ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: ស្ត្រី ២នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀត ត្រូវបានគេដឹកយកទៅជួយសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត ដោយមានការសង្ស័យថា បណ្ដាលមកពីពុលទឹកអណ្តូង ដែលអ្នកទាំងនោះបានផឹកក្រោយពេលសម្រាកហូបបាយ។
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានអញ្ជើញទៅចូលរួមរំលែកទុក្ខ និងចូលបច្ច័យក្នុងពិធីបុណ្យសពដល់គ្រួសាជនរងគ្រោះទាំងពីរនាក់។ ជាមួយគ្នានេះដែរ អភិបាលខេត្តកំពង់ឆ្នាំងក៏បានចាត់ឲ្យមន្ត្រីជំនាញខេត្តស្រុកចុះទៅពិនិត្យដល់កន្លែងកើតហេតុ នៅចំណុចអណ្ដូងទឹកមួយកន្លែង ដែលស្ថិតនៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
គួរំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗ ប្រជាពលរដ្ឋដែលជាអ្នកភូមិរស់នៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស បាននាំគ្នាទៅច្រូតស្រូវនៅចំណុចអូររូង។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលជាអ្នករងគ្រោះកំពុងសំរាកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌ឲ្យដឹងនៅក្នុងមន្ទីពេទ្យនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា២០២០ នេះថា នៅព្រឹកនោះក្រោយពីការច្រូតរួច ប្រជាពលរដ្ឋចំនួន១៥នាក់ បាននាំគ្នាសម្រាក ពិសារបាយជុំគ្នា ដោយម្ចាស់ស្រែ បានធ្វើម្ហូបមានសម្លរ ក្តាមស្រែ និងឪឡឹកទុំ ពេលពិសាបាយរួច ក៏នាំគ្នាពិសារទឹកក្នុងពីដុង ដែលម្ចាស់ស្រែដាក់មកតាម លុះដល់ពេលអស់ ទឹកនៅក្នុងពីដុង ម្ចាស់ទៅដងទឹកអណ្ដូងដៃដាក់ក្នុងពីដុង យកមកចែកគ្នាផឹកបន្តទៀត។ ថ្ងៃនោះ ក្រោយពីនាំគ្នាត្រឡប់មកផ្ទះវិញ ស្រាប់តែនាំមានអាការៈ ធីងធោង វិលមុខ ក្អួតចង្អោររាគ ហើយម្ចាស់ស្រែ ដែលមានឈ្មោះណុល វ៉ារ៉ុម ភេទស្រី អាយុ ៤៥ឆ្នាំ ក៏បានស្លាប់បាត់បង់ជីវិត។
ប្រភពបន្តថា នៅថ្ងៃបន្ទាប់ ទី២៦ខែវិច្ឆិកា ជនរងគ្រោះទាំងអស់ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក នៅយប់នោះផងដែរ ស្ត្រីម្នាក់ទៀតឈ្មោះ ម៉ៅ ចិន្តា អាយុ ៤៧ឆ្នាំ ក៏បានស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ដោយឡែក មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះមិនអាចទំនាក់ទំនងសាកសួរជុំវិញមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ បើទោះបីមានការព្យាយាមពីក្រុមអ្នកសារព័ត៌មានយ៉ាងណាក៏ដោយ ហើយអ្វីដែលជាការចាប់អារម្មណ៍ទៀតនោះ រឿងកើតហេតុខាងលើនេះ តាំងពីថ្ងៃទី២៥ ប៉ុន្តែទើបមានការផ្ទុះនៅថ្ងៃទី២៧ គ្រាដែលមានមនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត គឺហាក់ដូចជាមានការលាក់លាមអ្វីមួយផងដែត។
ទោះជាយ៉ាងនេះក្តី តាមការបញ្ជាក់ពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ទឹកអណ្ដូងដែលពួកគាត់ប្រើគឺជាទឹកអណ្ដូងដៃ ហើយនៅជិតនោះមានចម្ការឪឡឹក ដែលគេសង្ស័យថា អ្នកចម្ការប្រើប្រាស់ទឹកអណ្ដូងនេះដើម្បីលាយថ្នាំសម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិត ទើបបណ្ដាលឲ្យមានការពុលបែបនេះដល់មនុស្សជាច្រើនយ៉ាងនេះ។
ក្រោយកើតហេតុ នៅកន្លែងកើតហេតុ ក៏ត្រូវបានធ្វើការព័ទ្ធខ្សែ និងបានដាក់ស្លាកបំរាមហាមមិនឲ្យមានការប្រើប្រាស់ទឹកអណ្ដូងនោះបន្តទៀតផងដែរ៕