Home ព័ត៌មានជាតិ នយោបាយ អគ្គរដ្ឋទូត​ប...

អគ្គរដ្ឋទូត​បារាំង ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ដល់​សិក្ខាកាម​យោធា​កម្ពុជា​

ដោយៈ យោធិន / ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​នៅ​កម្ពុជា បានប្រគល់​សញ្ញាបត្រ (DELF) ដល់​សិក្ខាកាម​យោធា​កម្ពុជា ដែល​បានបញ្ចប់ វគ្គ​បណ្តុះបណ្តាល ផ្នែក​ភាសា​បារាំង​មួយរយៈ កាល​កន្លងទៅ ក្រោម​កិច្ច​ជ្រោមជ្រែង ពី​ភាគី​បារាំងសែស​។ ពិធី​ប្រគល់​សញ្ញាបត្រ ភាសា​បារាំង ត្រូវបាន​រៀបចំឡើង ដោយ​ស្ថាន​ឯកអគ្គរដ្ឋទូត​បារាំង ក្នុង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​ព្រះរាជា​ណា​កម្ពុជា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ព្រមទាំង​នាយទាហាន ជាន់ខ្ពស់ ក្នុង​កងយោធពល​ខេមរភូមិន្ទ ជាច្រើនរូប ក៏បាន​អញ្ជើញ​ចូលរួម ពិធី​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​ការសិក្សា​ភាសា​បារាំង កំរិត A1-B1 នេះដែរ​។​

​តាម​ការវាយតម្លៃ​កម្រិត​សមត្ថភាព ក្នុងការ​សិក្សា​របស់​សិ​ក្ខា​កាម កន្លងទៅនេះ បានបង្ហាញ​ឲ្យ​ឃើញថាៈ អង្គភាព​ដែល​ទទួលបាន​ជោគជ័យ លើ​ភាសា​បារាំង រួមមានៈ ១. មជ្ឈមណ្ឌល​ជាតិ សិស្ស​ចំនួន ២២ នាក់ បាន​ប្រឡង​ជាប់ ចំនួន ១៤ នាក់ ស្មើនឹង ៦៣,៦៣ % ។ ២.​សាកលវិទ្យាល័យ ការពារជាតិ សិស្ស​ចំនួន ១២ នាក់ បានទទួល​ជោគជ័យ ចំនួន ៣​នាក់ ស្មើនឹង ១២% ។ ៣.​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល នៃ​កងយោធពល​ខេរ​ភូមិន្ទ សិស្ស​ចូលរួម​ចំនួន ២២ នាក់ បាន​ប្រឡង​ជាប់​កំរិត A1-B1 ចំនួន ២០ នាក់ ស្មើនឹង ៩០,៩០ % ។ ៤.​សាលា​នាយទាហាន​សកម្ម សិស្ស​ចំនួន ២៣ នាក់ បាន​ប្រឡង​ជាប់ ចំនួន ១៦ នាក់ ស្មើនឹង ៦៩,៥៦ % ។​

​លោកស្រី ឯកអគ្គរដ្ឋទូត​បារាំ​ង បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការសិក្សា​ភាសា​បារាំង របស់​សិក្ខាកាម​យោធិន​កម្ពុជា បើទោះបីជា​បរិបទ នៃ​ការសិក្សា ភាសា​បារាំង​នេះ ស្ថិតក្នុង​អំឡុងពេល នៃ​វិបត្តិ​កូ​វីដ​-១៩ ក៍ដោយ ក៍​សិក្ខាកាម​ទាំងអស់ បាន​យកចិត្តទុកដាក់ ប្រឹងប្រែង​រៀនសូត្រ រហូត​ទទួលបាន​លទ្ធផល យ៉ាង​ល្អប្រសើរ លើសពី​ការរំពឹងទុក​។​

​លោកស្រី ឯកអគ្គរដ្ឋទូត បានកត់សម្គាល់​ថាៈ ភាសា​បារាំង នៅតែ​ជា​អាទិភាព ក្នុងការ​ចេញទៅ​បំពេញ បេសកកម្ម​រក្សា​សន្តិភាព ជាពិសេស​យោធិន ជានា​រី ដែល​មជ្ឈមណ្ឌល​ជាតិ បាននិងកំពុង​តែ​បណ្តុះបណ្តាល ជាក់ស្តែង​ស្រាប់ ដោយ​មិន​ត្រឹមតែ បណ្តុះបណ្តាល ផ្នែក​វិទ្យាសាស្ត្រ សុខាភិបាល ក៍​សំខាន់​ណាស់ដែរ សម្រាប់​នាយទាហាន ដែលមាន​បំណង ទៅ​បំពេញ​កម្មសិក្សា នៅ​ប្រទេស​បារាំង​។​

​លោកស្រី ឯកអគ្គរដ្ឋទូត ក៏បាន​ស្ញើ​ច​សរសើរ និង​លើកទឹកចិត្ត សូមអោយ​សិក្ខាកាម ភាសា​បារាំង​ទាំងអស់ ព្យាយាម​ខិតខំ​រៀន​បន្តទៀត ពីព្រោះ​មាន​បេសកកម្ម ជាច្រើន បាននិងកំពុង​រង់ចាំ​អ្នក ដែលមាន​មជ្ឈមណ្ឌល​ជាតិ ជា​សក្ខីកម្ម​ស្រាប់ ក្នុងការ​បំពេញបេសកកម្ម រក្សា​សន្តិភាព ក្នុង​ក្រ​ខណ្ឌ​អង្គការ​ស​ប្រជាជាតិ លើទឹក​ដី និយាយ​ភាសា​បារាំង ឬ​ហ្វ្រ​ង់​កូ​ហ្វូ​នី ក្នុង​តំបន់​អាហ្វ្រិក​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular