ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្រសួប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិករបស់និយ័តករទូរគមនាគមន៍កម្ពុជា ជាច្រើនរូប។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍បានឱ្យដឹងថាក្នុងពិធីផ្លាស់ប្តូរតំណែងដែលបានរៀបចំឡើងកាលពីថ្ងៃទី២៦ខែវិច្ឆិកាកន្លងមកនេះលោក ម៉ូវ ចរិយា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារធំៗរបស់និយ័តករទូរគមនាគមន៍កម្ពុជាក្នុងរយៈពេលកន្លងមកនេះ ទាក់ទងនឹងការធ្វើទំនើបកម្មឧបករណ៍សម្ភារៈ ពង្រីកប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និង ICT ការបង្ក្រាបបទល្មើស និងបង្កើនសមត្ថភាពធនធានមនុស្ស ការគាំពារជីវភាពមន្ត្រីរាជការ និយោជិត ដើម្បីធានាបាននូវភាពរឹងមាំនៃស្មារតីសាមគ្គីភាព ជាដើម។
ថ្លែងនាឱកាសនោះដែរ លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជាដែលទើបត្រូវបានតែងតាំងថ្មីជំនួសលោកម៉ូវចរិយាដែលត្រូវបានផ្ទេរទៅកាន់រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍បានឱ្យដឹងថា លោក ប្តេជ្ញាចិត្តនិងបំពេញការងារ ជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិ។
ជាមួយគ្នានេះ លោកក៏បានធ្វើការប្តេជ្ញាចិត្តខ្ពស់ចូលរួមអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយកែទម្រង់ដែលមិនរារែក និងមិនរាថយ និងក៏ដូចជាអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យទូរគមនាគមន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងស្មោះត្រង់។
ដោយឡែក លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗជាច្រើនរបស់លោក ម៉ូវ ចរិយា ដែលសម្រេចបានសម្រាប់វិស័យ និងអង្គភាពក្នុងពេលកន្លងមក។ ទន្ទឹមនឹងគ្នានេះលោករដ្ឋមន្ត្រី បានរំលេចនូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ឱ្យលោក ថោង ចិន្តា នឹងត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងបង្កើនប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម ការគ្រប់គ្រងរបបអាជ្ញាបណ្ណ ការប្រមូលចំណូលពីវិស័យទូរគមនាគមន៍ ជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា សំដៅធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មោះត្រង់ ការការពារអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងស្ថង់ដារគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។
ព្រមជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា បន្តពង្រឹងការគ្រប់គ្រងរដ្ឋបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញមុខងាររបស់ខ្លួន ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពជំនាញតាមរយៈការបណ្តុះបណ្តាលបន្ថែមទៀត៕