួត​នេះ ហើយ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ថ្ងៃ​ប្រកួត​ផ្តាច់​ព្រ័ត​ដែលមាន​សិស្សានុសិស្ស​ចំនួន​១២​រូប បាន​ចូលរួម​ប្រកួត​ក្នុងនោះ​មាន​ស្រី​ចំនួន​១១​នាក់​។​

​លោក​សង្ឃឹមថា ការប្រកួតប្រជែង​នេះ នឹងត្រូវ​បាន​ប្រើ​ជា​ចំណុច​ចាប់ផ្តើម​ក្នុងការ​លើកទឹកចិត្ត​បន្ថែមទៀត និង​ចូលរួម​អបអរសាទរ​ក្នុងចំណោម​សិស្សានុសិស្ស​ក​ម្ពុ​ជា​វ័យក្មេង​លើ​ការសិក្សា​ភាសា​ចិន ព្រម​ចាក់គ្រឹះ​រឹងមាំ​ថែមទៀត​សម្រាប់​ការផ្លាស់ប្តូរ​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​។

​ជាមួយគ្នានេះ លោក​បាន​បន្ថែមថា ចាប់ពី​ឆ្នាំ​២០១៦​មក តាមរយៈ​ការសាងសង់​អគារសិក្សា​នៅតាម​សាលារៀន​មួយចំនួន​នៅ​កម្ពុជា មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​បាន​ចូលរួម​នៅក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ខេត្តសៀមរាប​។

​ដោយឡែក លោក លីវ ជឺ​ជា អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​គាំទ្រ និង​សម្របសម្រួល​របស់​មន្ទី​រ​អប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប ដែល​បាន​ផ្តល់ឱកាស​ឱ្យ​សង្គម​ស៊ីវិល​ប្រទេស​ចិន​ដែល​ក្នុងនោះ​រួមមាន មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម នៅក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស ហើយ​ជាពិសេស​រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ដល់​អ្នក​ដែល​បាន​កំពុង​សិក្សា​ភាសា​ចិន​នៅក្នុង​ខេត្តសៀមរាប​។

​លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប បាន​ថ្លែង​នូវ​ការកោតសរសើរ​ខ្ពស់​ចំពោះ មូលនិធិ​ចិន​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ រួម​ជាមួយនិង​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​បាន​ចូលរួម​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៅក្នុង​ការអភិវឌ្ឍ​ក្នុង​ខេត្តសៀមរាប ។​

​គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​រួចមក​លទ្ធផល សិស្ស​ឈ្មោះ ឯក សុវណ្ណ​បុប្ផា ត្រូវ​បានទទួល​រង្វាន់​លេខ​១ ដោយ​ទទួលបាន​ទឹកប្រាក់​ចំនួន​៣០០​ដុល្លារ​និង​រង្វាន់​ជាច្រើន​ទៀត ហើយ​ចំណាត់ថ្នាក់​លេខ​២​មាន​ចំនួន​២​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ទឹកប្រាក់​១៥០​ដុល្លារ ចំណាត់ថ្នាក់​លេខ​៣​មាន​៣​នាក់​ដោយ​ម្នាក់ៗ​ទទួលបាន​១០០​ដុល្លារ និង​ចំណាត់ថ្នាក់​លួង​ចិត្ត​មាន​ចំនួន​៦​នាក់​ដោយ​ម្នាក់ៗ​ទទួលបាន​៥០​ដុល្លារ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular