ដោយ: ប.ខុន / ភ្នំពេញ: បរិមាណត្រីសម្រាប់ធ្វើប្រហុកផ្អក ដែលចាប់បាននៅតាមគន្លងដាយត្រីតាមដងទន្លេសាប នាថ្ងៃ១២កើតខែមិគសរនេះ(២៧វិ ច្ឆិកា) មានការថយចុះ តែតម្លៃត្រីបានកើន ឡើងបើធៀបទៅថ្ងៃទី២៥ខែវិច្ឆិកា។ នេះបើតាមលោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទ ដែលបានជួលគន្លងដាយត្រីពីរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៧ខែវិច្ឆិកា។
អ្នកធ្វើអាជីវកម្មនេសាទខាងលើបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ខែវិច្ឆិកាត្រី សម្រាប់ធ្វើប្រហុកដែលចាប់បានមានការកើនឡើងជាលំដាប់ដោយក្នុងពេលពី ៣០ទៅ៤០នាទីលើកម្តងបានត្រីពី៣០ទៅ៤០គីឡូក្រាម តែបានថយចុះទៅវិញជាលំដាប់ ដោយនៅថ្ងៃទី២៧ខែវិច្ឆិកានេះ រយៈពេលពី៣០ទៅ៤០នាទី លោកឌុកម្តងបានត្រីតែពី៥ទៅ១០គីឡូក្រាម។ តែតម្លៃត្រីក្នុងមួយគីឡូក្រាមបានឡើងដល់ ជាង៣.០០០រៀល។
លោក ម៉ូត ហូសាន់ និយាយឱ្យដឹងទៀតថា ធម្មតាខ្នើតខែនេះជាខ្នើតចាប់បានត្រីធំ តែកន្លងទៅនេះមានត្រីច្រកែងនិងត្រីពោតិចតួចណាស់ ដែលចាប់បាន តែបែរជាចាប់បានប្រភេទត្រីប្រហុកខ្លះជំនួសវិញ។ ត្រីប្រហុកអាចនឹងចាប់បានច្រើននៅខ្នើតខែក្រោយ ដោយសារទឹកទន្លេនៅហូរខ្លាំងអាចចាប់បាននៅក្នុងខ្នើតពីរដងទៀត។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៧ខែវិច្ឆិកាថា ត្រីសម្រាប់ធ្វើប្រហុកផ្អកមកដល់រសៀលថ្ងៃនេះ(២៧វិច្ឆិកា) មិនឃើញមានចំនួនកើនឡើងទេ គឺថយចុះទៅវិញបើធៀបថ្ងៃទី២៦ខែវិច្ឆិកា។ នៅគន្លងដាយត្រីតាមដងទន្លេសាបក្នុងខេត្តកណ្តាល ចំនួនត្រីចាប់បានក៏មានការថយចុះទៅវិញដែរ៕