ដោយ: ពៅនិមល/ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃកម្ពុជា បានស្នើរឲ្យភាគីជប៉ុនជួយជាលក្ខណៈបច្ចេកទេស ដើម្បីរៀបចំមជ្ឍមណ្ឌលអភិវឌ្ឍន៍ភាពជាសហគ្រិន និងភាពជាស្រី្ត សម្រាប់អភិវឌ្ឍន៍សមត្ថភាព និងជាកន្លែងស្រាវជ្រាវរបស់ស្ត្រី នៅក្នុងផ្នែកសេដ្ឋកិច្ច ដើម្បីជួយឲ្យស្ត្រីនៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម(SME) ទទួលបានហិរញ្ញប្បទាន ឬឥណទានផ្សេងៗក្រោមគម្រោងគិតគូររបស់រាជរដ្ឋាភិបាល ។
ក្នុងជំនួបការងារ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជម្រាបជូនលោក មីកាមី ម៉ាសាហ៊ីកូ ( MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អំពីការអភិវឌ្ឍន៍នៅកម្ពុជា រដ្ឋាភិបាលនិងប្រជាជនជប៉ុនតែងតែគាំទ្រកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាច្រើន ក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។
លោកស្រីបានបន្តថា កាលពីពេលពេលកន្លងមកនេះ ក្រសួងបានទទួលថវិការមួយចំនួនរួចហើយ ដើម្បីយកមកសាងសង់ មជ្ឍមណ្ឌលអភិវឌ្ឍន៍ភាពជាសហគ្រិន និងភាពជាស្រី្ត។ លោកស្រីបន្តទៀតថា ដើម្បីជម្រុញឲ្យមជ្ឍមណ្ឌលអភិវឌ្ឍន៍ភាពជាសហគ្រិននិងភាពជាស្រី្តប្រកបតម្លាភាពក្នុងការអភិវឌ្ឍន៍សមត្ថភាព និងជាកន្លែងស្រាវជ្រាវរបស់ស្ត្រីនៅក្នុងផ្នែកសេដ្ឋកិច្ច ក្នុងគោលដៅជួយឲ្យស្ត្រីនៅក្នុង SME ទទួលបានហិរញ្ញប្បទាន ឬឥណទានផ្សេងៗយកទៅអភិវឌ្ឍន៍បន្ថែម ក្រោមគម្រោងគិតគូររបស់រដ្ឋាភិបាល។
ភាគីជប៉ុនបានឆ្លើយតបក្នុងជំនួបនេះថា ពាក់ព័ន្ធគោលដៅអភិវឌ្ឍន៍ រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រកបដោយការទទួលខុសត្រូវ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមាន ជាពិសេសសម្រាប់អ្នកវិនិយោគទុនជប៉ុននៅកម្ពុជា។ ចំណែកគម្រោងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ភាពជាសហគ្រិន និងភាពជាស្រី្ត ដែលមានទីតាំងនៅជ្រោយចង្វារ លោកឯកភាពនៃការបង្កើតមជ្ឈមណ្ឌលនេះឡើង ព្រោះថាមានសារៈសំខាន់ណាស់ក្នុងការជម្រុញអភិវឌ្ឍន៍ស្ត្រក៏ជាការបង្កើនការចូលរួមជាស្ត្រីក្នុងវិស័យវិនិយោគឲ្យកាន់តែច្រើន៕