ដោយៈសរិទ្ធ/កណ្តាលៈបុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណីឆបោកតាមបណ្តាញហ្វេសប៊ុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តឹងរបស់ជនរងគ្រោះដោយជាប់ពាក់ព័ន្ធករណីឆបោក (តាមបណ្តាញហ្វេសប៊ុក)។
បុរសរូបនេះឈ្មោះខ្នា វ៉ាន់ណារ៉ា អាយុ២៩ឆ្នាំ មុខរបរបើកបរ នៅភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្ដាល។ ចំណកជនរងគ្រោះឈ្មោះឃួន គន្ធា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទអនឡាញ នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ដើមបណ្តឹងបានបញ្ជាក់ថានៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មុនកើតហេតុគាត់បានឡាយលក់ទូរស័ព្ទតាមហ្វេសប៊ុក ឈ្មោះ Srey pin online shops ។ពេលនោះជនសង្ស័យបានចូលមើលក្នុងផេកនោះហើយបានឃើញមានអតិថិជនទិញទូរស័ព្ទម៉ាកiPhone7 plus មួយគ្រឿងតាមផេក។ បន្ទាប់មកជនសង្ស័យបានប្រើប្រាស់ហ្វេសប៊ុក ឈ្មោះSrey pin online shops ដែលខ្លួនបានបង្កើតទុកនោះឆាតទៅអតិថិជនឲ្យផ្ញើលុយតាមវីងហើយផ្ញើលេខកូតវីងចូលក្នុងឆាតហ្វេសប៊ុករបស់ខ្លួន។នៅពេលទទួលបានលេខកូតវីងពីអតិថិជនហើយជនសង្ស័យបានយកហ្វេសប៊ុក ឈ្មោះKhmeng Khmer ផ្ញើលេខកូតវីងនោះទៅក្នុងផេកឈ្មោះSrey pin online shops ជារបស់ជនរងគ្រោះហើយជនសង្ស័យបានដាក់លេខទូរស័ព្ទរបស់ខ្លួន (093356455) ជាអ្នកទទួលរបស់វិញ។ក្រោយពីជនរងគ្រោះទទួលបានលេខកូតវីងហើយជនរងគ្រោះក៏បានផ្ញើទូរស័ព្ទនោះតាមរថយន្តតាក់ស៊ីទៅឲ្យ។រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០ព្រឹកមានអតិថិជនបានទៅដល់ហាងលក់ទូរស័ព្ទហើយនិយាយថាមិនឃើញផ្ញើទូរស័ព្ទឲ្យគាត់សោះទើបជនរងគ្រោះដឹងថាមានគេបោក។
ដើមបណ្តឹងបានបន្តថានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១និង២០នាទីរសៀល ជនរងគ្រោះបានទាក់ទងតាមលេខទូរស័ព្ទរបស់ជនសង្ស័យថាផ្ញើទូរស័ព្ទម៉ាកoppoទៅឲ្យមួយគ្រឿងទៀតហើយបានណាត់កន្លែងជួបគ្នានៅផ្លូវជាតិលេខ៤មុខផ្សារថ្នល់ទទឹងទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានធ្លាប់បោកតាមបណ្តាញសង្គមហ្វេសប៊ុកនេះបានចំនួន០៤ដងមកហើយ៕